backup og meta

តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 26, 2021

    តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​

    ​ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​ រួម​ជាមួយ​នឹង​របប​អាហារ​ត្រឹមត្រូវ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​​យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​សុដន់​មាន​សុខភាព​ល្អ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ស្រី​ៗ​យើង​គប្បី​អនុវត្ត​​​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។

    ១. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់​

    ចំពោះ​ស្រី​ៗ​ដែល​​​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ប្រចាំ​​ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​​សុដន់​ទាប​ជាង​អ្នក​ដែល​អង្គុយ​ស្ងៀម​មួយ​កន្លែង​រហូត​ដល់​២៥%​។​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​​អាច​ការពារ​ជំងឺ​មហារីក​សុដន់​ ដោយ​ការ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ភាព​​ស៊ាំ​ បញ្ចៀស​ការ​ធាត់​ និង​​ជួយ​ឲ្យ​អ័រម៉ូន​Estrogen និង​អាំងស៊ុយលីន​មាន​កម្រិត​ទាប​។

    បន្ថែម​ពី​នេះ​ ការ​ហាត់​ប្រាណ​ក៏​ជួយ​ធ្វើ​ឲ្យ​ម៉ាស់​ឆ្អឹង​រឹងមាំ​ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង  ព្រម​ទាំង​​ការ​​បាក់​ឆ្អឹង។​ ដូច្នេះ​ហើយ​ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​៤ទៅ៥​ដង​ក្នុង​មួយ​សប្ដាហ៍​។

    ២. រក្សា​ជាតិ​ទឹក​ និង​ញ៉ាំអាហារ​​​មាន​តុល្យភាព​

    ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ជា​រៀងរាល់​ថ្ងៃ​ ​មាន​គុណប្រយោជន៍​យ៉ាង​​ច្រើន​ចំពោះ​សុខភាព​របស់​យើង​។​ ផ្កា​ខាត់​ណា​បៃតង​ ស្ពៃ​ក្ដោប​ ឪឡឹក​ និង​ធញ្ញជាតិ​ សុទ្ធ​សឹង​តែ​ជា​អាហារ​ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ស្រី​ៗ​យើង​គប្បី​បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​មាន​នៅ​ក្នុង​សាច់​ត្រី​ សណ្ដែក​សៀង​ និង​គ្រាប់​ល្ពៅ​ជា​ដើម​។​ ចូរ​ជៀសវាងអាហារ​មាន​​ជាតិ​ស្ករ​ និង​ខ្លាញ់​ចម្រាញ់ច្រើន​​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ក៏​ជា​រឿង​ដ៏​សំខាន់​ដូច​គ្នា។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹកឲ្យ​បាន​យ៉ាងតិច​​២​​លីត្រ​ក្នុង​មួយ​ថ្ងៃ​។

    មហារីកសុដន់

    ៣. គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ

    ការ​ផលិត​អ័រម៉ូន​Estrogen ​នៅ​ក្នុង​ជាលិកា​ខ្លាញ់​របស់​ស្រី​ៗ​យើង​ បន្ទាប់​ពី​ការ​អស់​រដូវ គឺ​ជា​កត្តា​ចម្បង​។​ ចំពោះ​ស្ត្រី​​ដែល​ធាត់​ជ្រុល​ ជាលិកា​​ជំងឺ​មហារីក​ដែល​រំញោច​អ័រម៉ូន​Estrogen ​នឹង​​ធ្វើ​ឲ្យ​អ័រម៉ូន ​Estrogen​ កើន​ឡើង​ច្រើន​ជាង​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដែល​កត្តា​នេះ​អាច​ជំរុញ​ការ​លូតលាស់​ និង​ការវិវត្តន៍​របស់​ជំងឺ​មហារីក​សុដន់​។​ ជាក់​ស្ដែង ចំពោះ​អ្នក​ដែល​​ធាត់​ជ្រុល​ មាន​សន្ទស្សន៍​ម៉ាស់​រាងកាយ​ (BMI)​ចាប់​ពី​៣០​ ឬ​ច្រើន​ជាង​នេះ​ ​​មាន​ការ​វិវត្ត​​នៃ​ជំងឺ​មហារីក​សុដន់​ឆាប់​រហ័ស​ជាង​អ្នក​ដែល​មាន​សន្ទស្សន៍​ម៉ាស់​រាងកាយ​ក្រោម​២៥​។

    ៤. ផឹកគ្រឿងស្រវឹងតិច​

    ​ពិត​ណាស់​ ស្ត្រី​ដែល​ផឹក​គ្រឿង​ស្រវឹង​​ច្រើន​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​។​ រី​ឯ​ស្ត្រី​ដែល​ផឹក​គ្រឿង​ស្រវឹង​ចាប់​ពី​៣​កែវ​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក​សុដន់​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​លាប់​​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឡើង​វិញ​។

    ៥. ញ៉ាំ​វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់​​​ ជាពិសេស​វីតាមីន​D​​​

    ​​ជា​ទូ​ទៅ​ ​កម្រិត​វីតាមីន​Dទាប នឹង​បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្តនៃ​ជំងឺ​មហារីក​សុដន់​។ ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន​D គឺ​បាន​មក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ហេតុ​នេះ​ហើយ​ ទើប​អ្នក​ដែល​មិន​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ​​ជា​រៀងរាល់​ថ្ងៃ កើត​មាន​បញ្ហា​​កង្វះ​វីតាមីន​មួយ​ប្រភេទ​នេះ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ជា​ញឹកញាប់​ ចូរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ឲ្យ​បាន​ជាប់​ជានិច្ច​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម