មកដល់បច្ចុប្បន្នមិនទាន់ដឹងមូលហេតុច្បាស់លាស់នាំឲ្យស្ត្រីកើតជំងឺមហារីកសុដន់នៅឡើយទេ គ្រាន់តែដឹងថា ស្រ្តីដែលកើតមហារីកសុដន់មានបម្រែបម្រួលហ្សែន ដែលវិវត្តទៅជាកើតជំងឺមហារីកសុដន់។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងជំងឺឈាម។ លោកក៏បានពន្យល់ពីមហារីកសុដន់តាមដំណាក់កាលដូចខាងក្រោម៖
មហារីកសុដន់ ដំណាក់កាលទីមួយ គឺ ដុំសាច់កោសិកាមហារីកចាប់ផ្ដើមរីករាលដាលហើយទៅកោសិកាខ្លាញ់សុដន់ ឬក៏កូនកណ្ដុរនៅក្បែរៗខាង។ ទោះជាចាប់ផ្ដើមវិវត្ត ប៉ុន្តែដុំមហារីកនៅតែតូច ឬមិនរីកធំនៅឡើយទេ។ ដំណាក់កាលដំបូង ដុំមហារីកមានទំហំតូចណាស់ រហូតដល់យើងមិនអាចកត់សម្គាល់ ឬដឹងអ្វីទាំងអស់ លុះត្រាតែថត (ស្កេន) ឬប្រើតិចនិករកមើលកោសិកាមហារីក ទើបដឹង។
ដំណាក់កាលទី២ ដុំសាច់មហារីកសុដន់ចាប់ផ្ដើមលុកលុយហើយ។ ទំហំដុំសាច់អាចរីកធំជាងមុន ហើយបន្តរាលដាលទៅកូនកណ្ដុរក្បែរៗនោះ។
មហារីកសុដន់ដំណាក់កាលទី៣
មហារីកសុដន់នៅដំណាក់កាលទីបី គឺរីករាលដាល ហើយចូលទៅដល់កូនកណ្ដុរជុំវិញឆ្អឹងកងក ឬទៅក្នុងសុដន់ជ្រៅ។ ដុំមហារីកអាចរីកលូតលាស់ទំហំ ហើយបន្តរីករាលដាលទៅដល់ជញ្ជាំងទ្រូង ឬស្បែក។
មហារីកសុដន់ដំណាក់កាលទី៤
មហារីកសុដន់/ដោះដំណាក់កាលទី៤ ឬដំណាក់កាលចុងក្រោយ ដុំសាច់កាច (ដុំសាច់មហារីក) បន្ត រីករាលដាល ហើយចូលទៅដល់តំបន់ដែលនៅឆ្ងាយៗដូចជា សួត ថ្លើម ឆ្អឹង ខួរក្បាល ឬក៏ទៅដល់កូនកណ្ដុរឆ្ងាយៗដែលជាកន្លែងគ្រោះថ្នាក់ជាងគេ។
អាន៖