backup og meta

ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 26, 2021

    ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ

    គ្នា​យើង​ស្រីៗ​ពិតជា​ធ្លាប់​បាន​ឮ​ពី​ជំងឺ​មហារីក​សុដន់​ហើយ ដែល​ជំងឺ​នេះ​មានការ​អះអាង​ថា​ច្រើន​កើត​លើ​ស្រី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​ស្រ្តី​វ័យ​ក្មេង​ដែរ​។ ការ​ដឹង​ព័ត៌មាន​បាន​ច្រើន​ពី​ជំងឺ​មួយ​នេះ នឹង​អាច​ជួយ​យើង​ដឹង​ថា​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ និង​អាច​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​។

    ទាំង​នេះ​ជា​ចំណុច​ខ្លះ​ៗ​ដែល​ស្រ្តី​យើង​គួរ​ដឹង​ពី​ជំងឺ​មហារីក​សុដន់​។

    ១. ដុំ​លើ​សុដន់​មិន​មែន​សុទ្ធតែ​ជា​ដុំ​សាច់​មហារីក

    ​​​ភាគ​រយ​តិច​តួច​ប៉ុណ្ណោះ​ដែល​ដុំ​នៅ​លើ​សុដន់​អាច​វិវត្ត​ទៅជា​ជំងឺ​មហារីក​។ សម្រាប់​ស្រ្តី​ជា​ច្រើន​ ពេល​ខ្លះ​យើង​បាន​ស្ទាប​ប៉ះ​ដុំ​កោសិកា​សុដន់ តែ​គិត​ថា​ជា​ដុំ​សាច់​អាច​បង្ក​ជា​ជំងឺ​មហារីក តែ​វា​មិន​មែន​នោះ​ទេ​ និង​​ដុំ​ខ្លះ​ទៀត អាច​ជា​ដុំ​គីស​ទឹក។

    ប៉ុន្តែ បើ​សិន​ជា​ស្រី​ៗ​យើង​សង្កេត​ឃើញ​ថា​ដុំ​នៅ​លើ​សុដន់​មាន​ជាប់​មិន​បាត់ ​ឬ​សម្គាល់​ឃើញ​ថា​ជាលិកា​សុដន់​ប្រែ​ប្រួល ចូរ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ពិនិត្យ និង​វិនិច្ឆ័យ​ដឹង​ថា​ដុំ​ទាំង​នោះ​ជា​ដុំ​សាច់​មហារីក ឬ​យ៉ាងណា​។

    ​​២. បុរស​ក៏​អាច​កើត​មហារីក​សុដន់

    ក្នុង​ចំណោម​អ្នក​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ មាន​តិច​ជា​ង​មួយ​ភាគ​រយ​ជា​បុរស​។ ថ្វី​បើ​ចំនួន​នេះ​បង្ហាញ​ថា​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​លើ​បុរស​មាន​តិច តែ​អ្នក​ជំនាញ​ថា​ប្រុសៗ​ក៏​គួរ​ឧស្សាហ៍​ពិនិត្យ​ដោះ​ខ្លួន​ឯ​ង​ផង​ដែរ​។ ប្រុស​យើង​អាច​ពិនិត្យ​ដោះ​របស់​ខ្លួន​ពេល​ងូត​ទឹក ដើម្បី​រក​មើល​ក្រែង​មាន​អ្វី​ប្លែក​នៅ​ជុំវិញ​សុដន់​។

    មហារីក​សុដន់​លើ​បុរស ភាគ​ច្រើន​រក​ឃើញ​ដោយ​សារ​មាន​ដុំ​នៅ​លើ​សុដន់។ ចំណែក​ការ​មាន​ទឹក​ចេញ​តាម​ចុង​សុដន់​ គឺ​ជា​សញ្ញា​ព្រ​មាន​មួយ​សម្រាប់​ប្រុសៗ​អំពី​ជំងឺ​មហារីក​សុដន់​។

    ពិនិត្យសុដន់

    ៣. មហារីក​សុដន់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គ្រួសារ​មាន​អត្រា​ទាប​

    ​​ថ្វី​បើ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់ បាន​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​តាម​ការ​សិក្សា​កន្លង​មក​អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ ហើយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​ដែរ គឺមាន​តែ​ក្នុង​រង្វង់​១០ ទៅ​១៥​ភាគ​រយ​ប៉ុណ្ណោះ​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​ ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់ តែ​មិនមែន​មាន​ន័យ​ថា​យើង​ត្រូវ​កើត​ជំងឺ​នេះ​ទេ។ យ៉ាងណា គ្រូពេទ្យ​បាន​ណែ​នាំ​ថា​បើ​គ្រួសារ​យើង​មាន​ប្រ​វត្តិ​កើត​ជំងឺ​មហារីក​សុដន់ យើង​គួរ​តែ​តាម​ដាន​ជំងឺ​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ គឺ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១០​ឆ្នាំ មុន​វ័យ​ដែល​សមាជិក​គ្រួសារ​ណា​មួយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​។

    មួយ​វិញ​ទៀត បើ​សិន​ជា​ក្នុង​សមាជិក​គ្រួសារ​យើង​មាន​ច្រើន​គ្នា​បាន​កើត​ជំងឺ​មហារីក​ដោះ ពិសេស​កើត​នៅ​វ័យ​ក្រោម​៥០​ឆ្នាំ នោះ​អាច​ថា​បញ្ហា​ហ្សែន​បាន​រួម​ចំណែក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ​នេះ​ដែរ​។

    ៤. ឈឺ​សុដន់ ជា​រឿង​ធម្មតា​មិន​មែន​ជា​សញ្ញា​ជំងឺ​មហារីក

    ​​ការ​ឈឺ​សុដន់​ជា​រោគ​សញ្ញា​ទូទៅ​មួយ​កើត​មាន​លើ​ស្រ្តីភាគ​ច្រើន ប៉ុន្តែ​កម្រ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ណាស់​។ ជាង​៦០​ភាគ​រយ​នៃ​មនុស្ស​ស្រី អាច​នឹង​មាន​ជួប​បញ្ហា​ឈឺ​សុដន់​ក្នុង​ជីវិត​របស់​ខ្លួន​ ដែល​នេះ​ភាគ​ច្រើន​ទាក់ទង​នឹង​ការ​ប្រែ​ប្រួល​អ័រម៉ូន ឬ​ពាក់អាវ​ទ្រនាប់​មិន​ត្រូវ​នឹង​ទំហំ​សុដន់​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ស្រ្តី​ភាគ​ច្រើន​ជួប​បញ្ហា​ឈឺ​សុដន់ ហើយ​មាន​តិច​ជាង​១ភាគរយ រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​។

    ​ដើម្បី​​ដឹង​ទាន់​ពេល និង​អាច​ទទួល​ការ​ព្យាបាល​បាន​លឿន វា​ជា​ការ​សំខាន់​ណាស់​ដែល​ស្រី​ៗ​យើង​ចេះ​សង្កេត​លើ​ការ​ប្រែ​ប្រួល​របស់​សុដន់​។ បើ​យើង​ឃើញ​មាន​អ្វី​ប្លែក​លើ​សុដន់ ឬ​ប្រែ​ប្រួល​ច្រើន យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ពិនិត្យ​តាម​ដាន និង​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម