ជួនកាល អាការៈឈឺពោះវៀនធំក៏អាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលគ្នាយើងគប្បីប្រុងប្រយ័ត្នឲ្យបានដិតដល់។ ពិតណាស់ ដោយសារតែបែបបទនៃការរស់នៅ និងរបបអាហារមិនល្អ យើងអាចនឹងមានអាការៈឈឺពោះជាញឹកញយ។ ដូច្នេះហើយ ការកំណត់ពីរោគសញ្ញាគ្រោះថ្នាក់ ក៏ដូចជាយល់ដឹងពីវិធីសាស្ត្រដោះស្រាយមួយចំនួន ដើម្បីជួយឲ្យពោះវៀនធំមានសុខភាពល្អ ជារឿងចាំបាច់បំផុត។
១. ឈឺពោះ
អាការៈនេះកើតឡើង នៅពេលដែលយើងញ៉ាំអាហារ ឬផឹកភេសជ្ជៈដែលមិនល្អ។ ប៉ុន្តែ ប្រសិនបើយើងឧស្សាហ៍មានអារម្មណ៍ឈឺចាប់នៅផ្នែកខាងក្រោមពោះ យើងអាចនឹងមានជំងឺរលាកពោះវៀន ដូចជាជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ឬជំងឺមហារីកផងដែរ។
២. ទល់លាមក
ជាមួយគ្នានេះដែរ ប្រសិនបើគ្នាយើងតែងតែជួបបញ្ហាទល់លាមក និងមានអារម្មណ៍ឈឺចាប់នៅពេលបន្ទោបង់ វាអាចជាជំងឺdiverticulitis ដែលមានថង់រលាកតូចៗនៅក្នុងពោះវៀនធំ ឬអាចជាជំងឺរលាកពោះវៀន ដែលមានរោគសញ្ញាដូចជារាករូស ហើមពោះ ឈឺចាប់ និងហ្គាស។ នៅពេលខ្លះ របបអាហារត្រឹមត្រូវអាចដោះស្រាយបញ្ហានេះបាន ប៉ុន្តែប្រសិនបើយើងមិនព្យាបាលទេនោះ យូរៗទៅ វាអាចវិវដ្តទៅជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការវះកាត់។
៣. រាករូស
ប្រសិនបើយើងរាករូសជាញឹកញាប់ វាន័យថាពោះវៀនធំរបស់យើងដំណើរការមិនប្រក្រតីឡើយ។ ជាក់ស្ដែង ជំងឺពោះវៀនធំជាច្រើនដែលជាប់ពាក់ព័ន្ធនឹងអាការៈរាករូសមានដូចជាជំងឺរលាកពោះវៀន និងជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ។ ក្នុងករណីដែលអាការៈនេះមានរយៈពេលលើសពី២៤ម៉ោង ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
៤. លាមកមានឈាម
ទន្ទឹមនឹងនេះដែរ ប្រសិនបើលាមកមានឈាម វាអាចជារោគសញ្ញានៃការរលាក ហើយនៅពេលដែលយើងសង្កេតឃើញមានឈាមពណ៌ក្រមៅ ឬស្ទើរតែមានពណ៌ខ្មៅ ឬរាកមានឈាម ចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ពីព្រោះវាអាចជារោគសញ្ញានៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ឬមហារីក។
៥. ហ្គាសពោះវៀន
ហ្គាសច្រើនពេក និងមានក្លិនមិនល្អបញ្ជាក់ថា ពោះវៀនមិនអាចស្រូបយក ឬរំលាយអាហារណាមួយ។ ករណីនេះ អាចបណ្ដាលមកពីខ្វះបាក់តេរីល្អ រលាក ឬការបន្ទោបង់មិនប្រក្រតី ដែលអាចកើតឡើងនៅពេលដែលយើងញ៉ាំអាហារជាក់លាក់មួយចំនួនដូចជាសណ្ដែក ស្ពៃក្ដោប គ្រាប់ធញ្ញជាតិទាំងមូល ឈីស ផ្លែព្រូន ឬផ្លែសារី។ មួយវិញទៀត វាក៏អាចជារោគសញ្ញានៃជំងឺពោះវៀនធំដូចគ្នា។
៦. អស់កម្លាំង
បន្ថែមពីនេះ នៅពេលដែលពោះវៀនដំណើរការមិនប្រក្រតី យើងអាចនឹងខ្វះសារធាតុចិញ្ចឹម ជាតិរ៉ែ និងវីតាមីនចាំបាច់ ដែលធ្វើឲ្យយើងមានអារម្មណ៍ហត់នឿយ និងមានបញ្ហាដំណេក។ ប្រសិនបើគ្នាយើងមានអារម្មណ៍ហត់នឿយ បន្ទាប់ពីធ្វើសកម្មភាពប្រចាំថ្ងៃដូចរាល់ដង វាក៏អាចបណ្ដាលមកពីជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ឬអាចជាជំងឺមហារីកផងដែរ។
[embed-health-tool-bmr]