គ្នាយើងមួយចំនួនប្រហែលជាមានទម្លាប់ញ៉ាំអាហារលឿន ដោយសារតែមានការរវល់ច្រើន ប៉ុន្តែការញ៉ាំអាហារលឿនបែបនេះមិនមានផលល្អចំពោះសុខភាពយើងនោះទេ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលគ្នាយើងគួរប្ដូរទម្លាប់ញ៉ាំអាហារលឿនបែបនេះនេះ។
១. អាហារមិនងាយរំលាយ
បើគ្នាយើងមានទម្លាប់ញ៉ាំអាហារមួយចានចំណាយពេលតែមួយពព្រិចភ្នែក នោះគ្នាយើងក៏ទំនងជាធ្លាប់មានបទពិសោធន៍ដូចជាតឹងពោះ ឬហើមពោះជាដើម។ ពេលយើងញ៉ាំអាហារលឿន យើងទំពាមិនបានហ្មត់ល្អនោះទេ ហើយថែមទាំងបាននាំយកខ្យល់ចូលក្នុងពោះច្រើនទៀតផង ជាលទ្ធផលនាំឲ្យយើងមានខ្យល់ក្នុងពោះ និងហើមពោះ។
ពេលយើងញ៉ាំលឿន អាហារមិនហ្មត់ល្អ ធ្វើឲ្យពិបាករំលាយ នាំឲ្យពោះនៅតឹងយូរទម្រាំអាហារត្រូវរំលាយអស់។ ញ៉ាំអាហារតាមសម្រួល ទំពាឲ្យហ្មត់ល្អ ជួយឲ្យការរំលាយអាហារបានល្អ។
២. ឡើងទម្ងន់
បើនិយាយដល់ឡើងទម្ងន់ស្រីៗឮច្បាស់ជាភ្ញាក់ផ្អើលមិនខាន។ បើអ៊ីចឹង មិនចង់ឲ្យគីឡូឡើងទេ ស្រីៗយើង ឬប្រុសៗក៏ដោយគួរពិនិត្យមើលពីទម្លាប់ទំពាអាហាររបស់យើងហើយ។
ការសិក្សាមួយចំនួនបានរកឃើញថាការញ៉ាំអាហារលឿនៗជាប្រចាំមានឥទ្ធិពលខ្លាំងដល់ការឡើងគីឡូ។ អ្នកជំនាញជឿថាក្រពះរបស់យើងត្រូវការពេលប្រហែល២០នាទីដើម្បីអាចបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាឆ្អែត។ ការទំពាអាហារលឿនធ្វើឲ្យរាងកាយយើងបានកាឡូរីច្រើនជាងតម្រូវការ មុនពេលដែលក្រពះបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាអាហារគ្រប់គ្រាន់។
ការសិក្សាក៏បានរកឃើញដែរថាការញ៉ាំអាហារយឺតៗ ក៏បានបន្ថយកម្រិតអ័រម៉ូនធ្វើឲ្យឃ្លានអាហារឈ្មោះថា ghrelin ថយចុះ ដែលជាលទ្ធផលធ្វើឲ្យមនុស្សយើងញ៉ាំអាហារតិច។ ផ្ទុយមកវិញ បើយើងញ៉ាំអាហារលឿនៗ រាងកាយយើងមិនអាចដាក់សម្ពាធលើអ័រម៉ូន ghrelin បានទេ និងធ្វើឲ្យយើងបន្តញ៉ាំអាហារក្នុងបរិមាណច្រើន។
៣. បញ្ហាសុខភាពរយៈពេលវែង
ការសិក្សាមួយចុះផ្សាយលើព្រឹត្តិបត្រ BMC Public Healthកាលឆ្នាំ២០១៨ ដែលសិក្សាលើមនុស្ស៨០០០ នាក់បានបង្ហាញថាអ្នកញ៉ាំអាហារលឿនៗមានទំនាក់ទំនងទៅនឹងជំងឺលើសឈាម កើនឡើងខ្លាញ់ក្បាលពោះ កូលេស្តេរ៉ូលឡើងខ្ពស់ និងកម្រិតជាតិស្ករឡើងខ្ពស់ដែរ។
ការញ៉ាំអាហារលឿនធ្វើឲ្យខួរក្បាលយើងមិនអាចកំណត់បានជាក់លាក់ពីអ្វីដែលយើងបានញ៉ាំ។ ការណ៍នេះធ្វើឲ្យខួរក្បាលពិបាកកំណត់ថាពេលអាហារបន្ទាប់ត្រូវញ៉ាំកម្រិតណា។ ញ៉ាំអាហារលឿននៅពេលថ្ងៃត្រង់ អាចនាំឲ្យយើងញ៉ាំអាហារច្រើននៅពេលល្ងាច។
ដូចនេះហើយ គ្នាយើងគួរចំណាយពេលញ៉ាំអាហាររង្វង់២០នាទី ដើម្បីឲ្យក្រពះមានពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ជូនសញ្ញា ទៅខួរក្បាលថាអាហារយើងញ៉ាំគ្រប់គ្រាន់។ ការញ៉ាំអាហារលឿនៗធ្វើឲ្យពិបាកបញ្ជូនសញ្ញានេះ ដែលជាហេតុអាចនាំឲ្យយើងញ៉ាំអាហារច្រើនជាងអ្វីដែលក្រពះត្រូវការ។
[embed-health-tool-bmr]