មនុស្សមួយចំនួនតែងប្រឈមនឹងបញ្ហាផ្លាស់ប្ដូរអារម្មណ៍លឿនមែនទែន មួយនាទីសប្បាយ មួយនាទីទៀតទៅជាពិបាកចិត្ត ស្រពោនអារម្មណ៍បានមួយរំពេច។ បើតាមក្បួនពេទ្យជំនាញ ទាំងនេះមិនមែនជាសញ្ញាធម្មតាទេ វាអាចសញ្ញានៃជំងឺផ្លូវចិត្ត។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញផ្នែកវិកលវិទ្យា បានបកស្រាយឲ្យដឹងថា នៅពេលដែលនិយាយទាក់ទងនឹងជំងឺផ្លូវចិត្ត ឬពាក្យបច្ចេកទេសគេហៅថា Mental Disorder វាក៏មានទាក់ទងនឹងអារម្មណ៍ដែរ។“កាលណាដែលបុគ្គលមានបញ្ហាផ្លូវចិត្ត ដាច់ខាតគឺមានអាការៈបែបនេះ ជួនសប្បាយ ជួនយំ ជួយភ័យ ព្រួយអ៊ីហ្នឹង”។
លើសពីនេះ គ្រូពេទ្យឯកទេសវិកលវិទ្យារូបនេះបានពន្យល់ថា ឲ្យតែមានបញ្ហាផ្លូវចិត្ត មិនមែនមានតែការផ្លាស់ប្ដូរអារម្មណ៍ទេ នៅមានចង្កោមសញ្ញាមួយចំនួនដែលរួមផ្សំទៀតដូចជា៖
– គេងមិនលក់
– អស់កម្លាំង ល្វើយៗ
– គិតច្រើន ស្រ្តេស
– វង្វេងវង្វាន់។ ពេលខ្លះ វាអាចធ្វើឲ្យយើងទៅជាឈឺក្រពះ ឈឺក្បាល ឈឺខ្នង ឬឈឺចុកចាប់កន្លែងណាមួយដោយមិនដឹងមូលហេតុ។
កត្តាដែលបណ្ដាលឲ្យមនុស្សសព្វថ្ងៃនេះ ប្រឈមនឹងអាការៈបែបនេះច្រើន គឺអាស្រ័យទៅលើវិបត្តិគ្រួសារ វិបត្តិសេដ្ឋកិច្ច ឬបរាជ័យនៅក្នុងកិច្ចការអ្វីមួយ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានគំនិតមិនល្អ គិតចង់ធ្វើបាបខ្លួនឯង ឬគិតចង់សម្លាប់ខ្លួនក៏ថាបាន។
លោកវេជ្ជបណ្ឌិតបន្តថា បញ្ហាផ្លូវចិត្តមិនអាចប្រសើរឡើងបានដោយឯកឯងទេ ហើយបើមិនទទួលបានការព្យាបាលទេនោះ បញ្ហានេះអាចកាន់តែធ្ងន់ធ្ងរទៅតាមពេលវេលា និងបង្កបញ្ហាធ្ងន់ធ្ងរ។ ដូចនេះហើយ បើគិតថាខ្លួនមានអាការៈដូចដែលបានរៀបរាប់ខាងលើ គួររកអ្នកចែករំលែករឿងរ៉ាវ ឬទៅរកគ្រូពេទ្យជំនាញដើម្បីជួយសម្រួលបញ្ហាឲ្យបានធូរស្បើយ។