ធ្លាប់តែឮពាក្យចាស់ៗថា នៅម្នាក់ឯងប្រយ័ត្នគំនិត នៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្តី ឥលូវនេះការសិក្សាថ្មីមួយបានបង្ហាញពីគុណវិបត្តិមួយ ដែលអ្នកចូលចិត្តរស់នៅម្នាក់ឯងនៅដាច់ឆ្ងាយពីគេគួរយកចិត្តទុកដាក់ បើមិនអ៊ីចឹងទេ អាចជួបផលលំបាកបញ្ហាផ្លូវចិត្ត។
ការសិក្សានៅប្រទេសអង់គ្លេសបានបង្ហាញថា អ្នកដែលចូលចិត្តផ្ដាច់ខ្លួននៅតែឯង ពីមិត្តភ័ក្ដិ ឬមិនសម្រេចចិត្តមានដៃគូស្នេហា ជាពិសេសយុវវ័យអាចប្រឈមនឹងជំងឺផ្លូវចិត្ត រាប់ទាំង អារម្មណ៍ច្រាសច្រាល និងជំងឺធ្លាក់ទឹកចិត្តទៀតផង។
លទ្ធផលនៃការសិក្សាបានបោះផ្សាយនៅលើព្រឹត្តិប័ត្រសុខភាព Plus One នៃប្រទេសអង់គ្លេស។ ទិន្នន័យនៃការសិក្សាបានយកមកពីការស្ទង់មតិចែកចេញជាបីផ្នែក នៅតាមតំបន់ផ្សេងៗនៃចក្រភពអង់គ្លេស ហើយទិន្នន័យទាំងនេះ អ្នកស្រាវជ្រាវបានធ្វើការតាមដានជាប់លាប់រយៈពេលប្រមាណជិត២០ឆ្នាំ។
លោកវេជ្ជបណ្ឌិត Louis Jacob មកពីសាកលវិទ្យាល័យ Versailles Saint-Quentin-en-Yvelines ប្រទេសបារាំង ដែលបានដឹកនាំការស្រាវជ្រាវខាងលើបាននិយាយថា៖ “ក្នុងការសិក្សារបស់យើង កម្រិតបញ្ហាផ្លូវចិត្តមានកម្រិតខ្ពស់ចំពោះអ្នកចូលចិត្តផ្ដាច់ខ្លួននៅម្នាក់ឯង ឬមិនមានដៃគូបើធៀបទៅនឹងអ្នកដែលពុំសូវចំណាយពេលនៅម្នាក់ឯងច្រើន’។
អាន៖ បើស្ត្រេសពេកសាកវិធីដោះស្រាយទាំងនេះ
អ្នកស្រាវជ្រាវបានពិនិត្យទិន្នន័យស្ទង់មតិខាងលើនេះចេញពីចក្រភពអង់គ្លេស ហើយក្នុងនោះរកឃើញថាមានយុវជនប្រមាណទៅ ២ម៉ឺននាក់មានបញ្ហាខាងលើនេះ ដោយរាប់ចាប់ពីឆ្នាំ១៩៩៣ មក។ ផ្អែកតាមទិន្នន័យដដែល នៅអង់គ្លេសពីឆ្នាំ ១៩៩៣ និងឆ្នាំ២០០៧ ចំនួនយុវជនចូលចិត្តនៅម្នាក់ឯងកើនឡើងពី ៨ ទៅ១០ភាគរយ ហើយអត្រានៃជំងឺផ្លូវចិត្តកើនឡើងពី ១៤ ទៅ១៦ភាគរយ។
ជាការណែនាំចំពោះដំណោះស្រាយខាងលើនេះ លោកវេជ្ជបណ្ឌិត Jessy Warner-Cohen អ្នកជំនាញផ្នែកចិត្តសាស្រ្តនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Long Island Jewish នាក្រុងញ៉ូវយកសហរដ្ឋអាមេរិកបានផ្តាំផ្ញើចំពោះយុវជនដែលទម្លាប់នៅដាច់ឆ្ងាយពីគេឯងឲ្យចូលរួមសកម្មភាពដូចជា ចូលរួមក្លិបសិក្សា ឬក្រុមយុវជនណាដែលមានចំណាប់អារម្មណ៍ដូចគ្នាដូចជាក្លិបអានសៀវភៅ ឬក្លិបលេងកីឡាជាដើម ដើរលេងជាមួយសត្វចិញ្ចឹម ឬទៅចម្អិនអាហារជាមួយមិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារជាដើម ដែលទាំងនេះសុទ្ធសឹងតែជាការប្រភពគាំទ្រផ្នែកសង្គមចំពោះស្មារតី និងចិត្តគំនិត។
“ចេញទៅជួបក្រុមណាមួយដែលអ្នកមានចំណូលចិត្តដូចគ្នា វានឹងជួយអ្នកជួបមនុស្សថ្មីៗដែលមានចំណាប់អារម្មណ៍ដូចអ្នក និងជាការចែករំលែកអារម្មណ៍រវាងគ្នានិងគ្នា ហើយវាក៏ជួយជម្រុញទំនាក់ទំនងក្នុងសង្គមផងដែរ’។ នេះបើតាមលោកវេជ្ជបណ្ឌិត Jessy Warner-Cohen បន្ថែម។
អាន៖ ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សម្ពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕