បុរសអតីត ចុងភៅម្ហូបជប៉ុន មកពីរដ្ឋ Los Angeles សហរដ្ឋអាមេរិក ហើយដែលធ្លាប់ធ្លាក់ខ្លួនញៀនថ្នាំនោះ ឥលូវនេះបានក្លាយជា បុរសសង្ហា សុខភាពមាំមួន ហើយក៏ជាអ្នកប្រឹក្សាលើកទឹកចិត្ត ផងនោះ បានបង្ហើបពីហេតុផលចំបងធ្វើឲ្យ លោកប្រែប្រួលបែបនេះ។
លោក Taylor Reichelt ដែលសព្វថ្ងៃមានមុខងារ ជាអ្នកបង្កើតមាតិកា សម្រាប់ក្រុមហ៊ុនផ្សព្វផ្សាយមួយផងនោះ បានរៀបរាប់តាំងពីដំណើរដើមទង ថាដំបូងឡើយ នៅវ័យ២២ឆ្នាំ លោកធ្លាប់ជួបបញ្ហា បាត់បង់ការងារធ្វើ (ចុងភៅ) ដែលជាចំណូលសំខាន់ រហូតបាក់ទឹកចិត្ត ឈានដល់ការប្រើប្រាស់ ម្សៅកូកាអ៊ីន ក៏ដូចជាហេរូអ៊ីនទៀតផង។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ គឺសារជាតិញៀនទាំងនោះ ធ្វើឲ្យលោកលែងខ្លាច រហូតធ្លាប់ចាក់ដៃ និងអារដៃ ធ្វើបាបខ្លួនឯង ក៏មាន។
ដោយឃើញសភាពកូនខ្លួនកាន់តែធ្ងន់ធ្ងរ ម្តាយរបស់លោក បានព្យាយាមនាំលោក ទៅកាន់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនក្នុងទីក្រុងខាងលើ។ នៅទីនោះហើយដែលលោកត្រូវធ្វើតាមវិន័យ ៥ខែរហូតមានជីវិតថ្មី ដូចពេលនេះ។
តាមសម្តីបុរសជនជាតិអាមេរិកនេះ បន្ថែមថា នៅមណ្ឌលបន្សាប ទីនោះ គេបានផ្តាច់លោកឆ្ងាយពីថ្នាំញៀន រហូតលោកអាចគ្រប់គ្រងរាងកាយខ្លួនឯងវិញបាន។ លោកបញ្ជាក់ថា នៅរយៈពេលដ៏តឹងរឹង នៅមណ្ឌល លោកត្រូវ រស់នៅមានអនាម័យ ត្រូវហាត់ប្រាណ ទទួលទានអាហារមានជីវជាតិគ្រប់ ក៏ដូចជា ត្រូវអប់រំផ្លូវចិត្តសឹងរាល់ថ្ងៃទៀតផង ដើម្បីបានជាសះស្បើយ។
ក្នុងវ័យ៣១ឆ្នាំ Taylor និយាយថា៖ “ជីវិតបានចាកផុតពីភាពអួរអាប់ ក៏ដោយសារតែម្តាយរបស់ខ្ញុំ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់’។
ឥឡូវ បុរសដែលធ្លាប់កម្សត់រូបនេះ បានរៀបការជាមួយ នារីស្រស់ស្អាតម្នាក់ ហើយពួកគេរស់នៅជាគ្រួសារដ៏ស្រស់ស្រាយនៅក្បែរសមុទ្រ ហើយលោកតែងតែទៅធ្វើការជាមួយភរិយាលោក ហើយក៏ជួយប្រឹក្សាទៅដល់ អ្នកដែលធ្លាប់ជួបបញ្ហាដូចលោកផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ទំនាក់ទំនងរវាងទុក្ខសោក ទៅជាជំងឺបាក់ទឹកចិត្ត
- បាក់ទឹកចិត្ត
- ជឿអត់ថា ហាត់ប្រាណ ជួយការពារប្រុសៗ ពីជំងឺបាក់ទឹកចិត្ត?
គួររំលឹកដែរថា មនុស្សប្រមាណ ១៩,៧លាននាក់ នៅអាមេរិក បានជួបវិបត្តិដោយសារ សារធាតុញៀនផ្សេងៗ នេះបើតាម ទិន្នន័យពីមជ្ឈមណ្ឌលសារធាតុញៀននៃសហរដ្ឋអាមេរិក ហើយនេះគឺជាបញ្ហាដែលតែងកើតមានក្នុង សង្គមចម្រុះជាតិសាសន៍នេះ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។