ធ្លាប់ចាប់អារម្មណ៍អត់? ពេលខ្លះការងាររវល់ស្ទើរស្លាប់ ប្រឹងនុ៎ះប្រឹង ធ្វើយ៉ាងណានៅតែមិនហើយ គិតមិនចេញ បាត់បង់ការប្រមូលអារម្មណ៍អស់រលីង។ ច្បាស់ណាស់ គ្នាយើងភាគច្រើនធ្លាប់ឆ្លងកាត់អារម្មណ៍នេះមិនខាន ចុះមានដឹងហេតុអីអត់? បើមិនដឹង ចាំ “Hello គ្រូពេទ្យ’ ប្រាប់ហេតុផលខ្លះៗ សុខៗធ្វើឲ្យយើងអស់អារម្មណ៍ធ្វើការភ្លាមៗតែម្តង។
១- ធ្វើការច្រើនពេក
គ្នាយើងខ្លះគិតថា ធ្វើការច្រើនក្នុងពេលតែមួយអាចចំណេញពេលវេលា។ តែការពិត មិនអ៊ីចឹងទេ ធ្វើបែបនេះ រឹតខាតបង់ពេលវេលាទៅវិញ ព្រោះបណ្ដាលឲ្យយើង បែងចែកអារម្មណ៍លើការងារអ្វីមួយមិនស្រេច ជាហេតុនាំឲ្យស្ទះការងារទាំងអស់តែម្តង។
២- គ្រឿងអេឡិចត្រូនិក
សម្លេងរោទ៍ទូរស័ព្ទ ធ្វើការៗ នឹកឃើញលេងហ្វេសប៊ុក ឬអានសារនៅអេឡិចត្រូនិក សុទ្ធជាកត្តាបង្អាក់ការគិត និងបំផ្លាញការផ្ដោតអារម្មណ៍លើការងារយើង។ អ្វីគ្រប់គ្នាតែប្រទះភាគច្រើន គឺកំពុងធ្វើការបណ្តើរ ស្រាប់នឹកឃើញជជែកជាមួយមិត្តភក្តិតាមអ៊ីនធឺណេត ឬអានព័ត៌មានអ្វីមួយ ដែលធ្វើឲ្យការងាររបស់យើងត្រូវទុកចោល។
៣- ខ្វាយខ្វល់រឿងធ្វើការងារអ្វីមួយមិនទាន់រួចរាល់
កុំបារម្ភច្រើនពេក ព្រោះវាអាចធ្វើឲ្យយើងបែកអារម្មណ៍បំពេញការងារ ឬធ្វើការមិនបានល្អ។ វិធីសាស្ត្រដោះស្រាយបញ្ហានេះ ត្រូវសរសេរការងារណាមិនទាន់បញ្ចប់នៅលើក្រដាស បែបនេះជួយយើងផ្ចង់អារម្មណ៍លើការងារបានល្អ។
៤- ឃ្លាន
ពេលខ្លះ ឃ្លានខ្លាំង ឬឃ្លានអ្វីមួយភ្លាមៗ អាចធ្វើឲ្យយើងបាត់បង់ការផ្ដោតអារម្មណ៍ពេលកំពុងធ្វើការដូចគ្នា ហេតុនេះមិនគួរចាប់ផ្ដើមធ្វើការទាំងពោះទទេឡើយ។ ម៉្យាងទៀត គេងមិនគ្រប់ ក៏ធ្វើឲ្យប៉ះពាល់ការងារដែរ។ ដំណោះស្រាយល្អមួយ បើគេងមិនគ្រប់ ៨ម៉ោង នៅកន្លែងធ្វើការយើងគួរលៃលកពេលគេងឲ្យបានមួយស្របក់ ដើម្បីបញ្ចូលថាមពលឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺដ៏សែនគ្រោះថ្នាក់មួយ កើតនៅកន្លែងធ្វើការ ដោយអត់ដឹងខ្លួន
- ជំងឺញៀនការងារ
៥- ខួរក្បាលផ្ទុកការងារច្រើនពេក
ពេលមានការងារត្រូវធ្វើច្រើន ច្បាស់ណាស់ យើងដូចជាពិបាកផ្ចង់អារម្មណ៍ មានអារម្មណ៍ថប់ៗ មិនដឹងធ្វើមួយណា ទុកចោលមួយណា។ ក្នុងស្ថានភាពនេះ បើមិនអាចគ្រប់គ្រងអារម្មណ៍បាន ប្រាកដជាធ្វើឲ្យយើងតានតឹង នាំឲ្យឈឺក្បាលមិនអាចផ្ដោតលើការងារសូម្បីតែមួយមុខ។
៦- អារម្មណ៍ធុញការងារ
ពេលយើងមើលឃើញការងារផ្សេងគួរអោយចាប់អារម្មណ៍ ជាងការងារយើងកំពុងធ្វើបច្ចុប្បន្ន អាចធ្វើឲ្យលែងមានអារម្មណ៍លើការងារបាន។ ដំណោះស្រាយល្អបំផុត គឺត្រូវសម្រាក ផឹកកាហ្វេ ឬ រកអាហារសម្រន់សិន បន្ទាប់មកចាំបន្តការងារទៀត។
បាត់បង់ការផ្ចង់អារម្មណ៍ មិនត្រឹមតែធ្វើឲ្យផលិតផលការងារទទួលបាន មិនល្អប៉ុណ្ណោះទេ និងធ្វើឲ្យយើងកាន់តែធុញទ្រាន់ការងារខ្លួនឯងខ្លាំងមួយកម្រិតទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ ព្យាបាលជូនទេ។