ប្រយ័ត្នផង! បើកើតជំងឺស្រ្តេស មិនព្រមធ្វើការព្យាបាល វាអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួន។ ប៉ុន្តែដំណោះស្រាយល្អកាត់បន្ថយអាការៈស្រ្តេស គឺត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងណែនាំវិធីសាស្ត្រមានប្រសិទ្ធភាព អាចគ្រប់គ្រងទាំងផ្លូវកាយ និងផ្លូវចិត្ត ជួយកាត់បន្ថយស្រ្តេសបាន។
១- ធ្វើចិត្តឲ្យស្ងប់
ជាដំបូង គួរផ្តោតលើផ្លូវចិត្តជាមុន ព្រោះស្រ្តេសជាបញ្ហាផ្លូវចិត្ត ហើយគន្លឹះទាំងនេះ អាចជួយដោះស្រាយបាន៖
– ចំណាយពេលសរសេរបញ្ហាផ្ទាល់ខ្លួន៖ អាចសរសេរពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាយើងកំពុងប្រឈម ដូចជា ការងារ រៀនសូត្រ គ្រួសារ មិត្តភក្តិ ឬស្នេហា។ សរសេរពីបញ្ហាទាំងនោះ និងអារម្មណ៍យើងមានលើបញ្ហា ធ្វើបែបនេះអាចជួយដោះស្រាយស្រ្តេសបាន។
– កុំលាក់អារម្មណ៍តែម្នាក់ឯង៖ ព្យាយាមបង្ហាញបញ្ហាទាំងអស់ចេញមកក្រៅ។ អាចយំ ឬសើចតាមចិត្តអ្នក ក៏អាចនិយាយបញ្ហានេះទៅកាន់នរណាម្នាក់យើងទុកចិត្ត ឬមនុស្សជាទីស្រលាញ់ ព្រោះយើងអាចទទួលបានដំបូន្មានល្អៗ ជួយបង្កើនភាពស្និតស្នាលជាមួយមិត្តភក្តិ ក្រុមគ្រួសារទៀតផង។
– រៀនជំនាញមួយចំនួន៖ គ្រប់គ្រងពេលវេលា ឬដោះស្រាយបញ្ហា គឺសំខាន់ណាស់ដើម្បីគ្រប់គ្រងអាការៈស្រ្តេស។
– ចេះបត់បែនអារម្មណ៍ និងគ្រប់គ្រងស្ថានភាព៖ នៅពេលអាចគ្រប់គ្រងជីវិតខ្លួនឯងបាន យើងនឹងឃើញថា មិនសូវស្រ្តេសដូចពីមុនទេ។
– ធ្វើអ្វីយើងចូលចិត្ត៖ ទោះបីជា ត្រូវខំប្រឹងធ្វើការ តែការសម្រាកយូរៗម្តង ក៏សំខាន់សម្រាប់យើងដូចគ្នា ដោយធ្វើតាមវិធីមួយចំនួនដូចជា៖
- ធ្វើកិច្ចការផ្ទះ ដូចជា សម្អាតផ្ទះ ចម្អិនម្ហូប ឬថែសួន
- សរសេរ គូររូប ឬច្រៀងលេង
- ចូលរួមកម្មវិធីស្ម័គ្រចិត្តណាមួយ
- កុំគិតច្រើនពីរឿងអតីតកាល និងអនាគត ត្រូវរស់នៅជាមួយនឹងបច្ចុប្បន្នភាព
- ធ្វើសមាធិ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកលើកទឹកចិត្តខ្លួនឯង ដើម្បីសម្រេចគោលដៅជីវិត
- អ្នកខ្លាំងផឹកច្រើន ប្រយ័ត្នកើតជំងឺផ្លូវចិត្តម្យ៉ាងដោយមិនដឹងខ្លួន
២- ធ្វើរាងកាយឲ្យស្ងប់
ហាត់ប្រាណ ល្អណាស់សម្រាប់សុខភាពមនុស្សគ្រប់គ្នា។ ពេលស្រ្តេស ហាត់ប្រាណអាចជួយឲ្យរាងកាយស្ងប់ ជួយបង្កើនមេតាបូលីស។បើយើងមិនធ្លាប់ហាត់ពីមុនមកសោះ អាចចាប់ផ្តើមលំហាត់ប្រាណស្រាលៗ ដូចជា ដើរ រួចចាំបង្កើនកម្រិតបន្តិចម្តងៗ។
សកម្មភាពប្រចាំថ្ងៃមួយចំនួន ដូចជា លាងចាន បោកខោអាវ ឬជូតផ្ទះ សុទ្ធតែជាជម្រើសល្អ។ តិចនិកផ្សេងទៀត ដូចជា ហាត់ដកដង្ហើម យ៉ូហ្គា ថៃជិ និងសម្រាកសាច់ដុំ អាចជួយកាត់បន្ថយស្រ្តេសបានដូចគ្នា។ លំហាត់ប្រាណទាំងនេះ ជួយគ្របគ្រងចលនាដង្ហើម បន្ថយចង្វាក់បេះដូង បន្ថយសម្ពាធឈាម ជួយសម្រួលដល់ការស្រូបយកអុកស៊ីហ្សែន ធ្វើឲ្យយើងរួចផុតពីបញ្ហាស្រ្តេសបាន។
គន្លឹះងាយៗខាងលើ ពិតជាអាចជួយកាត់បន្ថយស្រ្តេស។ យ៉ាងណា បើយើងនៅតែមានលេចចេញរោគសញ្ញាស្រ្តេសធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលយកការព្យាបាលឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕