ការងារអីក៏ដោយ ក៏អមជាមួយ “ស្ត្រេស’ មិនដែលខាន ជាពិសេសចំពោះអ្នកធ្វើការតួនាទីដដែលយូរឆ្នាំទៅៗ ឬនៅកន្លែងការងារច្រើនឆ្នាំ។ មានចំណុចខ្លះដែលអាចសម្គាល់ថា ខ្លួនកាន់តែធុញ កាន់តែណាយនឹងការងារ គ្រាន់តែជួនកាលយើងខ្លួនឯង អត់ចាប់អារម្មណ៍។ សាកពិនិត្យមើលប៉ុន្មានចំណុចនេះ នឹងដឹង៖
១- ឧស្សាហ៍ឈឺ
សុខភាពជាចម្បង ជារឿងត្រឹមត្រូវបំផុត ឯការងារដែលយើងស្រលាញ់ពេញចិត្ត ក៏ជារឿងអាទិភាពមួយទៀតដើម្បីសេដ្ឋកិច្ចគ្រួសារ និងចំណូលផ្ទាល់ខ្លួន។ យ៉ាងណាក្ដី បើការងារដែលយើងកំពុងធ្វើ ជះឥទ្ធិពល ឬធ្វើឲ្យសុខភាពយើងដុនដាបដោយសារវា រាប់តាំងពីចុកចង្កេះ បាក់ទឹកចិត្ត ជំងឺបេះដូង ធាត់ខ្លាំង ក៏អាចរាប់ថា យើងនឿយណាយនឹងការងារដែរ។ បើពេលវេលាធ្វើការ ឬការដោះដូរកម្លាំងរបស់យើងកំពុងធ្វើឲ្យសុខភាពកាន់តែពិបាក ប្រាកដហើយថា មានគ្នាយើងមួយចំនួន ពិចារណាថាតើការងារនេះ សមប្ដូរ ការលះបង់ នឹងចំណូល ឬលក្ខខណ្ឌការងារនេះទៀត ឬអត់?
២- ចេះតែស្ត្រេស ផ្ដោតអីមិនល្អ
យោងតាមការសិក្សាថ្មីៗនេះ ស្រ្តេសធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលផ្នែកខាងមុខ (prefrontal cortex) ដែលមានមុខងារប្រតិបត្តិ។ មុខងារប្រតិបត្តិរួមមានការចងចាំ ការសម្រេចចិត្ត និងផ្ដោតអារម្មណ៍ធ្វើអីមួយ។ បើយើងនឿយណាយនឹងការងារ យើងឧស្សាហ៍ធ្វើខុស ចេះតែភ្លេចរឿងសំខាន់ៗ ឆេវឆាវឆាប់ខឹង ឬសម្រេចមិនត្រូវ ជាដើម។
៣- បង្កបញ្ហា ហើយមិនចុះសម្រុងនៅកន្លែងធ្វើការ
ស្ត្រេសធ្វើឲ្យប៉ះពាល់ដល់រឿងគ្រប់យ៉ាងដែលយើងប្រព្រឹត្ត ជាពិសេសទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនតែម្ដង។ ពេលខ្លះ ទោះជាអាចបង្ក្រាបអារម្មណ៍តានតឹងបាននៅកន្លែងធ្វើការក៏ដោយ ក៏ឥទ្ធិពលស្រ្តេសណែនក្បាលនេះ អាចជះឥទ្ធិពលនៅក្រៅកន្លែងធ្វើការ ឬនៅផ្ទះ។ អារម្មណ៍ឆេវឆាវនេះ នឹងបង្កបញ្ហា កាត់ផ្ដាច់ភាពស្និទ្ធស្នាល ឬខូចទំនាក់ទំនងជាមួយមនុស្សល្អៗជុំវិញខ្លួន មិនថាមិត្តភ័ក្ដិ ឬសមាជិកក្នុងគ្រួសារ។
៤- ខ្វល់តែពីការងារ
អាចមកពីសម្ពាធការងារកាន់តែខ្ពស់ ទោះធ្វើអីអត់បានល្អឥតខ្ចោះ ទោះមានប្រកែកខ្លះនៅកន្លែងការងារ ប៉ុន្តែអារម្មណ៍យើងនៅតែដក់ជាប់ ហើយនឹកឃើញតែការងារ ទោះថ្ងៃសម្រាកក៏ដោយ។ ចេះតែគិតថា តិចខ្វះនេះខ្វះនោះទៅ? សូម្បីតែគេង ក៏នឹកឃើញដែរ។ មើលទៅបញ្ជាក់ថា យើងនៅបារម្ភការងារច្រើន តែធាតុពិតនេះជាសញ្ញាធ្ងន់ធ្ងរដែលបញ្ជាក់ថាយើងនឿយណាយនឹងការងារធ្ងន់ដល់កម្រិតហើយ។
៥- ចាប់ផ្ដើមអស់ចិត្ត
ពេលចូលធ្វើការដំបូង សប្បាយរីករាយណាស់ កិច្ចការអីក៏ធ្វើដោយពេញចិត្តដែរ មិនទុកយូរនោះឡើយ។ តែដល់ពេលនឿយណាយ ធុញនឹងការងារហ្នឹងទៅ បាត់អស់ទឹកចិត្តប្រឹងប្រែងនោះ។ យើងនៅតែបំពេញការងារបានដដែល តែមិនមែនដោយស្ទុះស្ទាដូចមុនឡើយ។ ការធុញថប់ ខកបំណង សម្ពាធការងារកាន់តែគរ ឬបើមានឱកាស ចាំតែចេញ ឬចង់សម្រាកមួយរយៈពីការងារ នេះអ្វីដែលកំពុងប្រាប់យើងថា អារម្មណ៍កាន់តែណាយទៅៗ ព្រោះហត់ពេក ទាំងចិត្តទាំងកាយ ហើយចង់សម្រាក។
អត្ថបទពាក់ព័ន្ធ៖
- បើស្ត្រេសខ្លាំងសាកវិធី ទាំងនេះ ប្រហែលជួយបាន
- “ថប់បារម្ភ” ជាជំងឺគួរឲ្យខ្លាច មិនចាញ់ជំងឺ “បាក់ទឹកចិត្ត”
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕