អាប់សែសួត ជាប្រហោងដែលពោរពេញទៅដោយខ្ទុះ។ ភាគច្រើន បញ្ហានេះបណ្ដាលមកពីការឆ្លងបាក់តេរីនៅក្នុងជាលិកាសួត។ ការបង្ករោគអាចបណ្ដាលឲ្យជាលិកាសួតងាប់ ហើយខ្ទុះក៏ចាប់ផ្ដើមប្រមូលផ្ដុំនៅក្នុងប្រហោងនោះ។ ពិតណាស់ អាប់សែសួតពិបាកក្នុងការព្យាបាល ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ប្រសិនបើអាប់សែសួតមានរយៈពេលក្រោម៤ទៅ៦សប្ដាហ៍ វាត្រូវបានចាត់ទុកថាជាអាប់សែសួតស្រួចស្រាល់ ប៉ុន្តែបើលើសពីនេះ អាចជាអាប់សែសួតរ៉ាំរ៉ៃ។
រោគសញ្ញានៃអាប់សែសួត
រោគសញ្ញាដែលគួរឲ្យកត់សម្គាល់បំផុតនៃអាប់សែសួត គឺក្អកស្លេស្ម ឬក្អកមានឈាម ឬដូចខ្ទុះ ព្រមទាំងមានក្លិនមិនល្អ។ រោគសញ្ញាដទៃទៀតរួមមាន៖
- ខ្យល់ដង្ហើមមិនល្អ
- ក្ដៅខ្លួនចាប់ពី៣៨,៣អង្សាសេ ឬលើសពីនេះ
- ឈឺទ្រូង
- ហត់
- បែកញើសខ្លាំងជ្រុល ឬបែកញើសពេលយប់
- ស្រកទម្ងន់
- អស់កម្លាំង