ការប្រើថ្នាំពន្យារកំណើត គឺជាមធ្យោបាយពន្យារកំណើពេញនិយមមួយក្នុងចំណោមវិធីផ្សេងៗទៀត ព្រោះងាយស្រួលក្នុងការប្រើប្រាស់ និងមានតម្លៃសមរម្យ ប៉ុន្តែថ្នាំដូចជាកាំបិតមុខពីរអ៊ីចឹង ដែលផ្តល់ទាំងគុណប្រយោជន៍ និងផលប៉ះពាល់។ ដូច្នេះ ទើបស្រីៗជាច្រើនមានចង្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពន្យារកំណើត។ តើស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតចង់ដឹងអ្វីជាងគេពីថ្នាំពន្យារកំណើត?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានបកស្រាយពីចម្ងល់ទាំង ៥ ដែលស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារតែងចង់ដឹងដូចតទៅ៖
១. ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតអាចទៅទិញថ្នាំពន្យារកំណើតនៅឱសថស្ថានមកលេបដោយខ្លួនឯងបានអត់?
ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាមុនសិន ដើម្បីឱ្យគ្រូពេទ្យដឹងពីប្រវត្តិជំងឺ ប្រវត្តិរដូវ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ និងពិនិត្យសុខភាពដើម្បីធានាថាអាចប្រើថ្នាំពន្យារកំណើតដោយសុវត្ថិភាព។
២. ស្រ្តីស្ថិតក្នុងលក្ខខណ្ឌណាមិនគួរប្រើថ្នាំពន្យារកំណើត?
ស្រ្តីស្ថិតក្នុងលក្ខខណ្ឌ ឬមានជំងឺដូចខាងក្រោមមិនគួរប្រើថ្នាំពន្យារកំណើតទេ ព្រោះអាចបណ្តាលឱ្យគ្រោះថ្នាក់៖
- មានជំងឺកំណកឈាម
- មានជំងឺមហារីកសុដន់ មហារីកស្បូន មាត់ស្បូន ឬទ្វារមាស
- មានជំងឺបេះដូង គាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ឈឺក្បាលប្រកាំង ហើយស្រវាំងភ្នែក
- លើសសម្ពាធឈាមខ្លាំង
- មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
- មានជំងឺថ្លើម
- ជក់បារី និងមានអាយុលើសពី ៣៥ ឆ្នាំ
៣. ក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានផលរំខានអ្វីទេ?
ផលរំខានក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានដូចជា៖
- ឡើងសុដន់ ឬឈឺសុដន់
- ឈឺក្បាលតិចតួច វិលមុខ ឬចង្អោរតិចតួច
- អាចប្រែប្រួលទម្ងន់
- អាចមានអារម្មណ៍ដូចចាញ់កូន
ផលរំខានទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីញុំាថ្នាំពន្យារកំណើតបាន ៣ ឬ ៤ បន្ទះ តែស្រីៗមួយចំនួនអាចមិនមានផលរំខានដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ក្រោយពេលប្រើថ្នាំពន្យារកំណើតហើយមានអាការៈបែបណាគួរទៅជួបគ្រូពេទ្យវិញ?
ក្រោយពីប្រើថ្នាំពន្យារកំណើតហើយ បើមានអាការៈដូចខាងក្រោម យើងត្រូវទៅជួបគ្រូពេទ្យវិញ៖
- ភ្នែក ឬស្បែកឡើងលឿង
- ឈឺពោះផ្នែកខាងក្រោមខ្លាំង
- ឈឺក្បាលខ្លាំង
- ស្រវាំងភ្នែក
- ឈឺទ្រូង និងពិបាកដកដង្ហើម
- ឈឺជើងខ្លាំង
[embed-health-tool-ovulation]
៥. ក្រោយពេលឈប់ប្រើថ្នាំពន្យារកំណើត យូរប៉ុនណាទើបអាចមានកូន?
ជាធម្មតា អូវែនឹងបញ្ចេញមេជីវិតញីជាថ្មីក្នុងអំឡុងពេលពីរបីសប្តាហ៍បន្ទាប់ពីយើងឈប់ប្រើថ្នាំពន្យារកំណើត ហើយបន្ទាប់ពីអូវែបញ្ចេញមេជីវិតញី យើងអាចពពោះបានភ្លាម។
អត្ថបទគួរអាន៖
- ស្រីៗប្រើថ្នាំពន្យារកំណើតយូរឆ្នាំ អាចអត់មានកូន ឬប៉ះពាល់សុខភាពផ្សេងទៀតអត់?
- មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា
- ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!
- ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ ម៉ោង អាចប្រើបានញឹកញាប់ប៉ុនណា?
- មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍
- ផលរំខានផ្សេងៗ នៃមធ្យោបាយពន្យារកំណើតនីមួយៗ