១- ក្នុងរាងកាយរបស់មនុស្សស្រី
តើមេជីវិតញីកើតឡើងដោយរបៀបដូចម្ដេច?
ក្រពេញអូវ៉ែជាសរីរាង្គមានរាងជារង្វង់ចំនួនពីរ ភ្ជាប់ទៅកាន់ស្បូន ដែលកន្លែងអនុញ្ញាតឲ្យស្ត្រីអាចមានផ្ទៃពោះបាន។ ក្នុងសរីរាង្គនេះមានផ្ទុកទៅដោយមេជីវិតញីហើយមេជីវិតញីនេះនឹងរស់នៅជាមួយមនុស្សស្រីពេញមួយជីវិត គិតតាំងពីមុនពេលស្រ្តីយើងកើតមកម្លេះ។ ជាទូទៅក្មេងស្រីកើតមកមានមេជីវិតញីក្នុងខ្លួនប្រហែលជា ១ ទៅ ២លានក្នុងក្រពេញអូវ៉ែរបស់ខ្លួន។
តើមេជីវិតញីវិវិត្ដយ៉ាងដូចម្ដេច?
ក្នុងអំឡុងពេលមនុស្សស្រីយើងចាប់ផ្ដើមមករដូវ ឬក្រោយពេលមករដូវ មានមេជីវិតញី(ស៊ុត)ប្រហែលមួយទៅបីលូតលាស់ពេញវ័យ។ ដំណើរការនៃការបញ្ចេញមេជីវិតញីទុំចេញមកក្រៅ មានឈ្មោះថាការបញ្ចេញពងអូវុល។ វគ្គបញ្ចេញអូវុល គឺច្រើនកើតឡើងក្នុងរយៈពេល ១២ ទៅ ១៤ថ្ងៃមុនពេលស្រីៗយើងចាប់ផ្ដើមមករដូវ។ ទោះយ៉ាងណារយៈពេលនេះអាចខុសគ្នាពីមនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ផ្សេងទៀត។
តើមេជីវិតញីចូលរួមក្នុងការបង្ករកំណើតបានយ៉ាងដូចម្ដេច?
ក្រោយពេលបញ្ចេញពីក្នុងក្រពេញអូវ៉ែមក ស៊ុតដែលទុំគឺអាចបង្ករកំណើតបានក្នុងរយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ។ បើក្នុងអំឡុងពេលនោះ មេជីវិតញីមិនបានជួបបង្ករកំណើតជាមួយមេជីវិតឈ្មោលទេនោះ មេជីវិតញីនឹងធ្វើដំណើរចូលក្នុងស្បូន និងរលាយបាត់ទៅវិញ។ ប៉ុន្តែក្នុងដំណើរនេះ ប្រសិនបើមេជីវិតញីបានជួបជាមួយមេជីវិតឈ្មោលមានសុខភាពល្អ និងមានកម្លាំងខ្លាំងក្នុងអំឡុងពេលកំពុងតែធ្វើដំណើរទៅកាន់ស្បូន នោះអត្រាស្រីៗយើងអាចមានផ្ទៃពោះរគឺកាន់តែខ្ពស់។