ជាទូទៅ គ្នាយើងសុទ្ធតែធ្លាប់ជួបប្រទះបញ្ហាភ្នែកតិចតួច ហើយអាការៈនេះនឹងអាចវិលត្រលប់មករកសភាពល្អប្រសើរវិញ ពេលគេងគ្រប់គ្រាន់។ យ៉ាងណាមិញ សញ្ញាមួយចំនួនកើតឡើងចំពោះភ្នែក ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរដែរ។ ដូច្នេះ យើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់ បើយើងសង្កេតឃើញសញ្ញានៃភ្នែកទាំងនេះ។
១. ចំណុចសៗនៅលើកញ្ចក់ភ្នែក
បញ្ហានេះកើតឡើងជាញឹកញាប់ចំពោះអ្នកដែលពាក់Contact Lenses ហើយវាអាចជាសញ្ញានៃការឆ្លងមេរោគលើកញ្ចក់ភ្នែក។ សូម្បីតែរបួសភ្នែកតិចតួចដែលបណ្ដាលមកពីការពាក់Contact Lenses ក៏អាចបង្កជាការឆ្លងមេរោគ និងដំបៅកញ្ចក់ភ្នែកបានដែរ។ ជាទូទៅ អ្នកដែលពាក់Contact Lenses ហួសកាលបរិច្ឆេទប្រើប្រាស់ ឬប្រើប្រាស់ជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរ ក៏មានហានិភ័យខ្ពស់នៃការឆ្លងមេរោគលើកញ្ចក់ភ្នែកនេះដែរ។
២. ភ្នែកក្រហម
មូលហេតុនៃភ្នែកក្រហមអាចបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ ធ្វើការយូរពេក ឬប៉ះពាល់នឹងខ្យល់ ឬពន្លឺព្រះអាទិត្យ។ ក្នុងករណីដែលយើងកើតមានបញ្ហាភ្នែកក្រហមដោយមិនមានមូលហេតុ វាអាចជាបញ្ជាក់ពីជំងឺផ្សេងៗ ដូចជាជំងឺទឹកដក់បាតភ្នែក កើនឡើងសម្ពាធនៅក្នុងលលាដ៍ក្បាលឡើង និងជំងឺទឹកនោមផ្អែម។
៣. រង្វង់មូលពណ៌សនៅជុំវិញប្រស្រីភ្នែក
ភាគច្រើន វាអាចជាសញ្ញានៃភាពចាស់ ដែលយើងមិនចាំបាច់ព្រួយបារម្ភឡើយ។ ប៉ុន្តែ ប្រសិនបើយើងនៅវ័យក្មេងវិញ រង្វង់មូលពណ៌សនេះអាចបញ្ជាក់ពីកម្រិតកូលេស្តេរ៉ូល និងខ្លាញ់ទ្រីគ្លីសេរីតខ្ពស់ ដែលមានន័យថា យើងកំពុងតែមានហានិភ័យខ្ពស់នៃការកើតជំងឺគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
៤. ភ្នែកស្ងួត
ចំណែកឯបញ្ហាភ្នែកស្ងួតអាចធ្វើឲ្យយើងមានអាការៈរមាស់ភ្នែក និងញីភ្នែកញឹកញាប់ ដែលទង្វើនេះនឹងបំផ្លាញស្បែកនៅជុំវិញភ្នែក បង្កជាស្នាមដក់ក្រោមត្របកភ្នែក និងស្នាមជ្រីវជ្រួញ។ មូលហេតុទូទៅនៃអាការៈរមាស់ភ្នែក គឺបណ្ដាលមកពីអាលែកហ្ស៊ីតាមរដូវកាល។
៥. ផ្នែកពណ៌សនៃភ្នែកប្រែទៅជាពណ៌លឿង
ភាគច្រើន មូលហេតុនៃការប្រែពណ៌នេះ គឺដោយសារតែការថយចុះមុខងារថ្លើម និងថង់ទឹកប្រមាត់។ មួយវិញទៀត វាក៏អាចបង្ហាញពីសញ្ញាចម្បងមួយនៃជំងឺរលាកថ្លើមផងដែរ។
៦. ចំណុចពណ៌លឿងនៅជិតប្រស្រីភ្នែក
ជាមួយគ្នានេះដែរ គ្នាយើងមួយចំនួនសង្កេតឃើញចំណុចពណ៌លឿងនៅលើភ្នែកផ្នែកពណ៌ស ដែលវាជាសញ្ញានៃភាពចាស់ ហើយភាគច្រើនវាកើតលើមនុស្សវ័យចំណាស់។ ការវិវត្តនៃជំងឺនេះ គឺបង្កឡើងដោយកាំរស្មីយូវី ដូច្នេះហើយ អ្នកដែលចំណាយពេលច្រើននៅក្រោមកម្ដៅថ្ងៃ គឺសុទ្ធតែអាចប្រឈមនឹងបញ្ហាមួយនេះ។ លើសពីនេះ វាក៏អាចកើតឡើងដោយសារតែការរលាកជាប្រព័ន្ធ ដែលមានដូចជាខ្យល់ ធូលី និងផ្សែង។
៧. ភ្នែកហើមក្រហម
នេះជាផលវិបាកដែលកើតឡើងដោយសារតែការអស់កម្លាំង និងគេងមិនគ្រប់គ្រាន់។ រោគសញ្ញានេះក៏អាចលេចឡើងលើអ្នកដែលចូលចិត្តប្រើប្រាស់ថ្នាំបន្តក់ភ្នែក ដែលមានWhitening effectរយៈពេលយូរដូចគ្នា។
[embed-health-tool-ovulation]