ភ្នែកឡើងបាយផ្ដល់ផលពិបាកច្រើនយ៉ាង តែអាចការពារបាន
ក្នុងចំណោមបញ្ហាភ្នែកជាច្រើន ភ្នែកឡើងបាយ ក៏អាចផ្ដល់ផលពិបាកច្រើនដល់យើងដែរ បើសិនទទួលការព្យាបាលមិនទាន់ពេល។ ភ្នែកឡើងបាយ កើតនៅលើកែវភ្នែកដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ ប្រែជាស្រអាប់ ឬឡើងពណ៌ស ជាហេតុធ្វើឲ្យគំហើញមានការថយចុះ។ នេះបើតាមការចុះផ្សាយឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត។ ប្រសិនបើភ្នែកកើតជំងឺឡើងបាយនេះ អ្នកជំងឺអាចមានអាការៈ មើលមិនសូវច្បាស់នៅក្នុងម្លប់ ឬពេលរសៀល មើលឃើញបែកផ្សែង ស្រវាំងភ្នែកជាងធម្មតាពេលស្ថិតនៅក្រោមពន្លឺខ្លាំង។ល។ លើសពីនេះ ដូចនឹងជំងឺផ្សេងទៀតដែរ ជំងឺភ្នែកឡើងបាយនេះក៏មានផលពិបាកដល់អ្នកជំងឺ និងវិធីការពារកុំឲ្យកើតជំងឺនេះផងដែរដូចជា៖ ផលពិបាកនៃជំងឺភ្នែកឡើងបាយ ក្នុងករណីមិនបានទទួលបានការព្យាបាលឲ្យត្រឹមត្រូវ ហើយទុកឲ្យបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាច៖ – ងងឹតភ្នែកទាំងស្រុង – រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែកដែលបង្កដោយបាយភ្នែក។ – រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែក ដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក។ តិចនិកការពារជំងឺភ្នែកឡើងបាយ ដើម្បីការពារជំងឺភ្នែកឡើងបាយដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីភាពចាស់គឺ៖ – មិនត្រូវមានប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក – ត្រូវពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្កគ្រោះថ្នាក់ទៅលើភ្នែក – ត្រូវពាក់មូក និងវែនតាការពារកាំរស្មីព្រះអាទិត្យ – មិនត្រូវប្រើប្រាស់ថ្នាំភ្នែកដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ល។ មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ឲ្យដឹងថា កាលណាភ្នែកទាំងគូមានបញ្ហា វាអាចបណ្ដាលឲ្យយើងប្រឈមនឹងការងងឹតភ្នែកបន្តិចម្តងៗ បើមិនយកចិត្តទុកដាក់។ ដូចនេះ ប្រសិនបើភ្នែកមានភាពមិនស្រួល ឬឈឺចាប់នានា គួរទៅពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះបើមានករណីឈឺមែន អាចធ្វើការព្យាបាលបានលឿន។