ឈឺធ្មេញ អ្នកណាក៏ជួបប្រទះក្នុងជីវិតដែរ ប៉ុន្តែបើឈឺចំពេលយប់វិញ ហើយគ្មានថ្នាំនៅផ្ទះទៀត ច្បាស់ជាវីរវរហើយ។ គ្នាយើងធ្លាប់ឆ្លងកាត់បទពិសោធន៍នេះ បានដឹងថាវេទនាប៉ុនណា។ ប៉ុន្តែក៏មានវិធីដោះទ័លខ្លះដែរទាំងវិធីព្យាបាលដោយថ្នាំ ទាំងវិធីព្យាបាលបែបធម្មជាតិ។
ព្យាបាលអាការៈឈឺធ្មេញនៅផ្ទះ ជាធម្មតាអាចពាក់ព័ន្ធនឹងថ្នាំបំបាត់ការឈឺចាប់។ ខណៈខាងក្រោយនេះ ជាវិធីសាស្ត្រខ្លះៗ អាចបន្ធូរបន្ថយការឈឺធ្មេញពេលយប់ ជួយឲ្យយើងអាចគេងលក់យ៉ាងសុខស្រួលបាន។
- ថ្នាំបំបាត់ការឈឺចាប់ដោយមិនចាំបាច់វេជ្ជបញ្ជា៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ពពួក Ibuprofen (Advil, Motrin) ពពួកថ្នាំ Acetaminophen (Tylenol) និងអាស្ពីរីនជាដើម សុទ្ធតែអាចជួយបន្ថយការឈឺចាប់ធ្មេញបានតួចតិចដែរ។ គ្នាយើងក៏អាចប្រើថ្នាំស្ពឹក ជែលស្ពឹកដែលជារឿយៗមានលាយជាតិ Benzocaine ក៏អាចជួយផ្អាកការឈឺចាប់បានមួយសន្ទុះធំ គ្រាប់គ្រាន់ឲ្យយើងគេងលក់បាន។ យ៉ាងណាត្រូវចាំ កុំប្រើផលិតផលណាមានសារធាតុ Benzocaine ទៅលើទារក ឬក្មេងក្រោមអាយុ ២ឆ្នាំឲ្យសោះ។
អាការៈឈឺធ្មេញពេលយប់ ប្រហែលជាទាន់ហន់ពេក ពេលខ្លះយើងមិនមានថ្នាំព្យាបាលទាំងនោះនៅក្នុងផ្ទះ ចេញទៅពេទ្យក៏ពិបាក។ ប៉ុន្តែកុំទាន់បារម្ភ យោងតាមការសិក្សាគួរឲ្យជឿជាក់ជាច្រើន វិធីសាស្ត្របែបធម្មជាតិមួយចំនួន សុទ្ធតែអាចប្រើបំបាត់ការឈឺចាប់បណ្តោះអាសន្ន ដោយក្នុងនោះអ្នកជំនាញណែនាំឲ្យយើងប្រើឱសថធម្មជាតិ អាចមានតាមផ្ទះដូចជា៖
ខ្ទឹមសត្រូវបានគេប្រើប្រាស់ជាឱសថតាំងពីយូរណាស់មកហើយ។ ខ្ទឹមសផ្ទុកសារធាតុ allicin ដែលមាននាទីជាសារធាតុប្រឆាំងបាក់តេរី។ ដើម្បីកាត់បន្ថយការឈឺចាប់ យើងអាចយកខ្ទឹមសមួយកំពឹសមកបំបែក និងលាយជាមួយអំបិលបន្តិច រួចយកទៅបិតនៅធ្មេញដែលឈឺ។
តែជីរអង្កាម
ជីរអង្កាមមានសារធាតុធ្វើឲ្យស្ពឹកដែលអាចបន្ថយការឈឺធ្មេញបាន។ សារធាតុម៉ង់តុល (Menthol) នៅក្នុងជីរអង្កាមគឺជាសារធាតុប្រឆាំងបាក់តេរី។ យើងអាចដាក់ជីរអង្កាមក្រៀមមួយស្លាបព្រាកាហ្វេទៅក្នុងទឹកកំពុងពុះ និងទុកចោល២០នាទី។ ក្រោយពីនេះទុកឲ្យត្រជាក់ និងយកមកខ្ពុរមាត់។ យើងអាចស្ដោះចេញ ឬផឹកក៏បាន។
ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចព្យាបាលការរលាក ឬរបួសតូចៗ និងមនុស្សមួយចំនួនបានប្រើជែលនេះសម្អាត និងបំបាត់ការឈឺចាប់នៅអញ្ចាញធ្មេញ។ ការសិក្សាជាច្រើនក៏បានបង្ហាញថាប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងបាក់តេរីដែលជួយកំចាត់ពពួក germ ធ្វើឲ្យធ្មេញពុក។ ដើម្បីកាត់បន្ថយការឈឺធ្មេញ យើងអាចយកជែលប្រទាលកន្ទុយក្រពើទៅលាបលើកន្លែងដែលឈឺនៅនឹងមាត់ រួចម៉ាស្សាថ្នមៗទៅក្នុងអញ្ចាញធ្មេញ។
វិធីទាំងនេះគ្រាន់តែបន្ថយអាការៈឈឺចាប់រយៈពេលខ្លីប៉ុណ្ណោះ យកល្អគួរទៅជួបទន្តពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។