backup og meta

ទម្លាប់ប៉ុន្មានយ៉ាងនេះ ធ្វើឲ្យធ្មេញ​ខូច​ដោយមិន​ដឹង​ខ្លួន

ទម្លាប់ប៉ុន្មានយ៉ាងនេះ ធ្វើឲ្យធ្មេញ​ខូច​ដោយមិន​ដឹង​ខ្លួន

គ្នា​យើង​​ភាគ​ច្រើន​មិន​សូវ​គិត​អំពី​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ដិតដល់​នោះ​ទេ មាន​គ្នា​យើង​ខ្លះ​តែង​តែ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​តាម​ចិត្ត​ចង់​ដោយ​មិន​បាន​ដឹង​ថា​ទម្លាប់​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​នោះ​ទេ។ ទម្លាប់​និង​សកម្មភាពទាំង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើងមាន​បញ្ហា​បាន។​

១- ទំពារ​ទឹក​កក

ទោះ​បី​ជា​ទឹក​កក​មាន​លក្ខណៈ​ធម្មជាតិ ​និង​គ្មាន​ជាតិ​ស្ករ​ក៏​ដោយ​ តែ​ទឹកកក​​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​របស់​យើង​ធ្ងន់ធ្ងរ​ជាង​របស់​ផ្អែម​ផង​ដែរ។ គ្នា​យើង​ខ្លះ​ចូលចិត្ត​ទំពារ​ទឹក​កក​លេង​ដោយ​មិន​ដឹង​ពី​ការ​ខូចខាត​ដែល​ធ្មេញ​ទទួល​បាន​នោះ​ទេ។ គ្នា​យើង​ដឹងទេថា​ដុំ​ទឹក​កក​គឺ​រឹង​ល្មម​ដែល​អាច​បំបែក​ធ្មេញ​យើង​បាន​ និង​​ថែម​ទាំង​រំខាន​ដល់​ជាលិកា​ទន់​នៅ​ក្នុង​ធ្មេញ​និង​ធ្វើ​ឲ្យ​ឈឺ​ធ្មេញទៀត​ផង​។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន

២- បៅ​ទឹក​ដោះ​គោ​នៅ​ពេល​យប់

ឪពុក​ម្ដាយមួយចំនួន​​ឧស្សាហ៍​បំបៅ​ទឹក​ដោះ​គោ​ឬ​ទឹក​ផ្លែ​ឈើ​ដល់​បេប៊ីមុន​ពេល​ចូល​គេង​ ​ដើម្បី​កុំ​ឲ្យ​បេប៊ី​ឃ្លាន​នៅ​ពេល​យប់​អធ្រាត្រ។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​បំបៅ​កូន​នៅ​ពេល​យប់​បែប​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ខូច​ធ្មេញ​ស្រប​ពេល​ដែល​ធ្មេញ​ទារក​គ្រប​ដណ្ដប់​ទៅ​ដោយ​ជាតិ​ស្ករ​ពេញ​មួយ​យប់។​

អត្ថបទពាក់ព័ន្ធ៖ មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?

៣- ចោះ​ក្រវិល​អណ្ដាត

គ្នា​យើង​ខ្លះ​បាន​ចោះ​ក្រវិល​នៅ​អណ្ដាត​ ដែលថា​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ ​ប៉ុន្តែ​នៅ​ពេល​ដែលយើង​ចៃដន្យ​​ខាំ​ត្រូវ​កង​ដែក​នោះ​​នឹង​ធ្វើ​ឲ្យ​បែក​ធ្មេញបាន​។ ការ​ចោះ​ក្រវិល​មាត់​ក៏​មិន​មាន​សុវត្ថិភាព​ប៉ុន្មាន​ដែរ។ ស្រប​ពេល​ដែល​កង​ដែក​ត្រដុស​ទៅ​នឹង​អញ្ចាញ​គឺ​​អាចធ្វើឲ្យ​មាន​របួស ​និង​ឈាន​ទៅ​រក​ការ​បាត់​បង់​ធ្មេញ​ផង​ដែរ។ ក្នុង​មាត់​របស់​យើង​​គឺ​ជា​ជម្រក​នៃ​បាក់តេរី​រាប់​ពាន់​ហើយចំពោះគ្នា​យើង​ដែល​​ធ្វើ​ការ​ចោះ​ក្រវិល​នេះ​អាច​នឹង​បង្កើត​បរិស្ថាន​ដ៏​ល្អ​មួយ​សម្រាប់​បាក់តេរី​ទាំង​នោះ​រីក​លូត​លាស់។

៤- ការ​សង្កៀត​ធ្មេញ

គ្នា​យើង​មិន​តិច​នាក់ទេ​ដែល​​មាន​ធ្មេញ​សឹក​ដោយ​សារ​ការ​សង្កៀត​ធ្មេញ។ ​ការ​ធ្វើ​បែប​នេះ​ច្រើន​តែ​កើត​ឡើង​ដោយ​សារ​ស្រ្តេស ​និង​អំឡុង​ពេល​គេង​លក់​ហើយ​ទម្លាប់​មួយ​នេះ​ពិបាក​នឹង​កែ​ណាស់។ ប្រសិន​បើ​គ្នា​យើង​​មាន​ទម្លាប់​នេះ​ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ជៀសវាង​អាហារ​រឹង។ ម្យ៉ាង​ទៀត​យើង​​ក៏​អាច​ពាក់​ប្រដាប់​ការពារ​មាត់​ធ្មេញ​ដើម្បី​បង្ការ​ការ​ខូចខាត​ធ្មេញ។

អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍

៥- ស្ករ​គ្រាប់​បំបាត់​ក្អក

ទោះ​បី​ជា​ស្ករ​គ្រាប់​បំបាត់​ក្អក​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំ​ក៏​ដោយ ​ប៉ុន្តែ​ស្ករប្រផេទនេះ​ក៏​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ។ ដើម្បី​បង្កើត​រសជាតិ​នៃ​ថ្នាំ​បាន​ខាង​រោង​ចក្រ​តែងតែ​ស្រោប​ថ្នាំ​ក្អក​នេះ​ជាមួយ​ស្ករ​ដ៏​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​ស្ករ​គ្រាប់​ធម្មតា​ដែរ។ ហេតុ​នេះ​ក្រោយ​បៀម​ស្ករ​គ្រាប់​បំបាត់​ក្អក​កុំ​ភ្លេច​ដុស​សម្អាត​ធ្មេញ​ផង។

អត្ថបទពាក់ព័ន្ធ៖ ចំណុចមិន​គួរ​មើល​រំលង មុន​សម្រេចចិត្ត​ជ្រើសរើសច្រាសដុសធ្មេញមកប្រើ​

៦- ផឹក​ទឹក​សូដា

ទឹក​សូដា​មួយ​កែវ​អាច​មាន​ផ្ទុកជាតិ​ស្ករ​រហូត​ដល់​១១​ស្លាប​ព្រា​កាហ្វេ។ បន្ថែម​ពី​នេះ​ទៀត​ទឹក​សូដា​គឺ​សំបូរ​ទៅ​ដោយ​អាស៊ីដ​ផូស្វរិច​ និង​ស៊ីទ្រិច​ដែល​ទៅ​កម្ទេច​កាចា​ធ្មេញ​របស់​យើង​បាន​។ កុំ​គិត​ថា​យើង​នឹង​​មាន​សុវត្ថិភាព​ទោះ​បី​យើង​ផឹក​ទឹក​សូដា​សម្រក​ទម្ងន់ (Diet soda) ​ក៏​ដោយ។ ទឹក​សូដា​សម្រក​ទម្ងន់ (Diet soda)​ប្រើ​ស្ករ​សិប្បនិម្មិត​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​កម្រិត​ជាតិ​អាស៊ីដ​ខ្ពស់។

អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​​បន្លែ​ផ្លែឈើ​ប៉ុន្មាន​មុខ​នេះ ជួយ​​ឲ្យធ្មេញ​ស​បែប​ធម្មជាតិ

៧- ហែក​កញ្ចប់​អ្វី​មួយ​ដោយ​ប្រើ​ធ្មេញ

វា​ពិត​ជា​ចំណេញ​ពេល​វេលា​ណាស់​ក្នុង​ការ​ប្រើ​ធ្មេញ​ហែក​កញ្ចប់​អ្វី​មួយ។ ប៉ុន្តែ​ការដែល​យើង​​ធ្វើ​បែប​នេះ​គឺ​មិន​បាន​យូរ​អង្វែង​នោះ​ទេ។ ទង្វើ​នៃ​ការ​ហែក​របស់​របរ​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើង​​បាក់បែក។ គួរ​ប្រើ​កន្ត្រៃ​ឬ​ប្រដាប់​គាស់​គម្រប​ដប​ប្រសើរ​ជាង ព្រោះថា​​ធ្មេញ​ដុះ​ចេញ​មក​សម្រាប់​បរិភោគ​អាហារ​មិន​មែន​សម្រាប់​ហែក​ឬ​បើក​របស់របរ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

19 Habits That Wreck Your Teeth. http://www.webmd.com/oral-health/ss/slideshow-teeth-wreckers. Accessed May 10, 2017.

កំណែ​ប្រែបច្ចុប្បន្ន

21/02/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម