backup og meta

គួរដឹង! រោគសញ្ញាមាត់ធ្មេញ អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    គួរដឹង! រោគសញ្ញាមាត់ធ្មេញ អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន

    គ្នា​យើង​ដឹង​អត់​ថា​ សុខភាព​មាត់​ធ្មេញ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ផង​ដែរ។ សូម្បី​តែ​ក្លិន​មាត់​ ពណ៌​អណ្ដាត និង​បញ្ហា​អញ្ចាញ​ធ្មេញ គឺ​សុទ្ធ​តែ​​អាច​ជា​សញ្ញា​ព្រមាន​​សំខាន់​ៗ​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។

    ១. ឈាម​អញ្ចាញ​ធ្មេញ

    ​​បើ​អញ្ចាញ​មាន​ពណ៌​ស្លេកស្លាំង ឬ​ចេញ​ឈាម​ នៅ​ពេល​ដែល​យើង​ដុស​ធ្មេញ នោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​​ទៀត​។ ជាក់​ស្ដែង ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៃ​សាកលវិទ្យាល័យ​Harvard ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​អញ្ចាញ​ធ្មេញ ងាយ​នឹង​ប្រឈម​នឹង​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​ជាង​គ្នា​យើង​ធម្មតា​​ដល់​ទៅ​២ ទៅ​៣​ដង។

    ករណី​នេះ បណ្ដាល​មក​ពី​ការ​រលាក​ដែល​អាច​​នាំ​ឲ្យ​សរសៃ​ឈាម​រឹង និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ម្យ៉ាង​វិញ​ទៀត​ អញ្ចាញ​ធ្មេញ​ហើម​ ឬ​ចេញ​ឈាម​ក៏​អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន​។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំអាហារសម្បូរ​​វីតាមីន​ចម្រុះ និង​ខ្លាញ់​ត្រី​អូមេហ្គា-៣ ដើម្បី​ជួយ​ទ្រទ្រង់​​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. អណ្ដាត​ពណ៌​ស

    ជា​ធម្មតា អណ្ដាត​​ឡើង​​ពណ៌​ស​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ។ ប៉ុន្តែ ជួនកាល ស្ថានភាព​​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ ឬ​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​មហារីក ឬ​បញ្ហា​ស្រាល​ ដូចជា​​ឡើង​ច្រាំង​អណ្ដាត។

    ៣. ដំបៅ​មាត់​

    ទន្ទឹម​នឹង​នេះ​ដែរ ដំបៅ​មាត់​ច្រើន​តែ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ព្រម​ទាំង​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរបី​សប្ដាហ៍ ដែល​អាស្រ័យ​លើ​មូលហេតុ​បង្ក​ជាក់ស្ដែង។ ​បញ្ហា​ស្រាល​មួយ​ចំនួន​ រួម​មាន​ខាំ​ខាង​ក្នុង​ថ្ពាល់​ ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ថ្នាំ​ដុស​ធ្មេញ​ដែល​ផ្ទុក​ជាតិ​​សូដ្យូម​Lauryl sulphate និង​​ការ​ប្រតិកម្មនឹង​អាហារ ។ យ៉ាង​ណា​មិញ ដំបៅ​មាត់​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អ័រម៉ូន​ កង្វះ​វីតាមីន​B ស័ង្កសី និង​ជាតិ​ដែក។ មួយ​វិញ​ទៀត សញ្ញា​នេះ​ក៏​អាច​បណ្តាល​មក​ពី​ជំងឺ​ដៃ ជើង​ និង​មាត់​ ជំងឺCrohn’s disease ឬ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​សារ​តែ​កើត​ជំងឺ​អេដស៍ ឬ​ជំងឺ​Lupus។

    បញ្ហាមាត់ធ្មេញ២

    ៤. ក្លិន​មាត់​មិន​ល្អ

    ក្រៅ​ពី​អនាម័យ​មាត់​ធ្មេញ​មិន​ល្អ ឬ​ញ៉ាំ​អាហារ​ដែល​នាំ​ឲ្យ​មាន​ក្លិន​មាត់​​ បញ្ហា​នេះ​ក៏​អាច​ជា​​សញ្ញា​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​។ ការ​រលាក​ក្នុង​ច្រមុះ ឬ​បំពង់​ក​ក៏​អាច​នាំ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដូច​គ្នា។ បន្ថែម​ពី​នេះ ជំងឺ​មហារីក​មួយ​ចំនួន​ ឬ​ការ​ច្រាល​អាស៊ីដ​ក្រពះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ក្លិន​មាត់​មិន​ល្អ​ដែរ។

    ចំណុចសំខាន់

    គ្រាន់តែ​សង្កេត​មើល​សុខភាព​មាត់​ធ្មេញ ក៏​អាច​ឲ្យ​យើង​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​យើង​បាន​ដែរ។ បញ្ហា​មាត់​ធ្មេញ​មួយ​ចំនួន​ដូចជា​ ឈាម​អញ្ចាញ​ធ្មេញ អណ្តាត​ពណ៌​ស ដំបៅ​មាត់​។ល។ សុទ្ធ​តែ​ជា​សញ្ញា​ព្រមាន​​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម