backup og meta

មករដូវប៉ុន្មានទើបហៅថាច្រើន? កម្រិតណា ឬយូរប៉ុណ្ណាគួរបារម្ភ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 10, 2022

    មករដូវប៉ុន្មានទើបហៅថាច្រើន? កម្រិតណា ឬយូរប៉ុណ្ណាគួរបារម្ភ?

    ការមករដូវរបស់ស្រីៗគឺខុសគ្នាពីម្នាក់ទៅម្នាក់។ អ្នកខ្លះមករដូវតិច នាក់ខ្លះមករដូវធម្មតា ឯអ្នក​ខ្លះ​ទៀត​ក៏មករដូវច្រើន។ តើយើងធ្វើម៉េចដឹង​ថា មករដូវតិច ធម្មតា ឬច្រើន? ហើយមកច្រើន​ប៉ុណ្ណា​ទើប​គួរឱ្យបារម្ភ?

    រយៈពេលមករដូវរបស់ស្រីៗអាចមានចាប់ពី ២-៧ ថ្ងៃ ហើយជាធម្មតាអាចធ្លាក់ឈាមពី ១០-៨០ មីល្លីលីត្រដែលប្រហាក់ប្រហែលនឹង ១-៦ ស្លាប​ព្រាបាយ។ ការមករដូវធម្មតាគឺការធ្លាក់ឈាមពី ៣០-៤០ មីល្លីលីត្រ តែ​បើ​យើងធ្លាក់ឈាមចាប់ពី ៦០-៨០ មីល្លីលីត្រមានន័យថា យើង​មក​រដូវ​ច្រើន​ហើយ។

    ជាធម្មតា សំឡីអនាម័យមួយបន្ទះអាចផ្ទុកឈាមរដូវបាន ៥ មីល្លីលីត្រ អ៊ីចឹងបើយើង​មក​រដូវ​ធម្មតា ក្នុងមួយខែយើងអាចប្រើសំឡីអានាម័យអស់ប្រហែល ៦ បន្ទះ។

    ប្រសិនបើយើងមានអាកាៈដូចខាងក្រោមមានន័យថា យើងមករដូវច្រើន​ហើយ៖

    • មករដូវលើសពី ៨ ថ្ងៃ
    • មករដូវច្រើនដោយត្រូវប្តូរសំឡីអនាម័យរៀងរាល់ម៉ោង ហើយច្រើនម៉ោងជាប់ៗគ្នា
    • ត្រូវប្តូរសំឡីអនាម័យនៅពេលយប់
    • ធ្លាក់កំណកឈាមធំៗ
    • រមួលក្រពើ និងឈឺចាប់ផ្នែកខាងក្រោមពោះ
    • ស្លេកស្លាំង អស់កម្លាំង និងថប់ដង្ហើម

    ការមករដូវច្រើនអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖

    ១. អតុល្យភាពអ័រម៉ូន

    នៅពេលអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនអតុល្យភាព ស្រទាប់ស្បូនរបស់​យើងនឹង​ឡើងកម្រាស់​ក្រាស់​ជាងធម្មតា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ឈាម​រដូវច្រើន។

    អ័រម៉ូនទាំងពីរអាចអតុល្យភាពដោយសារបញ្ហាសុខភាពដូចជា ការមាន​គីស​​ច្រើន​លើក្រពេញអូវែ (PCOS) ភាពធាត់ ភាពធន់នឹងអាំងស៊ុយលីន និងការមានបញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត

    ២. ការមានដុំសាច់ស្លូតក្នុងស្បូន

    ការមានដុំសាច់ស្លូតក្នុងស្បូនដូចជា Polyps, Fibroids, និង Adenomyosis ក៏ធ្វើឱ្យយើងធ្លាក់​ឈាម​រដូវ​ច្រើនដែរ។

    ៣. ការមានដុំសាច់មហារីកក្នុងស្បូន

    ការមានលក្ខខណ្ឌជិតកើតមហារីកស្បូនដូចជា ការមានស្រទាប់ស្បូនក្រាស់​ខុសធម្មតា ឬការ​កើត​មហារីកស្បូន និងមហារីកមាត់ស្បូនជាដើមមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពបន្តពូជទេ ថែម​​ទាំង​បណ្តាលឱ្យយើងធ្លាក់ឈាមរដូវច្រើនទៀតផង។

    មករដូវពណ៌ក្រមៅ

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៤. ឆ្លងជំងឺកាមរោគ

    ការឆ្លងជំងឺកាមរោគ (STIs) ដូចជា ជំងឺទ្រីកូម៉ូណាស ប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងការរលាក​ស្រទាប់​ស្បូនរុំារ៉ៃក៏អាចបណ្តាលឱ្យយើងមានការធ្លាក់ឈាមរដូវច្រើនដែរ។

    ៥. មានជំងឺប្រចាំកាយ

    ការធ្លាក់ឈាមរដូវច្រើនក៏អាចបណ្តាលមកពីជំងឺប្រចាំកាយដូចជាជំងឺ Von Willebrand (ជំងឺ​ហូរ​ឈាម​ខ្លាំងដោយសារខ្វះប្រូតេអ៊ីនក្នុងឈាម) ថ្លើម តម្រងនោម រលាកអាងត្រគាក (PID) មហារីក​ឈាម ឬខ្វះផ្លាកែតក្នុងឈាម។

    ៦. ការប្រើប្រាស់ថ្នាំមួយចំនួន

    ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម អាស្ពីរីន ជំនួយអ័រម៉ូន ព្យាបាល​មហារីក​សុដន់ ឬប្រឆាំងនឹងការរលាកជាដើមក៏អាចបណ្តាលឱ្យយើងធ្លាក់ឈាមរដូវច្រើនដែរ។

    ៧. អូវែមិនបញ្ចេញមេជីវិតញី

    នៅពេលអូវែមិនបញ្ចេញមេជីវិតញី យើងអាចអាក់រដូវ ឬមករដូវមិន​ទៀង​ដែលបណ្តាលឱ្យ​ស្រទាប់​ស្បូន​ឡើងក្រាស់ខុសធម្មតា រួចបង្កឱ្យធ្លាក់​ឈាម​រដូវច្រើន។

    ប្រសិនបើ​យើង​មករដូវច្រើន ហើយមាន​អាការៈណាមួយដូចបានរៀប​រាប់​ខាងលើ យើងគួរទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគស្រ្តី​ដើម្បីរកមូលហេតុបង្ក។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ការមករដូវច្រើនអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖
    • អតុល្យភាពអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនដែលបណ្តាលឱ្យស្រទាប់​ស្បូនឡើងក្រាស់
    • មានដុំសាច់ស្លូតក្នុងស្បូនដូចជា Polyps, Fibroids, និង Adenomyosis
    • មានដុំសាច់មហារីកក្នុងស្បូន ឬនៅមាត់ស្បូន
    • ឆ្លងជំងឺកាមរោគដូចជា ជំងឺទ្រីកូម៉ូណាស ប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងការរលាកស្រទាប់ស្បូនរុំារ៉ៃ
    • មានជំងឺប្រចាំកាយដូចជាជំងឺ Von Willebrand តម្រង​នោម ថ្លើម រលាកអាងត្រគាក មហារីកឈាម ឬខ្វះផ្លាកែតក្នុងឈាម
    • ប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម អាស្ពីរីន ថ្នាំជំនួយ​អ័រម៉ូន ថ្នាំព្យាបាលមហារីកសុដន់ ថ្នាំប្រឆាំងនឹងការរលាកជាដើម
    • អូវែមិនបញ្ចេញមេជីវិតញីដែលធ្វើឱ្យស្រទាប់ស្បូនឡើងក្រាស់ខុសធម្មតា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម