backup og meta

បញ្ចៀសការឆ្លងមេរោគទ្វារមាសនៅរដូវភ្លៀង ជាមួយគន្លឹះថែទាំអនាម័យទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 10, 2023

    បញ្ចៀសការឆ្លងមេរោគទ្វារមាសនៅរដូវភ្លៀង ជាមួយគន្លឹះថែទាំអនាម័យទាំងនេះ

    នៅ​ក្នុង​រដូវ​ភ្លៀង​នេះ សុខភាព​ទ្វារ​មាស​របស់​យើង​​ងាយ​ប្រឈម​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​ដោយ​​សារ​កត្តា​ផ្សេងៗ តួ​យ៉ាង​ដូចជា បញ្ហា​កន្ទួល​រមាស់​ រលាក និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ ក្នុង​ករណី​ដែល​ទ្វារ​មាស​នៅ​សើម​រយៈពេល​យូរ នោះ​កម្រិត​ pH ​នៃ​ទ្វារ​មាស​ក៏​រង​ការ​រំខាន និង​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​លើ​ទ្វារ​មាស។ ដូច្នេះ​ហើយ ដើម្បី​ថែទាំ​អនាម័យ​​ឲ្យ​បាន​ល្អ​អំឡុង​ពេល​រដូវ​ភ្លៀង​នេះ គ្នា​យើង​គួរ​អនុវត្តន៍​គន្លឹះ​បង្ការ​​ដូច​ខាង​ក្រោម​។

    ១. សម្អាត​ទ្វារ​មាស​

    ការ​លាង​សម្អាត​ទ្វារ​មាស​ជា​ប្រចាំ​ជាមួយ​នឹង​ទឹក​អនាម័យ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហ​ៗ​គឺ​ជា​រឿង​ដ៏​ចាំបាច់​មួយ។ មួយ​វិញ​ទៀត យើង​មិន​គួរ​ប្រើ​សាប៊ូ​ដុំ​ ឬ​លូក​ចូល​ជ្រៅ​ទៅ​ក្នុង​ទ្វារ​មាស​ឡើយ ពីព្រោះ​វា​អាច​រំខាន​ដល់​តុល្យភាព ​pH ធម្មជាតិ​នៃ​ទ្វារ​មាស​បាន។

    ២. ពាក់​ខោ​ទ្រនាប់​​ដែល​ធ្វើ​ពី​កប្បាស

    ជាមួយ​គ្នា​នេះ​ ចូរ​ជ្រើសរើស​ប្រភេទ​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ដើម្បី​បញ្ចៀស​បញ្ហា​សំណើម​ច្រើន​ជ្រុល​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ម្យ៉ាង​វិញ​ទៀត យើង​មិន​គួរ​ស្លៀក​សម្លៀក​បំពាក់​ដែល​រឹប​តឹងណែន​ពេក​ឡើយ។

    ៣. ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ​អំឡុង​ពេល​មក​រដូវ

    ការ​ថែទាំ​អនាម័យ​មិន​បាន​ល្អ​អំឡុង​ពេល​មក​រដូវ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ជា​ពិសេស​អំឡុង​ពេល​រដូវ​ភ្លៀង​នេះ​តែ​ម្តង។ ដូច​នេះ ដើម្បី​រក្សា​បរិវេណ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ ស្រីៗ​យើង​គួរ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤ ទៅ​៥​ម៉ោង​ម្តង ព្រម​ទាំង​សម្អាត​បរិវេណ​នោះ​ឲ្យ​បាន​ស្ងួត​ល្អ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​បញ្ចៀស​ការ​​រាលដាល​នៃ​​បាក់តេរី។

    ៤. ផ្លាស់ប្ដូរ​សម្លៀកបំពាក់​សើម​ភ្លាម​ៗ

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ស្លៀក​ខោ​ទ្រនាប់​ ឬ​សំលៀក​បំពាក់​សើម​យូរ​ម៉ោង ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ហេតុ​នេះ​ហើយ ប្រសិនបើ​យើង​ទទឹក​ខ្លួន​ ឬ​បែក​ញើស យើង​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ភ្លាម​ៗ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ។

    ៥. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ

    ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ អាច​ជួយ​ឲ្យ​​សុខភាព​ទ្វារ​មាស​ទាំង​មូល​ប្រសើរ​ឡើង ដោយ​កម្ចាត់​ចោល​នូវ​ជាតិ​ពុល និង​ជួយ​ទ្រទ្រង់​បរិយាកាស​នៃ​ទ្វារ​មាស​ ។

    ឆ្លងមេរោគទ្វារមាស

    ៦. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

    ការ​ញ៉ាំ​របប​អាហារ​សុខភាព ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ គ្រប់គ្រង​ស្រ្តេស និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ផង។

    យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​មិន​ប្រក្រតី ឬ​មិន​ស្រួល​ត្រង់​បរិវេណ​ទ្វារ​មាស​​ជាប់​ជា​ប្រចាំ​ យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ និង​ទទួល​ការ​​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម