១- តើជំងឺមហារីកក្រពេញអូវែជាអ្វី?
ជំងឺមហារីកក្រពេញអូវែនេះកើតចេញមកពីក្រពេញអូវែ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនកើតមហារីកទេ លុះត្រាតែសាច់មហារីករាតត្បាតដល់ក្នុងអាងត្រគាក និងក្នុងពោះហើយទើបរកឃើញ ដែលករណីនេះគឺពិបាកក្នុងការព្យាបាល និងងាយប្រឈមគ្រោះថា្នក់ដល់អាយុជីវិត។
២- តើយើងអាចដឹងថាកើតជំងឺមហារីកនេះបានដោយរបៀបណា?
ជំងឺមហារីកក្រពេញអូវែក្នុងដំណាក់កាលដំបូង ភាគច្រើនមិនសូវចេញរោគសញ្ញាទេ។ ប្រសិនបើមានរោគសញ្ញា ភាគច្រើនអ្នកជំងឺងាយច្រឡំថាជាសញ្ញាដែលមិនគួរឲ្យបារម្ភដូចជាទល់លាមកជាដើម។ សញ្ញាដែលឧស្សាហ៍ជួបញឹកញាប់ជាងគេគឺ៖
- ឆ្អល់ពោះ
- ហើមសាច់នៅម្ដុំពោះ
- ឆាប់ឆ្អែត
- ស្រកទម្ងន់
- ឈឺក្នុងអាងត្រគៀក
- ពោះវៀនដើរមិនស្រួល
- នោមញឹក
ក្នុងករណីមានសញ្ញាដែលបារម្ភថាមានជំងឺមហារីកគួរប្រញាប់ទៅជួបគ្រូពេទ្យ ជាពិសេសក្នុងករណីដែលយើងស្ថិតក្នុងក្រុមគ្រួសារធ្លាប់មានប្រវត្តិមានជំងឺមហារីកក្រពេញអូវែ និងមហារីកសុដន់។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
[embed-health-tool-ovulation]
៣- គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺនេះដូចម្ដេច?
យើងចាំបាច់ត្រូវឲ្យគ្រូពេទ្យពិនិត្យដងខ្លួន និងអាងត្រគាក។ គ្រូពេទ្យក៏ត្រូវធ្វើតេស្ដបែបរូបភាពវេជ្ជសាស្ត្រ បូមឈាមពិនិត្យ និងអាចច្រឹបសាច់ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
៤- វិធីព្យាបាលជំងឺមហារីកក្រពេញអូវែមានអ្វីខ្លះ?
ការព្យាបាលគឺអាស្រ័យទៅតាមដំណាក់កាលនៃមហារីក។ ដោយការព្យាបាលអាចមានជម្រើសតាមកម្រិតដូចជា៖
- ដំណាក់កាលទី១៖ មហារីកមាននៅតែក្រពេញអូវែទាំង២ប៉ុណ្ណោះ
- ដំណាក់កាលទី២៖ សាច់មហារីករាតត្បាតដល់ក្នុងអាងត្រគាក
- ដំណាក់កាលទី៣៖ សាច់មហារីកចូលទៅដល់ក្នុងពោះ
- ដំណាក់កាលទី៤៖ សាច់មហារីករាតត្បាតចេញហួសពីតំបន់ពោះ និងអាងត្រគាក។
ជម្រើសក្នុងការព្យាបាល មានដូចជាការវះកាត់ និងការចាក់ថ្នាំគីមី៖
- គ្រូពេទ្យអាចវះកាត់យកក្រពេញអូវែទាំង២ចេញ ជាមួយនឹងដៃស្បូន ស្បូន និងសាច់មហារីកក្បែរៗនោះ។ បើយើងធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកនេះបានលឿន គ្រូពេទ្យអាចកាត់តែក្រពេញអូវែ ឬដៃស្បូនរបស់ប៉ុណ្ណោះ។ ក្នុងករណីនេះ យើងអាចរៀបការបង្កើតកូនបានធម្មតា។
- ការព្យាបាលចាក់ថ្មាំគីមី គឺចាំបាច់ត្រូវចាក់បន្ទាប់ពីវះកាត់រួច ដើម្បីកម្ចាត់ចោលឲ្យអស់នូវកោសិកាមហារីកដែលនៅសេសសល់។ ថ្នាំគីមីអាចត្រូវប្រើតាមសរសៃ ឬចូលទៅក្នុងពោះផ្ទាល់ ឬទាំង២ប្រភេទតែម្ដង។ ស្ត្រីដែលមានមហារីកដំណាក់កាលចុងក្រោយ អាចត្រូវប្រើថ្នាំគីមីនៅពេលព្យាបាលដំបូង។
៥- របៀបរស់នៅជាមួយជំងឺមហារីក
នៅពេលដែលយើងដឹងថាខ្លួនមានមហារីកក្រពេញអូវែ គឺជាបទពិសោធន៍ដ៏អាក្រក់បំផុតក្នុងឆាកជីវិតរបស់មនុស្សស្រី។ អ្នកជំងឺចាំបាច់ត្រូវពិភាក្សារឿងនេះ ជាមួយអ្នកណាម្នាក់ដែលអាចទុកចិត្ដបាន។ ប្រសិនបើយើងភ័យខ្លាច មិនហ៊ានប្រាប់សមាជិកគ្រួសារ ឬមិត្ដភក្គិបាន យើងគួរព្យាយាមស្វែងរកក្រុមមនុស្ស ឬអ្នកមានជំនាញខាងនេះ ដើម្បីពិគ្រោះបន្ថែម។ អ្នកជំងឺគួរស្ដាប់យោបល់ពីអ្នកក្បែរខ្លួន និងទទួលយកការជួយជ្រោមជ្រែងពីពួកគាត់ ដោយសារជំងឺមហារីក ជាជំងឺដែលយើងពិបាកក្នុងការដោះស្រាយ។ មួយវិញទៀត ត្រូវធ្វើខ្លួនឲ្យរឹងមាំ និងហ៊ានទទួលយកអ្វីដែលកើតឡើងក្នុងថ្ងៃខាងមុខ និងកុំឆាប់ចុះចាញ់។ អ្វីដែលសំខាន់ជាងគេ គឺត្រូវទទួលទានអាហារល្អៗសម្រាប់សុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យកើតស្ត្រេស និងមានកម្លាំងគ្រប់គ្រាន់ទទួលយកការព្យាបាល។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី