ចំណុចខ្មៅៗ ឬពណ៌ស្បែកមិនស៊ីគ្នានៅជុំវិញក មិនមែនកើតឡើងដោយសារកង្វះអនាម័យតែមួយមុខទេ ហើយបញ្ហាកខ្មៅក៏មិនមែនតែងតែអាចព្យាបាលបានតាមតិចនិកងាយៗជាមួយនឹងគ្រឿងផ្សំនៅផ្ទះនោះដែរ។ យ៉ាងណាមិញ ដើម្បីកម្ចាត់កង្វល់មួយនេះ យើងចាំបាច់ត្រូវរកមូលហេតុជាក់លាក់ជាមុនសិន។
មូលហេតុអ្វីខ្លះធ្វើឲ្យកឡើងខ្មៅ?
១. កត្តាហ្សែន
ស្បែកខ្មៅនៅជុំវិញកអាចបណ្ដាលមកពីជំងឺម្យ៉ាងហៅថា Acanthosis Nigricans ដែលអាចកំណត់តំបន់ដែលមានពណ៌ខ្មៅស្រអាប់នៃស្បែក ហើយវាក៏ជាជំងឺតំណពូជ ដែលបន្តពីប៉ាម៉ាក់ទៅកូន ឬជាផ្នែកមួយនៃជំងឺហ្សែន ។
២. ធាត់ជ្រុល
ទន្ទឹមនឹងនេះដែរ ការធាត់ជ្រុល និងខូចក្រពេញអង់ដូគ្រីន ក៏ជាមូលហេតុទូទៅដែលធ្វើឲ្យស្បែកឡើងខ្មៅ ដែលភាគច្រើនកើតមាននៅលើ ក និងក្លៀកផងដែរ។
៣. ភាពស៊ាំនឹងអាំងស៊ុយលីន
កខ្មៅក៏ជាសញ្ញានៃការមានអាំងស៊ុយលីនច្រើនពេកនៅក្នុងឈាមរបស់យើងដូចគ្នា។ ប្រសិនបើគ្នាយើងសង្កេតឃើញរោគសញ្ញាណាមួយ យើងគប្បីធ្វើតេស្តជាតិស្ករក្នុងឈាម និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំងឺទឹកនោមផ្អែម ទើបជាការប្រសើរ។
៤. គីសទឹកនៅក្រពេញអូវែ
មួយវិញទៀត ស្រីៗដែលមានគីសទឹកនៅក្រពេញអូវែ មានកម្រិតអ័រម៉ូន និងអាំងស៊ុយលីនខ្ពស់នៅក្នុងឈាម។ កម្រិតខ្ពស់នៃអាំងស៊ុយលីន អាចបង្កឲ្យមានស្នាមអុជខ្មៅនៅលើកផ្នែកខាងក្រោយ ខាងក្រោមដៃ និងនៅតំបន់ក្រលៀន។
៥. ជំងឺទឹកនោមផ្អែម
បន្ថែមពីនេះ ចំណុចខ្មៅដុំៗនៅលើកផ្នែកខាងក្រោយក៏អាចជាសញ្ញានៃជំងឺបម្រុងទឹកនោមផ្អែមដូចគ្នា។
៦. អាលែកហ្ស៊ីចំពោះទឹកអប់ ឬថ្នាំលាបសក់
ជាងនេះទៅទៀត យើងក៏អាចអាលែកហ្ស៊ីជាមួយនឹងផលិតផលមួយចំនួន ដូច្នេះហើយមុនពេលលាបផលិតផលណាមួយ ចូរធ្វើតេស្តនៅលើស្បែកក្នុងបរិមាណតិចតួចជាមុនសិន និងរង់ចាំរហូតដល់២៤ម៉ោង ដើម្បីធានាថាផលិតផលទាំងនោះមិនបង្កជាអាលែកហ្ស៊ីនឹងស្បែករបស់យើង។
តិចនិកដោះស្រាយបញ្ហា កខ្មៅ
- បន្ថយទម្ងន់ ឬរក្សាទម្ងន់ខ្លួនដែលសមស្រប
- សម្អាតកឲ្យបានស្អាតល្អ
- ជៀសវាងជម្រុះកោសិកាញឹកញាប់ពេក
- ពិនិត្យអំពីកត្តាអ័រម៉ូន
- ប្រើក្រែម/ឡេដែលមានសារធាតុLactic acid
- ជៀសវាងបាញ់ទឹកអប់នៅលើស្បែក
- ជៀសវាងត្រដុសស្បែក
- ត្រូវប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំ។
[embed-health-tool-due-date]