backup og meta

រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 12, 2021

    រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដូចជា​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ការពារ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ និង​សម្បុរ​ស្បែក​មិន​ស្មើ​គ្នា​ផង​ដែរ​។ ពិត​ណាស់​ ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​បាន​ត្រឹមត្រូវ​ អាច​ការពារ​ស្បែក​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តាម​ប្រការ​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ នៅ​ពេល​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​​។

    ប្រការ​គួរ​ធ្វើ​

    ១. ជ្រើសរើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​​មាន​SPF30+

    ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPFខ្ពស់​ មិន​ផ្ដល់​ការ​ការពារ​ល្អ​ខុស​គ្នា​ប៉ុន្មាន​​ឡើយ។ ជាក់​ស្ដែង ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៣០ អាច​រារាំង​កាំរស្មី​UVB​ចំនួន​៩៧​% ខណៈ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៥០​ អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៨% និង​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF១០០អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៩%​។ យ៉ាង​ណា​មិញ​ កម្រិត​SPF៣០​​ជា​ការ​ការពារ​កម្រិត​តិចតួច​​ដែល​ស្បែក​របស់​យើង​ត្រូវការ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ចេញ​​ក្រៅ​រយៈពេល​យូរ​ម៉ោង គួរ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​។

    ២. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ក្រៅ​

    ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​យើង​ត្រូវការ​​រយៈពេល​យ៉ាង​ហោច​ណាស់​៣០​នាទី​ ដើម្បី​ស្រូប​យក​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ និង​ការពារ​ស្បែក​ពី​កាំ​រស្មី​ព្រះអាទិត្យ។​ ដូច្នេះ​ហើយ​ ចូរ​លាប​វា​យ៉ាង​ហោច​ណាស់​៣០​នាទី​មុន​ចេញ​ទៅ​ក្រៅ និង​​លាប​ឲ្យ​​បាន​សព្វ​ល្អ និង​​ក្នុង​បរិមាណ​សម​ល្មម​​។

    ​​​​៣. ជ្រើសរើស​ប្រភេទ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​

    ជា​ទូ​ទៅ ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​២​ប្រភេទ គឺ​ប្រភេទ​Chemical ដែល​មាន​ធាតុ​ផ្សំ​ដូច​ជា​សារធាតុ​Octinoxate និង​Oxybenzone ​និង​ប្រភេទ​Physical ​ដែល​មាន​សារធាតុzinc oxide និង​titanium dioxide។​ ប៉ុន្តែ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រភេទChemical ដូច្នេះ​ហើយ​ យើង​គប្បី​​សាកល្បង​​ផលិតផល​នេះ​នៅ​លើ​ក​ដៃ​ក្នុង​បរិមាណ​តិចតួច ដើម្បី​​ពិនិត្យ​​មើល​ថា​វា​មាន​ប្រតិកម្ម​ឬ​យ៉ាង​ណា​។

    ៤. លាប​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ ទោះ​ក្នុង​អាកាសធាតុ​បែប​ណា​ក៏​ដោយ​​

    ទោះ​ជា​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ភ្លេច​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែរ​ ពីព្រោះ​កាំ​រស្មី​UV អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​គ្រប់​ពេលវេលា​។​ ជាមួយ​គ្នា​នេះ​ដែរ ​សូម្បី​តែ​ពន្លឺ​ពី​អេក្រង់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ក៏​អាច​​​ពន្លឿន​ការវិវត្ត​ទៅ​រក​ភាព​ចាស់​ និង​ស្នាម​ក្រហម​បាន​ដែរ​​​​​។​​​​​​​​​​

    ក្រែមការពារកម្តៅថ្ងៃ២

    ប្រការ​មិន​​គួរ​ធ្វើ

    ១. ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​តែ​នៅ​លើ​មុខ​

    គ្រប់​ផ្នែក​នៃ​ស្បែក​របស់​យើង​គួរ​តែ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​បិទបាំង​។ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​ក៏​គួរ​លាប​វា​នៅ​ត្រចៀក​ ដៃ​ ជើង​ និង​ស្បែក​ ពីព្រោះ​បរិវេណ​ទាំង​នេះ​ងាយ​នឹង​វិវត្តទៅ​រក​ភាព​ជ្រីវជ្រួញ​នៅ​ពេល​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​។ មួយ​វិញ​ទៀត​ ផ្នែក​ទាំង​នេះ​ក៏​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ខ្ពស់​ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។

    ២. ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​តែ​​ម្ដង​ក្នុង​មួយ​ថ្ងៃ​

    ​​​បន្ថែម​ពី​នេះ​ ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​តែ​ម្ដង​​​ក្នុង​មួយ​ថ្ងៃ មិន​អាច​​ការពារ​យើង​​ពេញ​មួយ​ថ្ងៃ​ឡើ​យ​។​ ជា​ធម្មតា វា​នឹង​រលុប​ចេញ​​យ៉ាង​ងាយ​ ដោយ​សារ​តែ​ការ​បែក​ញើស ឬ​ប៉ះពាល់​នឹង​ទឹក​។ ដើម្បី​ធានា​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មាន​ប្រសិទ្ធភាព​ ស្រី​ៗ​យើង​គប្បី​លាប​វា​ជា​រៀងរាល់​២​ម៉ោង​ម្ដង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម