បញ្ហាជ្រុះសក់បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រុសៗគ្នាយើង។ ពិតណាស់ គ្មានអ្នកណាម្នាក់ចង់មើលទៅចាស់ជាងវ័យដោយសារតែក្បាលទំពែក ឬឆកឡើយ។ ជាក់ស្ដែង មានកត្តាមួយចំនួនដែលនៅពីក្រោយការជ្រុះសក់នេះមានដូចជារបបអាហារ ការប្រើប្រាស់ថ្នាំ ស្រ្តេស ជាតិពុល និងហ្សែនជាដើម។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយ និងបញ្ចៀសបញ្ហាជ្រុះសក់ គ្នាយើងគប្បីសាកល្បងវិធីសាស្ត្រខាងក្រោមនេះ។
១. ជៀសវាងការជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ការជក់បារីអាចកាត់បន្ថយបរិមាណឈាមហូរទៅកាន់ស្បែកក្បាល ដែលជាហេតុធ្វើឲ្យសក់របស់យើងដុះតិចជាងមុន។ រីឯការញ៉ាំគ្រឿងស្រវឹង អាចបង្កជាបញ្ហាខ្វះជាតិទឹក ហើយក៏ធ្វើឲ្យឫសសក់របស់យើងស្ងួត និងស្ដើងជាងមុនផងដែរ។
២. ជៀសវាងសិតសក់នៅពេលសក់សើម
ជាមួយគ្នានេះដែរ សរសៃសក់របស់យើងមានសភាពទន់ខ្សោយ នៅពេលសើម។ ដូចនេះ ចូរជៀសវាងសិតសក់នៅពេលសក់សើម។ មួយវិញទៀត ការសិតសក់ញឹកញាប់ពេកក៏អាចបង្ករបួសដល់សរសៃសក់ និងបង្កើនការជ្រុះសក់ដូចគ្នា។
៣. គ្រប់គ្រងស្រ្តេស
ស្រ្តេសក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យប្រុសៗយើងងាយជ្រុះសក់។ ហេតុនេះហើយ យើងគប្បីគ្រប់គ្រងបញ្ហាស្រ្តេសដោយការធ្វើសមាធិ ហាត់យូហ្គា ឬអានសៀវភៅ។
៤. ជៀសវាងផ្លុំ កៀប ឬលាបពណ៌សក់ញឹកញាប់
ការផ្លុំ និងកៀបសក់ញឹកញាប់ អាចធ្វើឲ្យប្រូតេអ៊ីនសក់ចុះខ្សោយ ដែលនាំឲ្យសរសៃសក់ផុយស្រួយ និងងាយជ្រុះ។ ដូចគ្នានេះដែរ បើយើងលាបពណ៌សក់ញឹកញាប់ និងព្យាបាលសក់ដោយប្រើសារធាតុគីមី ក៏អាចធ្វើឲ្យសុខភាពសក់ខ្សោយដែរ។
៥. ការពារស្បែកក្បាលពីបញ្ហាញើស
ប្រុសៗដែលមានសក់ឡើងប្រេង តែងកើតមានអង្គែនៅរដូវក្ដៅ ដោយសារតែកត្តាញើស។ ចូរប្រើសាប៊ូកក់សក់ដែលមិនមានជាតិកាត់ស្រាលល្មម ដែលជួយរក្សាតុល្យភាពនៃកម្រិតpHរបស់ស្បែកក្បាល និងកាត់បន្ថយការជ្រុះសក់។ លើសពីនេះ គ្នាយើងគួរប្រើកន្សែងបង់ក ឬកំណាត់ទ្រាប់ក្បាល នៅពេលពាក់មួកសុវត្ថិភាពអំឡុងពេលរដូវក្ដៅ ពីព្រោះតែញើសអាចកកកុញនៅក្នុងរន្ធញើស ដែលធ្វើឲ្យឫសសក់ចុះខ្សោយ និងជ្រុះសក់។
៦. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
កង្វះជាតិទឹកក៏រួមចំណែកធ្វើឲ្យសក់របស់ប្រុសៗយើងជ្រុះដោយមិនដឹងខ្លួន។ ហេតុនេះ យើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ។
[embed-health-tool-due-date]