ការកក់សក់មិនត្រឹមតែជាការលាងសម្អាតសក់ពីធូលីដី ឬញើសទេ ថែមទាំងថែរក្សាស្បែកក្បាល និងសក់ឱ្យមានសុខភាពល្អទៀតផង ព្រោះសក់ដែលមានសុខភាពល្អ គឺចាប់ផ្តើមពីឫសសក់នៅស្បែកក្បាលមានសុខភាពល្អ។ អ៊ឹចឹងយើងគួរកក់សក់ញឹកញាប់ប៉ុនណាដើម្បីឱ្យសក់ និងស្បែកក្បាលយើងមានសុខភាពល្អ?
១. សក់ត្រង់ ឬសក់ស្តើង
ស្បែកក្បាលរបស់យើងគ្របដណ្តប់ដោយឫសសក់ ដែលឫសសក់នីមួយៗមានក្រពេញខ្លាញ់សម្រាប់ផលិតខ្លាញ់ ដើម្បីផ្តល់សំណើមដល់សក់។
ប្រសិនបើយើងមានសក់ត្រង់ ឬសក់តិច ស្បែកក្បាលមានចន្លោះច្រើនដែលងាយនឹងឡើងប្រេង។ អ៊ឹចឹងសក់របស់យើងក៏ងាយឡើងប្រេងដែរ ដូច្នេះយើងត្រូវកក់សក់ពីរ ឬបីថ្ងៃម្តងដើម្បីការពារស្បែកក្បាល និងសក់កុំឱ្យឡើងប្រេង និងក្អែលដែលបណ្តាលឱ្យឡើងអង្គែ និងជ្រុះសក់។
២. សក់ក្រាស់
ដោយសារសក់ក្រាស់មានឫសសក់ច្រើន ដូច្នេះស្បែកក្បាលយើងមានចន្លោះតិច ដែលមិនងាយនឹងឡើងប្រេង។ ដូច្នេះការកក់សក់ម្តង ឬពីរដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ។
៣. សក់ស្ងួត ឬខូច
សក់ស្ងួតអាចបណ្តាលមកពីការកៀប អ៊ុត ឬលាបសក់ជាដើម។ យើងគួរកក់សក់រៀងរាល់ ៥ ទៅ ៧ ថ្ងៃម្តង ដើម្បីឱ្យស្បែកក្បាលយើងឡើងប្រេងដែលជួយផ្តល់សំណើមដល់សក់។ ការកក់សក់ញឹកញាប់អាចបណ្តាលឱ្យសក់កាន់តែស្ងួត និងកាន់តែខូច។
៤. សក់រួញ
យើងគួរកក់សក់បីថ្ងៃម្តង ឬពីរដងក្នុងមួយសប្តាហ៍ដើម្បីការពារស្បែកក្បាល និងសក់ឡើងក្អែល ឬឡើងប្រេងដែលធ្វើឱ្យឫសសក់ស្ទះ ព្រោះសក់រួញមិនងាយឡើងប្រេងដូចសក់ត្រង់ទេ។
៥. សក់មានជាតិប្រេងច្រើន
សក់យើងអាចមានជាតិប្រេងច្រើនដោយសារក្រពេញខ្លាញ់នៅឫសសក់ផលិតខ្លាញ់ច្រើន ឬដោយសារយើងប្រើផលិតផលលាប ឬតុបតែងសក់មួយចំនួន។ យើងគួរកក់សក់រាល់ថ្ងៃ ដើម្បីការពារស្បែកក្បាល និងសក់ឡើងប្រេងខ្លាំងដែលបណ្តាលឱ្យស្ទះឫសសក់ ឡើងអង្គែ និងជ្រុះសក់។
៦. កើតអង្គែ
អង្គែអាចបណ្តាលមកពីស្បែកក្បាលឡើងប្រេងច្រើន ឬមានមេរោគផ្សិត ដូច្នេះយើងគួរកក់សក់រាល់ថ្ងៃដើម្បីសម្អាតអង្គែ ជាតិប្រេង និងមេរោគផ្សិតជាមួយសាប៊ូកម្ចាត់អង្គែដើម្បីបញ្ឈប់ការឆ្លងមេរោគផ្សិត និងឡើងអង្គែ។
យើងអាចកក់សក់រាល់ថ្ងៃ ប្រសិនបើយើងបែកញើសច្រើនដើម្បីការពារស្បែកក្បាល និងសក់ឡើងក្អែល ឬប្រេង។ យើងក៏ត្រូវកក់សក់ក្រោយពេលហែលទឹកក្នុងអាង ឬទឹកសមុទ្រដែរដើម្បីលាងសម្អាតសារធាតុក្លរីន និងអំបិលចេញពីសក់ និងស្បែកក្បាល។
[embed-health-tool-due-date]