ក្រោយសម្រាលកូនរួច ចាស់ៗតែងតែហាមប្រាមម៉ាក់ៗមិនឲ្យងូតទឹក ឬកក់សក់នោះ ត្រូវរង់ចាំរហូតដល់ ៥ថ្ងៃ ទៅ១អាទិត្យ ខ្លះទៀតរាប់អាទិត្យឯណោះ ខ្លាចក្រែងសរសៃនៅខ្ចី បង្កទៅជាទាស់សរសៃ។ តើទម្លាប់ចាស់បុរាណមួយនេះ ត្រឹមត្រូវតាមក្បូនខ្នាតពេទ្យទេ?
ឆ្លើយនឹងសំណួរថា បន្ទាប់ពីសម្រាលកូនហើយ ពេលណាម៉ាក់ៗអាចងូតទឹក? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា ការងូតទឹកក្រោយសម្រាលអាស្រ័យទៅលើលក្ខខណ្ឌខុសគ្នា រវាងការសម្រាលកូនដោយធម្មជាតិ និងការសម្រាលកូនដោយវះកាត់។
ចំពោះស្ត្រីដែលសម្រាលកូនតាមធម្មជាតិ គ្រូពេទ្យអនុញ្ញាតឲ្យងូតទឹកបានគ្រប់ពេល ឲ្យរាងកាយយើងមានកម្លាំង តែមិនត្រូវងូតទឹក ឬត្រាំក្នុងអាងទឹកនោះទេ ព្រោះងាយនឹងឆ្លងមេរោគ។ ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតបន្តថា “បន្ទាប់ពីសម្រាលកូនហើយ ស្រីៗអស់កម្លាំង ថែមទាំងឈឺចាប់នៅមុខរបួសទៀត អ៊ីចឹងហើយភាគច្រើនទល់តែ១ថ្ងៃអីឯណោះ ទើបគាត់ចាប់ផ្តើមងូតទឹក កក់សក់អីមួយចប់”។

ចំណែកឯស្រីៗដែលសម្រាលកូនដោយវះកាត់វិញ ក៏អាចងូតទឹកបានដែរ តែត្រូវរង់ចាំរហូតដល់ ២៤ ម៉ោងបន្ទាប់ពីដកសុងទឹកនោមចេញ ឬអាចយូរជាងនេះ អាស្រ័យទៅលើស្ថានភាពរបស់ម្តាយ។