ស្រីៗយើងជាច្រើនតែងត្អូញត្អែរពីបញ្ហាសក់ជ្រុះ ដោយអ្នកខ្លះជ្រុះឡើងចង់ទំពែកផ្នែកខ្លះនៃស្បែកក្បាលក៏មាន។ អ៊ឹចឹងហើយ ការថែទាំសរសៃសក់ឲ្យបានត្រឹមត្រូវ ក៏ដូចជារកឲ្យឃើញពីប្រភព ឬដើមចងនៃការជ្រុះសក់ ពិតជាមានសារៈសំខាន់ និងមិនអាចមើលរំលងបានឡើយ។ ខាងក្រោមនេះ ជាមូលហេតុចម្បងដែលធ្វើឲ្យគ្នាយើងជ្រុះសក់។
១. ការប្រើថ្នាំជាក់លាក់
ពិតណាស់ ការប្រើប្រាស់ប្រភេទថ្នាំជាក់លាក់ ក៏អាចបណ្តាលឲ្យយើងជ្រុះសក់ដោយមិនដឹងខ្លួនផងដែរ។ ឧទាហរណ៍ដូចជាថ្នាំពង្រាវឈាម ថ្នាំព្យាបាលមុនដែលសម្បូរទៅដោយវីតាមីនA ឬថ្នាំព្យាបាលជំងឺឈឺសន្លាក់ ការបាក់ទឹកចិត្ត ជំងឺបេះដូង ឬសម្ពាធឈាមខ្ពស់ជាដើម។
២. ទើបសម្រាលកូន
មួយវិញទៀត នៅពេលដែលយើងមានផ្ទៃពោះ អ័រម៉ូនយើងជួយទប់ទល់មិនឲ្យសក់ជ្រុះ ដែលធ្វើឲ្យសក់ដុះក្រាស់ និងភ្លឺរលោងស្អាត។ ប៉ុន្តែ ក្រោយសម្រាលកូនរួចប្រហែលពី៣ ទៅ៦ខែ ស្រីៗយើងអាចជ្រុះសក់ច្រើនជាងធម្មតា នៅពេលដែលអ័រម៉ូនវិលត្រឡប់មករកភាពប្រក្រតីវិញ។
៣. ស្រ្តេស
ជួនកាល បញ្ហាស្រ្តេសខ្លាំង ក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំវាយប្រហារខ្លួនឯង និងគល់សក់ដូចគ្នា។ នៅពេលដែលយើងព្រួយបារម្ភ និងថប់បារម្ភច្រើន អាចបង្អាក់ដល់ការលូតលាស់របស់សក់ ដែលអាចបណ្តាលឲ្យសក់ជ្រុះ នៅពេលសិតសក់។
៤. ប្រើថ្នាំពន្យារកំណើត
ជាទូទៅ ការប្រើថ្នាំពន្យារកំណើតប្រភេទអ័រម៉ូន ដូចជាថ្នាំលេប ថ្នាំចាក់ កងដាក់ក្នុងស្បូន និងកៅអៀកពន្យារកំណើតជាដើម អាចបណ្តាលឲ្យសក់ជ្រុះបាន។ ហេតុនេះហើយ ស្រីៗយើងគួរជ្រើសរើសមធ្យោបាយពន្យារកំណើតដែលមិនមានជាតិអ័រម៉ូនជំនួសវិញ បើមិនចង់ឲ្យសក់ជ្រុះកាន់តែខ្លាំង។

៥. ប្រើម៉ាស៊ីនធ្វើសក់ញឹកញាប់ពេក
ទន្ទឹមនឹងនេះដែរ ការប្រើប្រាស់ម៉ាស៊ីនផ្លំសក់ កៀបសក់ មូរសក់ជារៀងរាល់ថ្ងៃ ក៏អាចធ្វើឲ្យសក់កាន់តែស្ងួតទៅៗ ជាហេតុបណ្តាលឲ្យសក់ផុយស្រួយ និងជ្រុះច្រើន។ បន្ថែមពីនេះ ការលាបថ្នាំសក់ ឬប្រើស្ព្រៃយ៍បាញ់សក់ក៏ជះឥទ្ធិពលមិនល្អដល់សសៃសក់ដូចគ្នា។
ចំណុចសំខាន់
ស្រីៗយើងជាច្រើនតែងត្អូញត្អែរពីបញ្ហាសក់ជ្រុះ ដោយអ្នកខ្លះជ្រុះឡើងចង់ទំពែកផ្នែកខ្លះនៃស្បែកក្បាលក៏មាន។ អ៊ឹចឹងហើយ ការថែទាំសរសៃសក់ឲ្យបានត្រឹមត្រូវ ក៏ដូចជារកឲ្យឃើញពីប្រភព ឬដើមចងនៃការជ្រុះសក់ ពិតជាមានសារៈសំខាន់ និងមិនអាចមើលរំលងបានឡើយ។ ខាងក្រោមនេះ ជាមូលហេតុចម្បងដែលធ្វើឲ្យគ្នាយើងជ្រុះសក់ ដែលរួមមាន៖
- ការប្រើថ្នាំជាក់លាក់
- ទើបសម្រាលកូន
- ស្រ្តេស
- ប្រើថ្នាំពន្យារកំណើត
- ប្រើម៉ាស៊ីនធ្វើសក់ញឹកញាប់។