ភ្នែកគឺជាបរិវេណដំបូងនៅលើផ្ទៃមុខ ដែលបង្ហាញសញ្ញានៃស្នាមជ្រីវជ្រួញមុនគេ ពីព្រោះតែស្បែកត្រង់បរិវេណភ្នែកមានសភាពស្ដើងជាងគេបំផុតនៃរាងកាយ។ ហេតុនេះហើយយើងចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំ និងការពារកុំឲ្យកើតមានស្នាមជ្រីវជ្រួញ និងស្នាមដក់លេចឡើងនៅបរិវេណនេះ។ ដើម្បីជៀសឆ្ងាយពីស្នាមជ្រីវជ្រួញក្រោមភ្នែក ស្រីៗយើងអាចសាកល្បងតិចនិកងាយៗខាងក្រោមនេះ។
១. ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃជាប្រចាំ
ពិតណាស់ ក្រែមការពារកម្ដៅថ្ងៃគឺជាផលិតផលថែរក្សាសម្រស់ដែលមិនអាចខ្វះបានឡើយ។ បន្ថែមពីនេះ គ្នាយើងអាចប្រើវ៉ែនតាការពារកម្ដៅថ្ងៃ ដើម្បីការពារស្បែកពីការបំផ្លាញដោយកម្ដៅថ្ងៃ ពីព្រោះវាជាកត្តាចម្បងដែលធ្វើឲ្យលេចឡើងស្នាមជ្រីវជ្រួញនៅបរិវេណក្រោមភ្នែក។
២. ជ្រើសរើសផលិតផលត្រឹមត្រូវសម្រាប់បរិវេណភ្នែក
ដើម្បីដោះស្រាយបញ្ហានៅបរិវេណនេះ យើងគប្បីជ្រើសរើសផលិតផលដែលសមស្រប។ ពេលខ្លះ ក្រែមផ្ដល់សំណើមលើផ្ទៃមុខមានសភាពក្រាស់ពេក មិនអាចជ្រាបចូលសព្វនៅបរិវេណភ្នែកបានទេ ដូច្នេះហើយ គ្នាយើងគប្បីជ្រើសរើសផលិតផលជាក់លាក់ ដូចជាបន្ថែមផលិតផលដែលមានជាតិកាហ្វេអ៊ីនដើម្បីព្យាបាលស្នាមដក់ និងស្នាមខ្មៅក្រោមភ្នែក ព្រមទាំងប្រើប្រាស់សារធាតុRetinol នៅពេលយប់ ដើម្បីប្រឆាំងនឹងស្នាមជ្រីវជ្រួញ ព្រមទាំងជំរុញការផលិតខូឡាជែន។
៣. គេងឲ្យបានគ្រប់គ្រាន់
ជាមួយគ្នានេះដែរ យើងគប្បីគេងឲ្យបានគ្រប់គ្រាន់ និងគេងផ្ងារទើបជាការប្រសើរ។ ជាងនេះទៅទៀត ចូរលាងសម្អាតគ្រឿងសម្អាតចេញមុនពេលចូលគេង។
៤. បន្ថែមសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
ទន្ទឹមនឹងនេះដែរ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មអាចការពារការបំផ្លាញDNAបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះហើយវាក៏អាចពន្យារភាពចាស់របស់យើងបានដូចគ្នា។
៥. បិទម៉ាសភ្នែក
រាល់ម៉ាសទាំងអស់ត្រូវបានរចនាឡើងដើម្បីថែបំប៉ន និងជួសជុលស្បែកឲ្យមានសភាពល្អឡើងវិញ ពិសេសជាងនេះទៅទៀត វាក៏មានសមត្ថភាពក្នុងការកម្ចាត់ស្នាមដក់ ស្នាមជ្រីវជ្រួញ និងធ្វើឲ្យស្បែកក្រោមភ្នែកភ្លឺថ្លាបានយ៉ាងស័ក្តិសិទ្ធិផងដែរ។
៦. របបអាហារល្អៗ
ការញ៉ាំទឹកឲ្យបានច្រើន អាចជួយឲ្យប្រព័ន្ធរាងកាយរបស់យើងមានសំណើម និងសុខភាពល្អ។ ការជ្រើសរើសរបបអាហារត្រឹមត្រូវ និងមានតុល្យភាពក៏ជារឿងដែលសំខាន់ផងដែរ។ យើងគប្បីញ៉ាំពពួកអាហារដែលផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដូចជាប៊ឺរី គ្រាប់ធញ្ញជាតិ និងបន្លែស្លឹកបៃតង ដើម្បីជួយទ្រទ្រង់សុខភាពស្បែក។ លើសពីនេះ ស្រីៗយើងគប្បីញ៉ាំអាហារដែលសំបូរទៅដោយជាតិអូមេហ្គាដូចជាត្រីសាម៉ុន ឬផ្លែប័រដើម្បីជួយទ្រទ្រង់រនាំងការពារស្បែក។
[embed-health-tool-due-date]