នៅពេលដែលយើងពាក់សំលៀកបំពាក់ស្ដើងៗ គ្នាយើងមួយចំនួនអាចនឹងសង្កេតឃើញស្នាមអុជតូចៗលេចឡើងនៅលើដៃ និងភ្លៅ។ ទោះបីជាវាមិនបង្កផលប៉ះពាល់ និងមិនឆ្លងក៏ពិតមែន ប៉ុន្តែវាអាចរំខានដល់អារម្មណ៍របស់យើង ហើយប្រសិនបើមិនមានការព្យាបាលទេនោះ ស្នាមអុជតូចៗនេះអាចនឹងកាន់តែធ្ងន់ធ្ងរជាងមុនជាក់ជាមិនខាន។ សកម្មភាពប្រចាំថ្ងៃខាងក្រោមនេះអាចបណ្ដាលឲ្យមានបញ្ហាស្នាមអុជតូចៗកើតឡើង។ តើយើងគួរដោះស្រាយបែបណា?
១. ញ៉ាំខ្លាញ់មិនគ្រប់គ្រាន់
ក្នុងករណីដែលគ្នាយើងចង់សម្រកទម្ងន់ ជំហានដំបូងគឺកាត់បន្ថយខ្លាញ់នៅក្នុងរបបអាហារ។ ប៉ុន្តែជាក់ស្ដែង ការបំបាត់ខ្លាញ់សុខភាពអាចធ្វើឲ្យយើងឡើងទម្ងន់ ក៏ដូចជាធ្វើឲ្យស្ថានភាពស្បែករបស់យើងកាន់តែយ៉ាប់យ៉ឺនទ្វេដង។ នៅពេលដែលរាងកាយមិនទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦គ្រប់គ្រាន់ទេនោះ វាក៏បង្កការរលាកស្បែក និងឡើងស្នាមអុជតូចៗនៅលើស្បែក។
ដំណោះស្រាយ៖ ព្យាយាមញ៉ាំអាហារដែលសម្បូរទៅដោយអាស៊ីដខ្លាញ់ឲ្យបានច្រើន ដូចជាត្រីសាល់ម៉ុន សណ្ដែកសៀង ផ្លែបឺរ គ្រាប់ជី ឬសូកូឡាពណ៌ខ្មៅ។
២. ប្រើប្រាស់ស្ក្រាប់ដុសខ្លួនមានជាតិកាត់ខ្លាំង
ខណៈពេលដែលការជម្រុះកោសិកាចាស់ៗជារៀងរាល់ថ្ងៃ អាចជួយឲ្យស្នាមអុជតូចៗលើស្បែកមានភាពទន់រលោងក៏ពិតមែន ប៉ុន្តែការប្រើប្រាស់ស្រ្កាប់ដែលមានជាតិកាត់ខ្លាំង អាចធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនទ្វេដង។ ជាក់ស្ដែង គ្រាប់ល្អិតតូចៗនៅក្នុងស្រា្កប់អាចធ្វើឲ្យរលាកស្បែក និងបង្កឲ្យស្បែករមាស់ ឬរបកស្បែក។
ដំណោះស្រាយ៖ ជាជាងការប្រើប្រាស់ស្ក្រាប់ដែលមានគ្រាប់ល្អិតធំៗ ចូរសាកល្បងធ្វើការម៉ាស្សាស្បែកថ្នមៗជាមួយនឹងអេប៉ុងដុសខ្លួន។
៣. ងូតទឹកក្ដៅពេក
ទោះបីជាការងូតទឹកក្ដៅមិនបណ្ដាលឲ្យមានស្នាមអុជតូចៗលើស្បែកក៏ពិតមែន ប៉ុន្តែប្រសិនបើយើងងូតទឹកក្ដៅរយៈពេលយូរពេក វាអាចធ្វើឲ្យស្ថានភាពស្បែករបស់យើងកាន់តែអាក្រក់។ ការងូតទឹកក្ដៅរយៈពេលយូរ អាចបំផ្លាញខ្លាញ់ធម្មជាតិពីស្បែក ដោយធ្វើឲ្យស្បែកស្ងួត និងក្រហាយ។
ដំណោះស្រាយ៖ ងូតទឹកក្ដៅឧណ្ហៗរយៈពេលខ្លី និងជូតសម្អាតស្បែកថ្នមៗ ដើម្បីបញ្ចៀសការរលាក។
៤. ញ៉ាំអាហារធ្វើពីទឹកដោះគោច្រើនជ្រុល
អាហារដែលធ្វើពីទឹកដោះគោអាចបង្កឲ្យមានប្រតិកម្មអាហារកើតឡើងបាន ហើយវាក៏អាចរួមចំណែកដល់លក្ខខណ្ឌស្បែកមួយចំនួនដូចជាកើតមានស្នាមអុជតូចៗនៅលើស្បែកផងដែរ។ គ្នាយើងភាគច្រើនអាចប្រែទៅជាអាលែកហ្ស៊ី នឹងប្រូតេអ៊ីនដែលមាននៅក្នុងអាហារធ្វើពីទឹកដោះគោ ដែលនាំឲ្យកើតបញ្ហារលាកស្បែក ឬមុនជាដើម។
ដំណោះស្រាយ៖ យើងមិនចាំបាច់បញ្ឈប់ការញ៉ាំអាហារដែលធ្វើពីទឹកដោះគោទាំងស្រុងឡើយ ប៉ុន្តែអាចផ្អាកញ៉ាំវាយ៉ាងហោចណាស់៦សប្ដាហ៍សិន ដើម្បីធ្វើការសង្កេតថាតើស្ថានភាពស្បែករបស់យើងមានភាពល្អប្រសើរជាងមុនឬយ៉ាងណា។
៥. ប្រើប្រាស់សាប៊ូដុសខ្លួនមានក្លិនទឹកអប់
ស្នាមអុជតូចៗនៃស្បែកកើតឡើងដោយសារតែប្រូតេអ៊ីនក្នុងជាលិកាស្នែង ដែលមាននៅក្នុងរន្ធញើស ហើយផលិតផលថែរក្សាស្បែកដែលមានសារធាតុcomedogenic អាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទ្វេដង។ សាប៊ូដែលមានក្លិនក្រអូបភាគច្រើនសុទ្ធតែមានផ្ទុកសារធាតុបន្ថែមក្លិនសិប្បនិម្មិតដែលអាចធ្វើឲ្យស្ទះរន្ធញើស និងរលាកស្បែក។
ដំណោះស្រាយ៖ ជ្រើសរើសផលិតផលថែរក្សាស្បែកប្រភេទស្រាល ដែលផ្សំពីសារធាតុhypoallergenic ពីព្រោះវាមិនធ្វើឲ្យក្រហាយស្បែក។
[embed-health-tool-due-date]