ការថែទាំស្បែក មានសារសំខាន់ណាស់ចំពោះស្រីៗយើង ដើម្បីទទួលបានស្បែកដ៏ស្រស់ស្អាត និងក្មេងជាងវ័យ។ យ៉ាងណាមិញ កំហុសនៃការថែទាំស្បែកមួយចំនួន អាចនឹងបំផ្លាញសម្រស់យើងដោយមិនដឹងខ្លួន។ ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហាផ្សេងៗនៃស្បែក ដូចជាការកើតមុន ស្នាមជ្រីវជ្រួញមុនវ័យ យើងគប្បីជៀសវាងកំហុសឆ្គងពេលព្រឹកទាំងនេះ។
១. ញ៉ាំម្សៅOatmealរៀងរាល់ព្រឹក
ថ្វីត្បិតតែការញ៉ាំម្សៅOatmealនៅពេលព្រឹកល្អចំពោះសុខភាពក៏ពិតមែន ប៉ុន្តែបើយើងញ៉ាំរាល់ព្រឹក អាចបំផ្លាញរាងកាយ និងស្បែករបស់យើងបាន។ ជាក់ស្ដែង ការញ៉ាំម្សៅOatmealញឹកញាប់ពេក អាចបង្អាក់រាងកាយយើងមិនឲ្យទទួលបានសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដែលជាហេតុនាំឲ្យមានកង្វះអាហារូបត្ថម្ភ ក៏ដូចជាធ្វើឲ្យស្បែករបស់យើងស្ងួត និងប្រេះ។
២. ងូតទឹកយូរពេក
ទម្លាប់ងូតទឹកក្ដៅឧណ្ហៗរយៈពេលវែង អាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក ជាពិសេសនៅពេលដែលអាកាសធាតុចុះត្រជាក់។ ប៉ុន្តែទម្លាប់មួយនេះ អាចបំផ្លាញសុខភាពស្បែករបស់យើងដោយមិនដឹងខ្លួន។ ទឹកក្ដៅអាចបំផ្លាញស្រទាប់ការពារស្បែកដែលជួយទប់សំណើម ជាហេតុនាំឲ្យស្បែកឆាប់ចាស់។
៣. ញ៉ាំកាហ្វេមុនអាហារពេលព្រឹក
កាហ្វេមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ស្បែករបស់យើងផងដែរ។ ប៉ុន្តែ បើយើងផឹកកាហ្វេជារៀងរាល់ថ្ងៃមុនពេលញ៉ាំអាហារពេលព្រឹក ភេសជ្ជៈមួយប្រភេទនេះអាចផ្ដល់ផលប៉ះពាល់ចំពោះស្បែកទៅវិញ។ ពិតណាស់ កាហ្វេជាថ្នាំបញ្ចុះទឹកនោម ដែលអាចបណ្ដាលឲ្យយើងខ្សោះជាតិទឹក ក៏ដូចជាពិបាកក្នុងការបណ្ដេញជាតិពុលពីរាងកាយតាមស្បែក ជាហេតុនាំឲ្យលេចឡើងស្នាមជ្រីវជ្រួញមុនវ័យ។
៤. លាបក្រែមការពារកម្ដៅថ្ងៃ តែពេលចេញក្រៅ
ជាមួយគ្នានេះដែរ ក្រែមការពារកម្ដៅថ្ងៃ អាចជួយការពារស្បែក នៅពេលដែលយើងចេញទៅខាងក្រៅក្នុងរដូវក្ដៅ ប៉ុន្តែការលាបក្រែមការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ ទោះជាពេលដែលយើងនៅផ្ទះ អាចជួយការពារស្បែកកុំឲ្យវិវត្តទៅរកភាពចាស់។ ដូច្នេះហើយ ស្រីៗយើងគប្បីលាបក្រែមការពារកម្ដៅថ្ងៃជាប្រចាំ មិនថាត្រូវចេញទៅខាងក្រៅ ឬនៅក្នុងផ្ទះនោះទេ។
[embed-health-tool-due-date]