backup og meta

អ្នកឧស្សាហ៍សូណា ដឹងអត់ថា​ជួយសុខភាពស្បែកអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 25, 2022

    អ្នកឧស្សាហ៍សូណា ដឹងអត់ថា​ជួយសុខភាពស្បែកអ្វីខ្លះ?

    កម្ដៅនៅក្នុង បន្ទប់សូណា មានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និង សុខភាព តួយ៉ាងខណៈពេលនេះ អាចលើកយកត្រឹមតែសុខភាពស្បែកមួយ មកនិយាយសិន ថាមានអត្ថប្រយោជន៍អ្វីខ្លះ។

    ជាក់ស្ដែងបើនិយាយទៅដល់ ការធ្វើសូណាគឺគិតដល់ការធ្វើសំយោគស្បែកជាមួយនឹងចំហាយកម្ដៅ ដើម្បីបញ្ចេញ ញើសបង្ហូរជាតិពុលក្នុងខ្លួនឆ្លងកាត់ស្បែក។ ការធ្វើបែបនេះវាមានផលវិជ្ជមានច្រើនចំពោះសុខភាពស្បែក ដោយគិតរាប់ ត្រឹមពីចំណុចដំបូង ចាប់ផ្ដើមពីដំណើរលំហូរឈាម និង ចង្វាក់បេះដូងក្នុងរាងកាយជាមុន។

    ក្នុង​បន្ទប់​សូណា ចាប់ ២ទៅ ៥នាទី ចង្វាក់បេះដូងចាប់ផ្ដើមកើនឡើងសន្ទុះញាប់ជាងមុន ចរន្ដលំហូឈាមតាមសរសៃឈាមនឹងត្រូវចាប់ផ្ដើមកើនឡើង ហើយរីកធំដោយស្វ័យប្រវត្ដិ និង បែបលក្ខណៈធម្មជាតិ ដែលជំរុញឲ្យមានការបែកញើសពេញខ្លួនប្រាណ។ ចរន្ដឈាមហូរសព្វរាងកាយ នឹងនាំទៅជាមួយអ៊ុកស៊ីសែន និង សារធាតុចិញ្ចឹជាច្រើនប្រភេទទៅកាន់ស្បែក ជំនួយដល់សុខភាពស្បែកឲ្យមានសំណើម។ បន្ទាប់ពីនោះ ការបែកញើស ក៏បាននាំចេញនូវជាតិពុលជាច្រើនប្រភេទ ពីស្បែកផងដែរ។

    ទាក់ទងនឹងសុខភាពស្បែក អ្នកស្រី Renée Rouleau អ្នកជំនាញ ផ្នែកថែរក្សាស្បែក បានលើកឡើងថា “កោសិកាស្បែកត្រូវការជាតិទឹកដើម្បីរស់នៅ ដូច្នេះចំហាយទឹកអាចមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការរក្សាស្រទាប់ផ្ទៃខាងលើ ឲ្យមានសំណើម និងមើលទៅមានសុខភាពល្អ។ នៅពេលដែលស្បែកឡើងកំដៅ សរសៃឈាមក៏រីកធំ ដែលបណ្តាលឲ្យឈាម និងអុកស៊ីហ្សែនដែលសំបូរទៅដោយសារធាតុចិញ្ចឹមត្រូវបាននាំទៅកាន់កោសិកា។ ចរន្តឈាម គឺអាចបញ្ជូនវីតាមីនទៅចិញ្ចឹមស្បែក និងកោសិកា ហើយរក្សាឲ្យមានសុខភាពល្អ ធ្វើឲ្យស្បែកភ្លឺថ្លាពីខាងក្នុង” ។

    តើគួរធ្វើសូណា ប៉ុន្មានដងក្នុងមួយសប្ដាហ៍?

    ជាការលើកឡើងអំពីអត្ថប្រយោជន៍នេះ យើងអាចធ្វើសូណា យ៉ាងហោច ៣ ទៅ ៤ដង ក្នុង១សប្ដាហ៍ ឬអាចជារៀងរាលថ្ងៃក៏បានទៅតាមលទ្ធភាព។ ប៉ុន្ដែសម្រាប់ការធ្វើសូណា ជារៀងរាល់ថ្ងៃ គួរតែតម្រូវឲ្យមានការកំណត់រយៈពេលឲ្យបានត្រឹមត្រូវ ពោលមិនឲ្យលើសពី ២០នាទីក្នុងមួយពេល។ ការកំណត់ពេលឲ្យបានត្រឹមត្រូវ មានន័យថា យើងអាចតាមដានពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់បានល្អស្ថិតក្នុងបន្ទប់សូណា ព្រោះជាក់ស្ដែងក្នុងចន្លោះពេល ២០នាទី ក្នុងខ្លួនប្រាណ របស់យើងនឹងត្រូវជួបប្រទះនូវភាព ហេវហត់ អស់កម្លាំង បែកញើសច្រើន ខ្សោះជាតិទឹក ជាបញ្ហាដែលកើតឡើងជាញឹកញាប់ចំពោះអ្នកធ្វើសូណាជាប្រចាំ ព្រោះ រាងកាយត្រូវប្រឈមនឹងខ្សោះជាតិទឹករយៈពេល២០នាទីជារៀងរាល់ថ្ងៃ ដែលខុសពីអ្នកធ្វើត្រឹមតែ ៣ទៅ៤ ដងក្នុងអាទិត្យ។

    ស្បែកមានសុខភាព

    ត្រៀមខ្លួនអ្វីខ្លះ មុនពេលធ្វើសូណា?

    ដើម្បីធ្វើសូណា ឲ្យមានប្រសិទ្ធិភាពយើងគួរតែអនុវត្ដវិធីដូចខាងក្រោម៖

    -ត្រូវញ៉ាំទឹកឲ្យបានយ៉ាងតិច១កែវ ព្រោះថានៅក្នុងបន្ទប់សូណា មានសីតុណ្ហភាពក្ដៅ ខ្លួនប្រាណត្រូវបែកញើសច្រើន ដូច្នេះវាអាចជួយការពារខ្លួនប្រាណ ពីការបាត់បង់ជាតិទឹក។

    -ត្រូវពិនិត្យមើលសុខភាព ព្រោះថាក្នុងលក្ខខណ្ឌខ្លះ សុខភាពអាចបង្កឲ្យកើតឡើងជាហានិភ័យ គ្រោះថ្នាក់ដូចជា អ្នកមានជំងឺបេះដូង អ្នកមានជំងឺលើសឈាម អ្នកមានជំងឺសួត និងអ្នកមានបញ្ហាស្បែកប្រតិកម្មរហ័សជាដើម។

    -សម្អាតរាងកាយ មានន័យថា យើងមិនត្រូវពាក់គ្រឿងអល័ង្កកា ឬប្រើប្រាស់ផលិតផល ថែរក្សាស្បែក ផ្សេងៗមុនពេលចូលបន្ទប់សូណានោះទេ។ ព្រោះវាអាចមានបញ្ហា ប្រតិកម្មជាមួយនឹងកម្ដៅ បង្កឲ្យមានការរលាក ប៉ះពាល់ស្បែកជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម