ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Amlodipine ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Amlodipine អាចប្រើតែឯង ឬអមជាមួយថ្នាំដទៃទៀត ដើម្បីព្យាបាលជំងឺលើសសម្ពាធឈាម (High Blood Pressure) ជួយកាត់បន្ថយសម្ពាធឈាម ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង និងបញ្ហាតម្រងនោមផងដែរ។
ថ្នាំនេះ ក៏អាចប្រើការពារអាការៈចុកទ្រូង បង្កើនសមត្ថភាពហាត់ប្រាណ។ យ៉ាងណាមិនត្រូវប្រើថ្នាំ Amlodipine អំឡុងពេលកំពុងចុកទ្រូងនោះទេ គួរប្រើថ្នាំផ្សេង ដូចជា Nitroglycerin បៀមក្រោមអណ្ដាត។
Amlodipine ស្ថិតនៅក្នុងក្រុមថ្នាំ Calcium Channel Blockers សម្រាប់ជួយសម្រួលសរសៃឈាម ធ្វើឲ្យឈាមរត់ស្រួល។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
អាចលេបជាមួយអាហារ ឬដោយពោះទទេ តាមការណែនាំរបស់វេជ្ជបណ្ឌិត ជាទូទៅម្ដងក្នុងមួយថ្ងៃ។
កម្រិតប្រើអាស្រ័យលើអាការៈ និងស្ថានភាពជំងឺ គ្រូពេទ្យអាចនឹងបង្កើនកម្រិតថ្នាំដោយផ្អែកលើកត្តាទាំងនេះ។ ចាំបាច់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យជាប្រចំា។
លេបថ្នាំឲ្យទៀងទាប់ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលខ្ពស់។ ហើយត្រូវតែបន្តលេប Amlodipine ទោះជាអាការៈជំងឺធូរស្រាលក្តី លើកលែងតែវេជ្ជបណ្ឌិតអនុញ្ញាតឲ្យឈប់ប្រើ។ ជំងឺលើសឈាម ភាគច្រើនមិនមានបង្ហាញអាការៈឈឺភ្លាមៗទេ។
ត្រូវប្រាប់វេជ្ជបណ្ឌិត បើស្ថានភាពសុខភាពយើងមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ (សម្ពាធឈាមកាន់តែខ្ពស់ ឬអាការៈឈឺទ្រូងខ្លាំងទៅៗ)។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Amlodipine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Amlodipine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Amlodipine ត្រូវពិភាក្សាជាមួយពេទ្យ បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– មានជំងឺខ្សោយបេះដូង ឬជំងឺថ្លើម
– មានប្រតិកម្មជាមួយថ្នាំ Amlodipine ឬថ្នាំផ្សេងទៀត
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ
– កំពុងមានផ្ទៃពោះ កំពុងបំបៅដោះកូន ឬមានបំណងយកកូន គួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ថ្នាំ Amlodipine អាចបង្កឲ្យមានផលរំខានមួយចំនួនដូចជា រោគសញ្ញាអាលែកហ្ស៊ីថ្នាំ កន្ទួលក្រហមលើស្បែក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត ឬបំពង់ក ត្រូវប្រាប់វេជ្ជបណ្ឌិតភ្លាម។
ផលរំខានធ្ងន់ធ្ងរមានដូចជា៖
– សន្លប់
– ហើមដៃ កំភួនជើង ឬជើង
– បេះដូងលោតខ្លាំង ឬតឹងទ្រូង
– ឈឺទ្រូង ឬធ្ងន់ក្នុងទ្រូង ឈឺរាលដល់ដៃ និងស្មា ក្អួតចង្អោរ បែកញើសខ្លាំង។
ផលរំខានមិនសូវធ្ងន់ធ្ងរ៖
– ឈឺក្បាល
– វិលមុខ និងងងុយគេង
– ហត់
– ឈឺពោះ
– អារម្មណ៍ក្ដៅ ក្រហម ឬ ញ័រ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Amlodipine ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយឱសថនេះដូចជា៖
– Simvastatin (Zocor, Simcor, Vytorin)
– ថ្នាំផ្សេងៗទៀតប្រើព្យាបាលជំងឺបេះដូង ឬព្យាបាលសម្ពាធឈាម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ចុកទ្រូង (Angina)
– គាំងបេះដូង ឬជំងឺបេះដូងស្រួចស្រាវ (Heart attack, heart acute)
– ជំងឺលើបេះដូង ឬសរសៃឈាមបេះដូង (Coronary Artery)
– សម្ពាធឈាមធ្លាក់ចុះ (Hypotension)៖ ប្រើដោយប្រុងប្រយ័ត្ន អាចបណ្ដាលបញ្ហាកាន់តែធ្ងន់ធ្ងរ។
– ជំងឺលើបេះដូង ឬបញ្ហាបេះដូងផ្សេងទៀត (Aortic Stenosis)៖ ត្រូវដោយប្រុងប្រយ័ត្ន ថ្នាំនេះនឹងធ្វើឲ្យសម្ពាធឈាមកាន់តែធ្លាក់ចុះ។
– ជំងឺថ្លើម៖ ត្រូវប្រើដោយប្រុងប្រយ័ត្ន ប្រសិទ្ធភាពថ្នាំអាចនឹងកើនឡើងខ្លាំង ដោយសាររាងកាយបញ្ចេញចោលសារធាតុពុលរបស់ថ្នាំយឺតយ៉ាវ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ជំងឺលើសឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ៥មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើបន្ថែម៖ ៥-១០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
អ្នកជំងឺស្គមស្គាំង ឬទន់ខ្សោយ គួរចាប់ផ្ដើមប្រើពីកម្រិត ២,៥មិល្លីក្រាម លេបមួយថ្ងៃម្តង។
បញ្ហាចុកទ្រូង (Angina Pectoris)
កម្រិតថ្នាំសម្រាប់បញ្ហាចុកទ្រូងមិនបាត់ ចុកទ្រូងដោយសារត្បៀតសរសៃឈាមបេះដូង (Vasospastic angina) អ្នកជំងឺសរសៃឈាមបេះដូង (Coronary Artery) មិនមែនខ្សោយបេះដូង ឬកម្រិតឈាមបញ្ចេញពីបេះដូង (ejection fraction) តិចជាង ៤០ភាគរយ ត្រូវប្រើ ៥-១០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
អ្នកជំងឺភាគច្រើនមានបញ្ហាចុកទ្រូងជាប់មិនបាត់ ឬចុកទ្រូងដោយសារត្បៀតសរសៃឈាមបេះដូង (Vasospastic angina) ត្រូវការកម្រិតប្រើ ១០មិល្លីក្រាម ដើម្បីឲ្យមានប្រសិទ្ធិភាពព្យាបាលគ្រប់គ្រាន់។ ការសិក្សាជាច្រើនបានបង្ហាញថា អ្នកជំងឺសរសៃឈាមបេះដូង (Coronary artery) ត្រូវការកម្រិតប្រើ ១០មិល្លីក្រាម។
ជំងឺសរសៃឈាមបេះដូង (Coronary Artery Disease)
កម្រិតថ្នាំសម្រាប់បញ្ហាចុកទ្រូងមិនបាត់ ចុកទ្រូងដោយសារត្បៀតសរសៃឈាមបេះដូង (Vasospastic angina) អ្នកជំងឺសរសៃឈាមបេះដូង (Coronary Artery) មិនមែនខ្សោយបេះដូង ឬកម្រិតឈាមបញ្ចេញពីបេះដូង (ejection fraction) តិចជាង ៤០ភាគរយ ត្រូវប្រើ ៥-១០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
អ្នកជំងឺភាគច្រើនមានបញ្ហាចុកទ្រូងជាប់មិនបាត់ ឬចុកទ្រូងដោយសារត្បៀតសរសៃឈាមបេះដូង (Vasospastic angina) ត្រូវការកម្រិតប្រើ ១០មិល្លីក្រាម ដើម្បីឲ្យមានប្រសិទ្ធិភាពព្យាបាលគ្រប់គ្រាន់។ ការសិក្សាជាច្រើនបានបង្ហាញថា អ្នកជំងឺសរសៃឈាមបេះដូង (Coronary artery) ត្រូវការកម្រិតប្រើ ១០មិល្លីក្រាម។
១១- ក្មេងត្រូវប្រើកម្រិតណា?
ជំងឺលើសឈាម (Hypertension)
– អាយុពី ៦-១៧ ឆ្នាំ៖ ២,៥-៥ មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើលើសពី ៥មិល្លីក្រាម មិនទាន់ត្រូវបានសិក្សាទៅលើអ្នកជំងឺជាកុមារនៅឡើយ។
១២- មានទម្រង់បែបណាខ្លះ?
Amlodipine អាចមានទម្រង់ និងកម្រិតដូចខាងក្រោម៖
– ថ្នាំគ្រាប់សម្រាប់លេប ២,៥មិល្លីក្រាម ៥មិល្លីក្រាម និង ១០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]