backup og meta

ម៉េចបានជុះមកមានឈាម? នេះជាមូលហេតុ​គួរស្វែងយល់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 05, 2022

    ម៉េចបានជុះមកមានឈាម? នេះជាមូលហេតុ​គួរស្វែងយល់

    យើង​អាច​ដឹង​បាន​ភ្លាម​ៗ ប្រសិន​បើ​​បន្ទោ​បង់​មាន​ឈាម ដែល​ឈាម​នោះ​អាច​មក​ជាមួយ​គ្នា​នឹង​លាមក​តែ​ម្ដង ឬ​ឈាម​អណ្ដែត​លើ​ទឹក​ក្នុង​ចាន​បង្គន់ ឬ​ជាប់​លើ​ក្រដាស់​អនាម័យ ឬ​អាច​ឃើញ​លាមក​មាន​ពណ៌​ក្រហម​។ បញ្ហា​ជុះ​មក​ឈាម​នេះ ភាគ​ច្រើន​​​ជា​សញ្ញា​​គ្រោះ​ថ្នាក់ ប៉ុន្តែ​មិន​មែន​ទាំង​អស់​នោះ​ទេ។ មាន​ករណី​ខ្លះ​អ្នក​ជំងឺ​ឧស្សាហ៍​មាន​ឈាម​ក្នុង​លាម​ក ប៉ុន្តែ​មិន​មែន​ដោយ​សារ​បញ្ហា​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ។ ក្នុង​អត្ថ​បទ​នេះ Hello គ្រូពេទ្យ នឹង​លើក​យក​មូលហេតុ​សំខាន់​ៗ សម្រាប់​គ្នា​យើង​ស្វែង​យល់​ថា ​មូលហេតុ​ណាដែល​គ្រោះ​ថ្នាក់​ជាង​គេ នឹង​មួយ​ណា​ត្រូវ​ប្រញ៉ាប់​ទៅ​រក​ពេទ្យ​ឲ្យ​បាន​ឆាប់​។ តោះ​ស្វែង​យល់​​ទាំង​អស់​គ្នា។

    ១- បញ្ហាឈាមក្នុងលាមកដែលមិនសូវមានគ្រោះថ្នាក់

    រហែកទ្វារលាមក (Anal Fissure)

    ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​មូលហេតុ​ធ្វើ​ឲ្យ​ឈាម​​ក្នុង​លាម​កច្រើន​ជាង​គេ​ម​កនិយាយ។ រហែកទ្វារ​លាមក​ (Anal Fissure) គឺ​ជាការ​រហែក ឬ​ដាច់​ស្រទាប់​ Mucus ​នៅ​ក្នុង​រន្ធ​គូទ។ ពេល​ស្រទាប់​នេះ​ដាច់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ហូរ​ឈាម​មក​​តាម​​ទ្វារ​​លាមក។ អ្នក​ជំងឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​បន្ទោបង់ ដែល​​អាច​​នៅ​​ឈឺ​​រាប់​​ម៉ោង​ក្រោយ​បន្ទោ​បង់​រួច។ Anal Fissure អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​កើត​លើ​កុមារ និង​មនុស្ស​វ័យ​កណ្ដាល។ បញ្ហានេះ​​អាច​កើត​ឡើង​ដោយ​សារ​មូលហេតុ​ជាច្រើន រូម​មាន៖

    • ដោយ​សារ​​លាម​ក​ធំ ឬ​រឹង​ខ្លាំង​ពេក
    • ទល់​លា​មក ឬ​ប្រឹង​បន្ទោ​បង់​ខ្លាំង​ពេក
    • មាន​ជំងឺ​រាក​រ៉ាំ​រ៉ៃ
    • ការ​រួម​ភេទ​តាម​រន្ធ​គូទ
    • ការ​សម្រាល​កូន

    ជំងឺឫសដូងបាត (Hemorrhoids)

    ជំងឺឫស​ដូង​បាត គឺ​ជា​ការរីក​ហើម​សរសៃ​ឈាម​នៅ​រន្ធ​គូទ ឬ​រន្ធ​លាមក។ អ្នក​ជំងឺ​ឬស​ដូង​បាត​ភាគ​ច្រើន​ មិន​មាន​ចេញ​ជា​រោគ​សញ្ញា​ច្រើន​ទេ មាន​អ្នក​ខ្លះ​ទៀតមិន​ដឹង​ថា​ខ្លួន​ឯង​កើត​ឫស​ដូង​បាត​ផង ប៉ុន្តែ​អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូចជា ឈឺ​​ចាប់ រមាស់ និង​មាន​ពេល​ខ្លះ​បន្ទោ​បង់​មាន​​ឈាម​។ រោគ​សញ្ញា​ជំងឺ​ឫស​ដូង​បាត​ឃើញ​​ច្រើន​​ជាង​​គេ​ គឺ​អ្នក​​ជំងឺ​​ជុះ​​មក​​មាន​​ឈាម​​ តែ​មិន​​មាន​​ការ​​ឈឺ​​ចាប់​។ ឈាម​នោះ​អាច​មាន​សភាព​ក្រហម​ស្រស់ ដែល​ភាគ​ច្រើន​ដាន​ជាប់​លើ​លាម​ក ឬ​អាច​តក់​ចូល​ក្នុង​ទឹក​ចាន​​បង្គន់ ឬ​ជាប់​លើ​ក្រដាស់​កិត​គូទ។ រោគ​សញ្ញា​របស់​ជំងឺ​ឬស​ដូង​បាត​មាន​ដូច​ជា៖

  • ហូរ​ឈាម​តាម​ក្រោយ​លាមក​ ដែល​ឈាម​មាន​សភាព​ក្រហម​ស្រស់
  • រមាស់​ត្រង់​រន្ធ​គូទ
  • មាន​ដុំ​ពក​ចុះ​មក​តាម​រន្ធ​គូទ ដែល​ដុំ​នោះ​អាច​រុញ​ចូល​ទៅ​ក្នុង​វិញ​បាន
  • មាន​ហូរ​ទឹក​រំអិល​បន្ទាប់​ពី​បន្ទោ​បង់​រួច ធ្វើ​ឲ្យ​យើង​ពិបាក​នៅ
  • ឈឺ ឡើង​ក្រហម និង​ហើម​ជុំវិញ​រន្ធ​គូទ
  • អត្ថបទពាក់ព័ន្ធ:

    ២- ករណីហូរឈាមតាមលាមកដែលមានគ្រោះថ្នាក់

    ដំបៅក្រពះ

    ជំងឺ​ដំបៅ​ក្នុង​ក្រពះ ភាគ​ច្រើន​មិន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ហូរ​ឈាម​ស្រស់​ៗមក​តាម​លាមក​ទេ ដោយ​​សារតែ​ចម្ងាយ​ពី​ក្រពះ​មក​រន្ធ​គូទ​ឆ្ងាយ ហើយ​ឈាម​ត្រូវ​ហូរ​កាត់​តាម​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​មក​ឆ្ងាយ។ ដោយ​សារ​តែ​ឈាម​ហូរ​មក​ឆ្ងាយ ទើប​ធ្វើ​ឲ្យ​ឈាម​ដោយ​សារ​ដំបៅ​​ក្រពះ​​ត្រូវ​​រលាយ​​ចូល​​ក្នុង​​លាម​ក​ ដែល​ធ្វើ​លាមក​មាន​ពណ៌​ក្រម៉ៅ​ខ្លាំង។ គ្រូពេទ្យ​ហៅ​លាមក​ប្រភេទ​នេះ​ថា ‘melena’ ហើយ​វា​ក៏​មាន​ក្លិន​អាក្រក់​ខ្លាំង​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំងឺត្រូវ​ប្រុង​ប្រយ័ត្ន​ជាមួយ​ឈាម​ដោយ​សារ​ដំបៅ​ក្រពះ ដោយ​សារ​យើង​ពិបាក​ពិនិត្យ​រក​មើល​ឈាម​នេះ​ណាស់។

    ជំងឺ​ដំបៅ​ក្រពះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ប៉ុន្តែ​មូលហេតុ​ចម្បង​គឺដោយ​សារ​តែ​អ្នក​ជំងឺ​មិន​ព្រម​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​ហឹរ​ច្រើន អាហារ​ក្ដៅខ្លាំង និង​មាន​ជាតិ​អាស៊ីដ។ មូលហេតុ​មួយ​ផ្សេង​ទៀត​នៃ​ជំងឺ​ដំបៅ​ក្រពះ​គឺជំងឺ​ដុំ​ក្នុង​ពោះវៀន​ផលិត​ ហ្កាស់​ស្រ្ទីន​ច្រើន គេ​ហៅ​វា​ថា Zollinger–Ellison syndrome។ ការ​លេប​ថ្នាំ NSAIDs ជា​ប្រចាំ ក៏​អាច​បណ្ដាល​​ឲ្យ​មាន​ហូរ​ឈាម​ក្នុង​ក្រពះ​ដែរ ដោយ​សារ​ថ្នាំ​ប្រភេទ​នេះ ទៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជញ្ជាំង​ការ​ពារ​របស់​ក្រពះ។

    ជំងឺរលាកពោះវៀន (Inflammatory Bowel Diseases – IBDs)

    ជំងឺ​រលាក​ពោះ​វៀន​មាន​ ជំងឺក្រូន (Crohn’ disease) និងជំងឺ​ដំបៅ​​រលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺ​នេះ​ធ្វើ​ឲ្យ​រលាក​ក្នុង​ពោះ​វៀន​ និង​រលាក​ប្រដាប់​រំលាយ​អាហារ។ ជំងឺនេះ​បណ្ដាល​មក​ពី​មូលហេតុ​ស្មុគ​ស្មាញ​ពាក់​ព័ន្ធ​ជាមួយ​បញ្ហា​​ហ្សែន បញ្ហា​ប្រព័ន្ធ​ការ​ពារ​រាងកាយ ទៅ​វាយ​ប្រហារ​សរីរាង្គ​តូច​ៗ​ក្នុង​ពោះ​វៀន នឹង​អាច​ដោយ​សារ​មូល​ហេតុ​បរិយាកាស​ជុំ​វិញ​មួយ​ចំនួន​ផ្សេង​ទៀត។ ជំងឺ​រលាកពោះវៀន (IBDs )អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ឈឺ​ដុន​ដាប និង​ដោយ​សារ​វា​ធ្វើ​ឲ្យ​រលាក​ជញ្ជាំង​​ពោះ​វៀន ដូច​នេះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ហូរ​ឈាម ជាប់​ក្នុង​លាមក​របស់​អ្នកជំងឺ​។ IBDs អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​ជាមួយ​ជំងឺ​មហារីក​ពោះ​វៀន ជា​ពិសេស​អ្នក​​កើត​ជំងឺ Ulcerative Colitis។

    ដុំប៉ូលីបក្នុងពោះវៀន (Bowel Polyps)

    Bowel polyps ឬ​ហៅ​ម្យ៉ាង​ទៀត​ថា colon polyps គឺ​ជា​​ជាលិកា​តូច​ដុះ​ចេញ​ពី​ជញ្ជាំង​របស់​ពោះ​វៀន​ធំ ឬ​រន្ធ​លាមក។ ប៉ូលីប​ភាគ​ច្រើន​មាន​ទំហំ​តូច ជា​ទូទៅ​តូច​ជាង ១សង់ទីម៉ែត្រ ប៉ុន្តែ​ករណី​ខ្លះ​វា​អាច​ធំ​ជាង​នេះ។ ប៉ូលីប​អាច​មាន​ច្រើន​សណ្ឋាន វា​អាច​មាន​រាង​ដូច​ដុំ​កូន​កណ្ដុរ អាច​ដូច​ជា​ជំងឺសិរមាន់ អាច​ដូច​ចង្កោម​ទំពាំង​បាយ​ជូរ ឬ​ផ្សិត​ចង្កោម​ជា​ដើម។ អ្នក​ជំងឺ​ខ្លះ​មាន​ប៉ូលីប​តែ​មួយ តែ​អ្នក​ខ្លះ​ទៀត​អាច​មាន​ច្រើន។ ប៉ូលីប​ភាគ​ច្រើន​មិន​បង្ក​គ្រោះ​ថ្នាក់​ឡើយ ហើយ​ភាគ​ច្រើន​វា​មិន​លេច​ចេញ​ជា​រោគ​សញ្ញា​អ្វី​ឡើយ ដែល​ភាគ​ច្រើន​អ្នក​ជំងឺ​រក​ឃើញ​វា​ដោយ​ចៃ​ដន្យ។ ប៉ុន្តែ​បើ​ទុក​ប៉ូលីប​នេះ​ឲ្យ​ដុះ​កាន់​តែ​យូរ វា​អាច​ប្រែ​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​​​ពោះ​វៀន​បាន។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ណែ​នាំ​ឲ្យ​អ្នកជំងឺ​កាត់​វា​ចេញ​ ពេល​ដឹង​ថា​មាន​។​ ដោយ​សារ​តែ​វា​ដុះ​ក្នុង​បំពង់​ពោះ​វៀន ហើយ​​រា​រាំង​ផ្លូវ​លាមក​ ជា​ហេតុ​អាច​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​ពេល​លាមក​កកិត​ជា​មួយ​វា។

    ជំងឺ Diverticular

    Diverticula គឺ​ជា​​កន្លែង​ប៉ោង​ក្នុង​ពោះ​វៀន ដោយ​សារ​កន្លែង​នោះ​ខ្សោយ។ ភាគ​ច្រើន​កន្លែងប៉ោង​នោះ​មានទំហំ​តូច ដែល​មាន​ពេល​ខ្លះ​ចំណី​អាហារ ឬ​លាមក​ក្នុង​ពោះ​វៀន​ទៅ​ស្ទះ​ក្នុង​ដុំ​នោះ។ Diverticula ភាគ​ច្រើន មិន​បង្ហាញ​រោគ​​សញ្ញា​អ្វី​ឡើយ ប៉ុន្តែ​បើ​វា​លេច​ចេញ​រោគ​ស​ញ្ញា ភាគ​ច្រើន​មាន​ដូច​ជា ឈឺ​ក្នុង​ពោះ​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង ឬ​ពេល​ខ្លះ​អាច​នៅ​ខាង​ស្ដាំ​ដែរ។ ជំងឺនេះ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ហើម​ពោះ ទល់​លាមក​ ឬ​រាក និង​ពេល​ខ្លះ​មាន​ហូរ​ឈាម​ដែរ។

    ជំងឺមហារីក

    មូលហេតុ​ដែល​​គួរ​ឲ្យ​បារម្ភជាង​គេ​ និង​អាច​​គំរាម​កំហែង​អាយុ​ជីវិត​បាន​នោះ​គឺ ជំងឺ​មហារីក​នេះ​ឯង។ បើ​យើង​​ចេះ​តែ​ស្រក​ទម្ងន់​ដោយ​​មិន​មាន​មូលហេតុ និង​មាន​បញ្ហា​រាក ឬ​ទល់​លាមក​ជា​ប្រចាំ យើង​​គួរ​តែ​គិត​ដល់​ជំងឺ​មហារីក​ពោះ​វៀន​ធំ។

    ការ​ហូរ​ឈាម​មក​តាម​លាមក​មិន​មែន​ជា​រឿង​ធម្មតា ដែល​យើង​​ឃើញ​ថា​ញឹក​​ញាប់​នោះ​ទេ ដូច​នេះ​ប្រសិន​បើ​មាន​ហានីភ័យ​កើត​ជំងឺ​ទាំង​អស់​ខាង​លើ ឬ​ព្រួយ​បារម្ភ​ដោយ​សារ​មិន​ដឹង​ថា​ឈាម​នោះ​ហូរ​មក​ពី​ណា យើង​​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ​រក​មូលហេតុ និង​គ្រោះ​ថ្នាក់ពី​បញ្ហា​នេះ។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម