ការគេងថ្ងៃមានសារសំខាន់ណាស់សម្រាប់កូនតូច ដើម្បីប៉ះប៉ូវម៉ោងគេងតិចតួចនៅពេលយប់របស់ពួកគេ ក៏ដូចជាជួយឲ្យកូនមានការអភិវឌ្ឍខួរក្បាលកាន់តែប្រសើរ។ ពិតណាស់ ទារកត្រូវការគេងថ្ងៃកាន់តែតិចជាងមុន នៅពេលដែលកូនកាន់តែធំធាត់ឡើង។ យ៉ាងណាមិញ ដើម្បីឲ្យកូនទទួលបានអត្ថប្រយោជន៍ពីការគេងថ្ងៃ ប៉ាម៉ាក់គប្បីស្វែងយល់ពីមូលហេតុមួយចំនួនដែលកូនមិនគេង និងរកវិធីសាស្ត្រដោះស្រាយ។
មូលហេតុដែលកូនមិនគេងថ្ងៃ
អាអូនមិនគេងថ្ងៃដោយសារតែហេតុផលជាច្រើន ដូចជាការរំខានជុំវិញខ្លួន មិនស្រណុកក្នុងខ្លួន ឬថប់បារម្ភជាដើម។ មូលហេតុផ្សេងទៀតមានដូចជា៖
- មិនសូវអស់កម្លាំង៖ ដោយសារតែគេងយប់ច្រើន និងលេងច្រើនមុនម៉ោងគេងថ្ងៃ។
- ហត់ជ្រុល៖ ទារកដែលហត់ជ្រុលតែងរញ៉ាំរញ៉ូវ និងពិបាកក្នុងការដាក់ឲ្យគេង។
- ការរំខានក្នុងបន្ទប់៖ សំឡេង ពន្លឺភ្លឺ មនុស្សក្នុងបន្ទប់គេង និងការរំខានដទៃទៀត អាចរំខានដល់ការគេងថ្ងៃរបស់កូន។
- ឃ្លាន៖ ទារកដែលកំពុងឃ្លាននឹងយំរកអាហារ ហើយមិនអាចគេងលក់ឡើយ។
- ខោទឹកនោមសើម ឬប្រឡាក់៖ កូនអាចមានអារម្មណ៍មួម៉ៅនៅពេលខោទឹកនោមសើម ឬប្រឡាក់ ហើយតែងតែមិនចង់គេងថ្ងៃ លុះត្រាតែប៉ាម៉ាក់ប្ដូរខោទឹកនោមឲ្យកូន។
- ដុះធ្មេញ និងបញ្ហាដទៃទៀត៖ នៅពេលដែលកូនឈឺធ្មេញ និងមិនស្រួលខ្លួន ពួកគេនឹងមិនងាយគេងលក់ឡើយ។
- ការភ័យខ្លាចពេលនៅតែឯង៖ ទារកមួយចំនួនអាចមានបញ្ហាគេង ពេលនៅតែឯង ជាពិសេសនៅចន្លោះអាយុ៦ខែ។
គន្លឹះជួយឲ្យកូនគេងលក់ពេលថ្ងៃ
១. បង្កើតទម្លាប់គេងថ្ងៃ
ការបង្កើតទម្លាប់គេងថ្ងៃ អាចជួយឲ្យអាអូនគេងឆាប់លក់។ ប៉ាម៉ាក់អាចបញ្ចូលការលេង ញ៉ាំអាហារ ប្ដូរខោទឹកនោម និងម៉ោងគេងថ្ងៃជាមួយគ្នា ដើម្បីឲ្យដឹងច្បាស់ពីម៉ោងដែលត្រូវគេង ដែលចាប់ផ្ដើមបន្ទាប់ពីសកម្មភាពណាមួយ ដូចជាញ៉ាំអាហារ ឬប្ដូរខោទឹកនោមជាដើម។
២. ដាក់ឲ្យកូនគេងលើគ្រែទារក
គ្រែទារកជាកន្លែងមានសុវត្ថិភាពសម្រាប់កូន និងអាចជួយឲ្យប៉ាម៉ាក់អាចសម្រាកនៅពេលតែមួយ។ ជៀសវាងទម្លាប់ឲ្យកូនគេងនៅក្នុងរទេះរុញ ឬក្នុងដៃ ពីព្រោះអាអូនអាចទម្លាប់ និងមិនព្រមគេងនៅលើគ្រែនៅពេលក្រោយ។
៣. មើលសញ្ញាកូនងងុយគេង
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គប្បីសង្កេតមើលសញ្ញាមួយចំនួនដែលបញ្ជាក់ថាកូនងងុយគេង ដូចជាញីភ្នែក ស្ងាប និងរញ៉ាំរញ៉ូវ។ ផ្ទុយទៅវិញ បើយើងមិនអើពើនឹងសញ្ញាទាំងនេះ កូនអាចនឹងកាន់តែហត់នឿយខ្លាំង និងកាន់តែពិបាកដាក់ឲ្យគេងថ្ងៃ។
៤. បំពេញតម្រូវការរបស់កូន
ទារកចូលចិត្តគេងថ្ងៃ នៅពេលដែលពួកគេមានអារម្មណ៍ស្រួលខ្លួន។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីធានាថាកូនមានអារម្មណ៍កក់ក្ដៅ និងញ៉ាំឆ្អែតមុនពេលគេង។
៥. សង្កេតមើលអាការៈខាងរាងកាយកូន
ទារកអាចមិនគេងថ្ងៃដោយសារតែបញ្ហាជំងឺ ឬដុះធ្មេញដែលតម្រូវឲ្យប៉ាម៉ាក់ត្រូវនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារ។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់គប្បីយកចិត្តទុកដាក់បន្ថែមនៅពេលដែលអាអូនមានការភ័យខ្លាចក្នុងការគេងតែឯង និងស្វែងរកវិធីដោះស្រាយ មុនពេលដែលប្រការទាំងនេះរំខានដល់ការគេងថ្ងៃរបស់កូន។
[embed-health-tool-vaccination-tool]