backup og meta

អា​អូន​មិន​ព្រមពេល​គេង​ថ្ងៃ ម៉ាក់ៗដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Nov 04, 2021

    អា​អូន​មិន​ព្រមពេល​គេង​ថ្ងៃ ម៉ាក់ៗដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​គេង​ថ្ងៃ​មាន​សារសំខាន់​ណាស់​​សម្រាប់​កូន​តូច ដើម្បី​ប៉ះប៉ូវ​ម៉ោង​គេង​តិចតួច​នៅ​ពេល​យប់​របស់​ពួក​គេ ក៏​ដូចជា​ជួយ​ឲ្យ​កូន​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​។​ ពិត​ណាស់​ ទារក​ត្រូវការ​គេង​ថ្ងៃ​​កាន់​តែ​តិច​ជាង​មុន​ នៅ​ពេល​ដែល​​កូន​​កាន់​តែ​ធំធាត់​ឡើង​។ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​គេង​ថ្ងៃ​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​កូន​មិន​គេង​ និង​រក​វិធីសាស្ត្រ​ដោះស្រាយ​។

    មូលហេតុ​ដែល​កូន​មិន​គេង​ថ្ងៃ​

    អា​អូន​​មិន​គេង​ថ្ងៃ​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​​ ដូចជា​ការ​រំខាន​ជុំវិញ​ខ្លួន​ មិន​ស្រណុក​ក្នុង​ខ្លួន​ ឬ​ថប់​បារម្ភ​ជា​ដើម​។ មូលហេតុ​ផ្សេង​ទៀត​មាន​ដូចជា​៖

  • មិន​សូវ​អស់​កម្លាំង៖​ ដោយ​សារ​តែ​គេង​យប់​​ច្រើន និង​លេង​ច្រើន​មុន​​ម៉ោង​គេង​ថ្ងៃ​។
  • ហត់​ជ្រុល​៖ ទារក​ដែល​ហត់​ជ្រុល​តែង​រញ៉ាំរញ៉ូវ​ និង​ពិបាក​ក្នុង​ការ​ដាក់​ឲ្យ​គេង​។
  • ការ​រំខាន​ក្នុង​បន្ទប់​៖ សំឡេង​ ពន្លឺ​ភ្លឺ ​​មនុស្ស​ក្នុង​បន្ទប់​គេង​ និង​​ការ​រំខាន​ដទៃ​ទៀត អាច​រំខាន​ដល់​ការ​គេង​ថ្ងៃ​របស់​កូន​។
  • ឃ្លាន​៖ ទារក​ដែល​កំពុង​ឃ្លាន​​នឹង​យំ​រក​អាហារ​ ហើយ​មិន​អាច​គេង​លក់​​ឡើយ​។
  • ខោ​ទឹក​នោម​​សើម​ ឬ​ប្រឡាក់​៖ កូន​អាច​​មាន​អារម្មណ៍​មួម៉ៅ​នៅ​ពេល​ខោ​ទឹក​នោម​សើម​ ឬ​ប្រឡាក់​ ហើយ​តែងតែ​មិន​ចង់​គេង​ថ្ងៃ លុះ​ត្រា​​តែ​ប៉ា​ម៉ាក់​​ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​កូន​។
  • ដុះ​ធ្មេញ​ និង​បញ្ហា​ដទៃ​ទៀត​៖ នៅ​ពេល​ដែល​កូន​ឈឺ​ធ្មេញ និង​មិន​ស្រួល​ខ្លួន​ ពួក​គេ​នឹង​មិន​ងាយ​គេង​លក់​ឡើយ​។
  • ការ​ភ័យ​ខ្លាច​ពេល​នៅ​តែ​ឯង​៖ ទារក​មួយ​ចំនួន​អាច​មាន​បញ្ហា​គេង​ ​ពេល​នៅ​តែ​ឯង​ ជា​ពិសេស​នៅ​​ចន្លោះ​អាយុ​៦​ខែ​។
  • គន្លឹះ​ជួយ​ឲ្យ​កូន​គេង​លក់​ពេល​​ថ្ងៃ​

    ​​​​​​​​១. ​បង្កើត​ទម្លាប់​គេង​ថ្ងៃ​

    ការ​បង្កើត​ទម្លាប់​គេង​ថ្ងៃ អាច​ជួយ​ឲ្យ​អា​អូន​គេង​ឆាប់​លក់​។ ប៉ា​ម៉ាក់​អាច​​​បញ្ចូល​ការ​លេង​ ​​ញ៉ាំ​អាហារ​ ប្ដូរ​ខោ​ទឹក​នោម​​ និង​ម៉ោង​គេង​ថ្ងៃ​​ជាមួយ​គ្នា ដើម្បី​​ឲ្យ​ដឹង​ច្បាស់​ពី​ម៉ោង​ដែល​ត្រូវ​គេង​ ដែល​ចាប់ផ្ដើម​បន្ទាប់​ពី​សកម្មភាព​ណា​មួយ​ ដូចជា​ញ៉ាំ​អាហារ​ ឬ​ប្ដូរ​ខោ​ទឹក​នោម​ជា​ដើម។

    ទារកមិនគេង​១

    ២. ដាក់​ឲ្យ​កូន​គេង​លើ​គ្រែ​ទារក​

    គ្រែ​ទារក​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​កូន​ និង​អាច​ជួយ​ឲ្យ​ប៉ា​ម៉ាក់​​អាច​សម្រាក​នៅ​ពេល​តែ​មួយ​។ ជៀសវាង​ទម្លាប់​ឲ្យ​កូន​គេង​នៅ​ក្នុង​រទេះ​រុញ ឬ​ក្នុង​ដៃ​ ពីព្រោះ​អា​អូន​អាច​ទម្លាប់​ និង​មិន​ព្រម​គេង​នៅ​លើ​គ្រែ​នៅ​ពេល​ក្រោយ​​។

    ៣. ​មើល​​សញ្ញា​កូន​ងងុយ​គេង​

    ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​​កូន​ងងុយ​គេង​ ដូចជា​ញី​ភ្នែក ស្ងាប​ និង​រញ៉ាំរញ៉ូវ​។ ផ្ទុយ​ទៅ​វិញ បើ​យើង​​​មិន​អើពើ​នឹង​​សញ្ញា​ទាំង​នេះ​ ​កូន​អាច​នឹង​កាន់​តែ​ហត់​នឿយ​ខ្លាំង និង​កាន់​តែ​​ពិបាក​ដាក់​ឲ្យ​គេង​ថ្ងៃ​។

    ​​៤. បំពេញ​តម្រូវ​ការ​​របស់​កូន

    ទារក​ចូលចិត្ត​គេង​ថ្ងៃ​ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ខ្លួន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ធានា​ថា​កូន​​មាន​អារម្មណ៍​កក់​ក្ដៅ និង​​ញ៉ាំ​ឆ្អែត​មុន​ពេល​គេង​។

    ៥. សង្កេត​មើល​អាការៈ​ខាង​រាងកាយ​​កូន​

    ​ទារក​អាច​មិន​គេង​ថ្ងៃ​ដោយ​សារ​តែ​បញ្ហា​ជំងឺ​ ឬ​ដុះ​ធ្មេញ​ដែល​តម្រូវ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​។ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​បន្ថែម​នៅ​ពេល​ដែល​អា​អូន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​គេង​តែ​ឯង​ និង​ស្វែង​រក​វិធី​ដោះស្រាយ​​ មុន​ពេល​ដែល​ប្រការ​ទាំង​នេះ​រំខាន​ដល់​ការ​គេង​ថ្ងៃ​របស់​កូន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Nov 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម