ចេះឆ្ងល់ ចង់ចេះ ចង់ដឹងពីរបស់នៅជុំវិញខ្លួន សូម្បីតែស្រមោលរបស់ខ្លួនក្នុងកញ្ចក់ នេះជាការវិវត្តរបស់បេប៊ីអាយុ ១៥សប្តាហ៍។ ពេលនៅពីមុខកញ្ចក់ អូនតូចមិនទាន់ដឹងថាវាជាស្រមោលខ្លួនគេនោះទេ ក្មេងអាយុប៉ុណ្ណេះចូលចិត្តសម្លឹងមើលស្រមោលនៅក្នុងកញ្ចក់ មិនថាស្រមោលខ្លួនគេ ឬស្រមោលអ្នកណានោះទេ ហើយអាអូនអាចសើចកក្អឹកពេលឃើញស្រមោលក្នុងកញ្ចក់នោះ។
ក្នុងសប្តាហ៍ទី ១៥ នេះ កូនយើងនឹងចាប់ផ្តើម៖

– អាចរក្សាលំនឹងក្បាលពេលឈរត្រង់ ឬអង្គុយ
– ចេះច្រត់ដៃងើបក្បាល ពេលគេងផ្កាប់
– ចេះក្រឡាប់ (មួយចំហៀង)
– ចេះចាប់របស់លេង
– បង្ហាញកាយវិការឆ្ងល់(ពិសេសភ្នែក) អ្វីៗនៅជុំវិញខ្លួនខ្លាំង
អាអូនដល់ពេលរពឹសហើយ ម៉ាក់ប៉ាត្រូវប្រុងប្រយ័ត្នរបស់តូចដែលអាអូនអាចដាក់ចូលមាត់ បណ្តាលឲ្យស្លាក់ ពិសេសគម្របដប។
១- បង្រៀនកូនពីអី?
នៅពេលឮសំឡេងម៉ាក់ប៉ា អាអូនអាចនឹងឈប់បៅ ឬក៏ឈប់បៀបដៃ ជាសញ្ញាឆ្លើយតបទៅនឹងសំឡេងនោះ។ យើងគួរតែបណ្តោយឲ្យកូនបញ្ចេញសំឡេងតាមចិត្ត ហើយព្យាយាមរៀបរាប់ពីអ្វីដែលយើងកំពុងធ្វើឲ្យកូនស្តាប់ ដើម្បីឲ្យទំនាក់ទំនងរវាងម៉ាក់ប៉ា និងអូនតូចកាន់តែល្អ។
មួយវិញទៀត នៅពេលយើងកំពុងនិយាយគ្នាជាមួយមិត្តភក្តិ ឬក៏នរណាម្នាក់ គួរទុកកូនឲ្យនៅស្តាប់ដែរ ធ្វើបែបនេះអាអូនអាចរៀនពីការសន្ទនារបស់យើង។
វ័យប៉ុណ្ណេះម៉ាក់ប៉ាមិនទាន់ដឹងថា កូននឹងប្រើដៃឆ្វេង ឬក៏ស្តាំនោះទេ ទោះជាអាអូនចាប់ផ្តើមប្រើដៃម្តងម្ខាងក៏ដោយ។ ឈានដល់អាយុ ២-៣ ឆ្នាំ យើងនឹងច្បាស់ ១០០% ថា កូនយើងប្រើដៃមួយណា។

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
ម៉ាក់ប៉ាប្រាកដជាដឹងច្បាស់ គ្រូពេទ្យមិនតម្រូវឲ្យយើងជួបដើម្បីតាមដានការលូតលាស់កូនរៀងរាល់ខែនោះទេ ប៉ុន្តែក្នុងករណីមានចម្ងល់ ឬបញ្ហាបន្ទាន់អ្វីមួយយើងអាចទូរសព្ទសាកសួរ នាំកូនទៅជូបពេទ្យជាបន្ទាន់។
៣- ត្រូវដឹងពីអីខ្លះ?
ជ្រាំងអណ្តាត៖ កើតឡើងដោយសារការឆ្លងរបស់ពពួកមេរោគផ្សិតកង់ឌីដា អាល់ប៊ីកង (Candida Albicans) ដែលធ្វើឲ្យឡើងកំណកពណ៌សៗនៅលើថ្ពាល់ អណ្តាត ឬក៏បបូរមាត់ក្មេង (ស្រដៀងនឹងក្អួតក្មេង) ប៉ុន្តែមិនអាចជូតជ្រះទេ។ មេរោគនេះអាចឆ្លងចូលដល់ប្រព័ន្ធរំលាយអាហារបេប៊ី បណ្តាលឲ្យគូទឡើងកន្ទួលរមាស់ ជួនកាលអាចឆ្លងទៅដល់ប្រដាប់ភេទ (ពិសេសក្មេងស្រី)។
ម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ ក៏អាចឆ្លងមេរោគនេះតាមមាត់របស់អាអូនដែរ ពិសេសនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ។ សុដន់យើងនឹងស្ងួត ហើយអាចឈឺពេលបំបៅកូន។ យើងគួរទៅជួបគ្រូពេទ្យដើម្បីព្យាបាលទាំងខ្លួនឯង និងកូន។
អំឡុងព្យាបាលយើងត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ លាងសម្អាត និងស្ងោររបស់ក្មេងលេងដើម្បីសម្លាប់មេរោគឲ្យបានញឹកញាប់ ឬអាចលាបក្រែមប្រឆាំងនឹងមេរោគផ្សិត (Clotrimazole) នៅលើក្បាលសុដន់ រួមជាមួយថ្នាំប្រឆាំងការរលាក។
លិង្គហើម៖ អាការៈហើមលិង្គនៅលើអូនតូចមិនមែនជាបញ្ហាធំដុំគួរបារម្ភនោះទេ ភាគច្រើនកើតឡើងដោយសារតែបញ្ហាកន្ទួលរមាស់ ម៉ាក់ប៉ាមិនបានផ្លាស់ប្តូរខោទឹកនោមញឹកញាប់។ ទោះជាមិនធ្ងន់ធ្ងរក្តី តែវាអាចបណ្តាលឲ្យអាអូនពិបាកនោម។ បើពិបាកនោមខ្លាំង យើងអាចឲ្យកូនត្រាំក្នុងទឹកក្តៅឧណ្ហៗមួយភ្លែត។ បើ ២-៣ថ្ងៃ អាអូននៅតែមិនធូរស្បើយ យើងគួរតែយកទៅពិគ្រោះជាមួយគ្រូពេទ្យ។
កន្ត្រាក់មិនឈប់៖ ទោះបីជាបេប៊ីបានចេញពីផ្ទៃម្តាយជាច្រើនសប្តាហ៍ក្តី ក៏ប្រព័ន្ធប្រសាទ និងខួរក្បាលនៅមិនទាន់លូតលាស់ពេញលេញដែរ។ ដូច្នេះអូនតូចមិនទាន់គ្រប់គ្រងចលនាសាច់ដុំបានល្អនោះទេ ពេលខ្លះជើង ឬដៃកន្ត្រាក់មិនឈប់។ ម៉ាក់ប៉ាត្រូវសង្កេត បើឃើញកូនកន្រ្តាក់មិនសូវលោះពេល គួរតែទៅជួបពេទ្យដើម្បីរកវិធីកែខៃទាន់ពេលវេលា។
៤- រឿងអីខ្លះត្រូវបារម្ភ?
ដើម្បីឲ្យកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ យើងត្រូវតែបំបៅអាអូនទោះបីជាពេលយប់ថ្មើរម៉ានក៏ដោយ។ បេប៊ីមួយចំនួនលែងត្រូវការបៅពេលយប់នៅអាយុ ៣ ខែ ឯមួយចំនួនធំនៅតែត្រូវការបៅប្រហែលជា ២-៣ដង/យប់។
យ៉ាងណាមិញ យើងមិនគួរបន្តបំបៅកូន ៣-៤ ដងទៀតនោះទេ គួរតែកាត់បន្ថយការបំបៅកូនពេលយប់បន្តិចម្តងៗ ដើម្បីឲ្យកូនបានគេងច្រើនជាងមុន។ កាត់បន្ថយការម៉ឹមរបស់អាអូន មិនស្រួលប៉ុន្មាននោះទេ ប៉ុន្តែយើងអាចធ្វើតាមវិធីខាងក្រោមនេះ៖
– បន្ថែមបរិមាណឲ្យកូនបៅច្រើន
– ឲ្យកូនបៅមុនរាល់ដង
– ត្រូវប្រាកដថាបរិមាណទឹកដោះគោគ្រប់គ្រាន់
– ឲ្យកូនបៅតិចនៅម៉ោងដែលយើងចង់កាត់បន្ថយ
– ឲ្យកូនបៅច្រើននៅម៉ោងដែលយើងបន្តឲ្យបៅ
– បំបែកបន្ទប់គេង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 249-288.
កំណែប្រែបច្ចុប្បន្ន
23/01/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ