ដោយហេតុថា អាការៈខាងលើអាចច្រឡំនឹងជំងឺផ្សេងៗ ម៉ាក់ប៉ាត្រូវកត់ចំណាំពីចំណុចពិសេសនៃរោគសញ្ញាជំងឺគ្រុនឈាមដំណាក់កាលដំបូងនោះគឺក្មេងក្តៅខ្លួន៣ថ្ងៃ ចាប់ផ្តើមត្រជាក់វិញ តែអាការៈផ្សេងៗនៅតែមិនធូរ បានន័យថាក្មេងនៅគេងសន្លឹម មិនសូវលេង មិនសូវញ៉ាំដដែល ម៉ាក់ប៉ាត្រូវប្រញាប់នាំជួបគ្រូពេទ្យ។
ដំណាក់កាលទី២
ជាដំណាក់កាលក្មេងចាប់ត្រជាក់ខ្លួន ប៉ុន្តែសុខភាពក្មេងមិនទាន់ស្រួលនោះទេ ហើយរោគសញ្ញាដែលកើតចេញនៅដំណាក់កាលទី១ នៅមានដដែល តែរាងធ្ងន់ជាងមុន។ ឧ. ក្មេងឈឺពោះជាងមុន ក្មេងធ្លាប់តែដេកសន្លឹម ទៅជាឡេះឡះ អាចមានហូរឈាមច្រើនជាងមុន មានវិបត្តិជីពចរ សម្ពាធឈាមធ្លាក់ចុះ ស្ហុក ត្រជាក់ចុងដៃជើង។ ដំណាក់កាលទី២នេះ ជាដំណាក់កាលធ្ងន់ធ្ងរ ក្មេងអាចហូរឈាមខ្លាំង ឈាមអាចខាប់ក្នុងសរសៃឈាម តែឈាមហ្នឹងចេញក្នុងខ្លួន ធ្វើឲ្យហើមសួត ក្មេងហត់ ប៉ះពាល់ទៅលើតម្រងនោម ថ្លើម ខួរក្បាល និងអាចធ្វើឲ្យក្មេងស្លាប់។