ការឈឺក្រលៀនដែលកើតឡើងចំពោះកុមារអាចបណ្ដាលមកពីកត្តាផ្សេងៗ ដូចជារបួសសាច់ដុំក្រលៀនជាដើម។ ការឈឺចាប់នេះ បង្កឡើងដោយសារតែរមួលសរសៃប្រសាទ សាច់ដុំ សរសៃពួរ សរសៃចំណង ឬឆ្អឹងនៅក្នុងតំបន់ក្រលៀន។ ពិតណាស់ អាការៈឈឺក្រលៀននេះ ជាទូទៅកើតឡើងចំពោះកុមារដែលចូលចិត្តលេងកីឡា។ ប៉ុន្តែ បើរោគសញ្ញារបស់ក្មេងនៅតែបន្ត ទោះជាបានសម្រាកគ្រប់គ្រាន់យ៉ាងណាក្ដី ប៉ាម៉ាក់គប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
មូលហេតុ និងកត្តាហានិភ័យនាំឲ្យកុមារឈឺក្រលៀន
ជាធម្មតា ការឈឺចាប់នៅតំបន់ក្រលៀនមានការវិវត្តដោយសារតែរបួសសាច់ដុំក្រលៀននៅពេលថ្មីៗ។ បញ្ហានេះអាចកើតឡើងដោយសារតែ៖
- របួសពីមុន
- ការលើករបស់ធ្ងន់ៗ និងការដួលភ្លាមៗ
- ហាត់ប្រាណខ្លាំងក្លា ដោយមិនបានកម្ដៅសាច់ដុំគ្រប់គ្រាន់ ដែលនាំឲ្យរមួល ឬរហែកសាច់ដុំ
- ការផ្លាស់ប្ដូរទិសដៅភ្លាមៗនៅពេលកំពុងរត់ អំឡុងពេលលេងកីឡា
- សន្ធឹងជើងវែងពេក អំឡុងពេលធ្វើសកម្មភាពពត់ពែនខ្លួន
- គ្រោះថ្នាក់ ឬរបួសសាច់ដុំនៅតំបន់ក្រលៀន
- ការបត់ចូលនៃត្រគាក ដែលអាចធ្វើឲ្យខូចសន្លាក់ត្រគាក និងនាំឲ្យឈឺក្រលៀន
- បញ្ហាត្រគាកដូចជា ជំងឺរលាកសន្លាក់ឆ្អឹងត្រគាក។
រោគសញ្ញានៃការឈឺក្រលៀន
- ឈឺចាប់ត្រគាកស្រួចស្រាល់ និងការឈឺចាប់ចលនានៃសន្លាក់ត្រគាក
- ឈឺជង្គង់ ឈឺសន្លាក់ និងឈឺភ្លៅភ្លាមៗ
- ពិបាកក្នុងការលើកជង្គង់
- ដើរមិនប្រក្រតីដោយសារតែឈឺសន្លាក់
- ឈឺចាប់ ហើម និងមានស្នាមជាំនៅបរិវេណក្រលៀន
- ផ្លាស់ប្ដូរពណ៌នៅស្បែកតំបន់ក្រលៀន និងជុំវិញក្រលៀន
- គ្មានកម្លាំងកំហែងនៅជើង។
គន្លឹះមួយចំនួន ដើម្បីដោះស្រាយបញ្ហាឈឺក្រលៀន
ដើម្បីដោះស្រាយបញ្ហាឈឺក្រលៀន យើងចាំបាច់ត្រូវកំណត់ពីមូលហេតុជាមុនសិន។ កុមារដែលជួបបញ្ហានេះ គប្បីសម្រាកឲ្យបានគ្រប់គ្រាន់ និងមិនត្រូវធ្វើសកម្មភាពខ្លាំងក្លាឡើយ។ ការឈឺចាប់នេះ អាចនឹងបាត់ទៅវិញក្នុងរយៈពេលមួយខែ ឬពីរខែ ប៉ុន្តែប៉ាម៉ាក់គប្បីឲ្យកូនអនុវត្តតិចនិកមួយចំនួន ដើម្បីពង្រឹងសាច់ដុំ និងបង្កើនល្បឿននៃការព្យាបាល។
- ស្អំកំណាត់ត្រជាក់នៅបរិវេណក្រលៀនពីរបីដងក្នុងមួយថ្ងៃ រយៈពេល១០ទៅ២០នាទី ដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយការហើម។
- ស្អំកំណាត់ក្ដៅឧណ្ហៗ នៅបរិវេណក្រលៀន នៅពេលដែលបាត់អាការៈហើម។ ការស្អំត្រជាក់ និងស្អំក្ដៅអាចកាត់បន្ថយការឈឺចាប់ភ្លៅ និងសន្លាក់។
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ អាចជួយឲ្យកុមារបានធូរស្រាលពីការឈឺចាប់ ប៉ុន្តែ ប៉ាម៉ាក់គប្បីពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណត្រឹមត្រូវ។
វិធីសាស្ត្រការពារការឈឺក្រលៀនកើតលើកុមារ
របួស ឬការឈឺក្រលៀន អាចបង្ការបានដោយឲ្យកូនកម្ដៅសាច់ដុំ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ប្រសិនបើកុមារមានប្រវត្តិឈឺក្រលៀន ប៉ាម៉ាក់គប្បីណែនាំកូនដូចខាងក្រោម៖
- ជៀសវាងសន្ធឹងសាច់ដុំខ្លាំងជ្រុល បើមានអារម្មណ៍ឈឺចាប់ ឬទន់ខ្សោយ
- លើកទឹកចិត្តកូនឲ្យហាត់ប្រាណប្រភេទថ្មី ឬបន្តការហាត់កីឡាក្នុងឥរិយាបថយឺតៗ
- កម្ដៅសាច់ដុំ មុនពេលលេងកីឡា
- បង្កើតទម្លាប់ហាត់ប្រាណ ដើម្បីពង្រឹងរាងកាយ ពីព្រោះអាចជួយបង្ការរបួសសាច់ដុំបាន។
[embed-health-tool-vaccination-tool]