backup og meta

ប៉ាម៉ាក់គួរដឹង ភេសជ្ជៈ​សុខភាព​សម្រាប់​កុមារ​ទៅ​តាម​វ័យ​​​ជួយឲ្យកូនមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 11, 2023

    ប៉ាម៉ាក់គួរដឹង ភេសជ្ជៈ​សុខភាព​សម្រាប់​កុមារ​ទៅ​តាម​វ័យ​​​ជួយឲ្យកូនមានសុខភាពល្អ

    ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​ និង​ធានា​ថា​ក្មេង​តូច​ៗ និង​ក្មេង​វ័យ​ជំទង់​ទទួល​សុខភាព​ល្អ​ របប​អាហារ​តែ​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​គប្បី​យល់​ដឹង​អំពី​ប្រភេទ​ភេសជ្ជៈ​ដែល​ផ្ដល់​សុខភាព​ល្អ​ដល់​កូន​ៗ​ទៅ​តាម​វ័យ​របស់​ពួក​គេ​។

    អាហារ​សុខភាព​សម្រាប់​កូន​​ក្រោម​អាយុ​៦​ខែ​

    នៅ​ពេល​ដែល​ទារក​មាន​វ័យ​ក្រោម​៦​ខែ​ ពួក​គេ​ត្រូវការ​តែ​ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅ​ទឹក​ដោះ​គោ​ប៉ុណ្ណោះ​។​ ជាក់​ស្ដែង ទឹក​ដោះ​ម្ដាយ​ និង​​ម្សៅ​ទឹក​ដោះ​គោ​​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក​ ដើម្បី​ទទួល​បាន​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​។

    ភេសជ្ជៈ​សុខភាព​សម្រាប់​​កូន​​អាយុ​ចាប់​ពី​៦​ខែ​ ដល់​១២​ខែ​

    ម៉ាក់​ៗ​អាច​​ផ្ដល់​ទឹក​​ឆ្អិន​តិចតួច​ដោយ​ចាក់​​ដាក់​កែវ​ សម្រាប់​កូន​​ដែល​កំពុង​បៅ​ដោះ​ម្ដាយ​ និង​ម្សៅ​ទឹក​ដោះ​គោ​ ចាប់​ពី​ទារក​អាយុ​​៦​ខែ​ឡើង​ទៅ​។​ ​ការ​ញ៉ាំ​ទឹក​ដោយ​ប្រើ​កែវ​ជំនួស​ឲ្យ​ដប​ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​​អំពី​ការ​ប្រើប្រាស់​កែវ​បាន​ល្អ​។​ ប្រសិនបើ​អា​អូន​ញ៉ាំ​ភេសជ្ជៈ​ក្រៅ​ពី​ទឹក​ ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅ​ទឹក​ដោះ​គោ​នៅ​ក្នុង​រយៈពេល​១២​ខែ​ដំបូង​ ​វា​អាច​រាំងស្ទះ​ដល់​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់​របស់​ទារក​​។

    ក្រោយ​អាយុ​១២​ខែ​ ម៉ាក់​ៗ​អាច​ផ្ដល់​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ មិន​បន្ថែម​រស់ជាតិ និង​សម្លាប់មេរោគរួច​​ ប្រសិនបើ​អា​អូន​កំពុង​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាពហើយ​។​​

    ចំពោះ​ទឹក​ដោះ​គោ​ដែល​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​ មិន​គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ញ៉ាំ​ឡើយ​ ពីព្រោះ​ទារក​ និង​ក្មេង​តូច​ៗ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ពេញលេញ​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​​ថាមពល​ ការ​លូតលាស់​ និង​ការអភិវឌ្ឍ​។ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ក៏​អាច​បន្ត​បំបៅ​ដោះ​អា​អូន​ក្រោយ​អាយុ​១២​ខែ​ផង​ដែរ​​ ហើយ​ប្រសិនបើ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ​​មុន​អាយុ​១២​ខែ​ ពេល​កូន​អាច​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព ពួក​គេ​ប្រហែល​ជា​មិន​ត្រូវ​ការ​បៅ​ម្សៅ​ទឹក​ដោះ​គោ​ ក្រោយ​អាយុ​១២​ខែ​ឡើយ​​។​

    ភេសជ្ជៈ​សុខភាព​សម្រាប់​ក្មេង​តូច​ៗ​ កុមារ​ទើប​ចូល​រៀន​ និង​កុមារ​ធំ​ៗ​

    ចំពោះ​ក្មេង​តូច​ៗ​ និង​កុមារ​ធំៗ​ ទឹក​ឆ្អិន​ និង​ទឹក​ដោះ​គោ​ គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​គេ​។​ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ក្មេង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ពេញ​មួយ​ថ្ងៃ​ ហើយ​ជា​ពិសេស​ គឺ​នៅ​ក្នុង​រដូវ​ក្ដៅ​តែ​ម្ដង​ ឬ​នៅ​ពេល​ក្មេង​រត់​លេង​ច្រើន​។ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ក៏​អាច​បញ្ចៀស​ការ​ទល់​លាមក​ផង​ដែរ​។

    ភេសជ្ជៈសម្រាប់ក្មេង២

    ភេសជ្ជៈ​ដែល​មិន​ល្អ​ដល់​សុខភាព​៖ ទឹក​ផ្លែ​ឈើ​

    ​ទឹក​ផ្លែឈើ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ និង​មិន​មាន​ជាតិ​សរសៃ​ច្រើន​ឡើយ​។​ ពិត​ណាស់​ ក្មេង​ៗ​មិន​ត្រូវការ​ជាតិ​ស្ករ​បន្ថែម​ឡើយ​ ប៉ុន្តែ​ពួក​គេ​ត្រូវការ​ជាតិ​សរសៃ​។​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​គឺ​ល្អ​បំផុត​សម្រាប់​កុមារ​ ជាជាង​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​។

    ប្រសិនបើ​កុមារ​ញ៉ាំ​ទឹក​ផ្លែឈើ​ ចូរ​​កំណត់​បរិមាណ​ត្រឹម​កន្លះ​​កែវ​​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​ និង​ឲ្យ​កូន​ញ៉ាំ​នៅ​ពេល​ជាក់លាក់​ណាមួយ​ ឬ​នៅ​អំឡុង​ពេល​ដែល​ក្មេង​បញ្ចេញ​សកម្មភាព​ប្រចាំ​ថ្ងៃ​។

    ភេសជ្ជៈ​ដែល​មិន​ល្អ​ដល់​សុខភាព​​ដទៃ​ទៀត​

    ពពួក​ទឹក​ក្រូច​កំប៉ុង​ ភេសជ្ជៈ​សម្រាប់​អ្នក​លេង​កីឡា​ និង​ភេសជ្ជៈ​បន្ថែម​ថាមពល មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​ច្រើន​ គឺ​មិន​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​កុមារ​ឡើយ​។ ភេសជ្ជៈ​ទាំង​នេះ​​​អាច​​ជំនួស​ឲ្យ​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ ហើយ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​លើស​ទម្ងន់​ និង​ពុក​ធ្មេញ​។​ បន្ថែម​ពី​នេះ​ ភេសជ្ជៈ​ខ្លះ​ទៀត​ក៏​មាន​ផ្ទុក​សារធាតុ​កាហ្វេអ៊ីន​ ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​សប្បាយ​ចិត្ត​ខ្លាំង​ ហើយ​បន្ទាប់​មក​ក៏​ហត់​នឿយ​។​ ម្យ៉ាង​វិញ​ទៀត​ ជាតិ​កាហ្វេ​អ៊ីន​ក៏​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​ក្មេង​ថែម​ទៀត​ផង​។

    រី​ឯ​តែ​ និង​កាហ្វេ​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន​ស្រាប់​ ក៏​អាច​ប៉ះពាល់​ដល់​ដំណេក​ អាកប្បកិរិយា​ និង​ការ​លូតលាស់​របស់​ក្មេង​ដូច​គ្នា​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម