backup og meta

កុមារ​ឈឺ​ក្រលៀន​​បណ្ដាល​មក​ពី​អ្វី? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 29, 2021

    កុមារ​ឈឺ​ក្រលៀន​​បណ្ដាល​មក​ពី​អ្វី? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ឈឺ​ក្រលៀន​ដែល​កើត​ឡើង​ចំពោះ​កុមារ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ ដូចជា​​​របួស​សាច់ដុំ​ក្រលៀន​ជាដើម។ ការ​ឈឺ​ចាប់​នេះ​ បង្ក​ឡើង​ដោយ​សារ​តែ​រមួល​សរសៃ​ប្រសាទ​ សាច់ដុំ​ សរសៃ​ពួរ សរសៃ​ចំណង​ ឬ​ឆ្អឹង​នៅ​ក្នុង​តំបន់​ក្រលៀន​។ ពិត​ណាស់​ អាការៈ​ឈឺ​ក្រលៀន​នេះ​ ជា​ទូទៅ​កើត​ឡើង​ចំពោះ​កុមារ​ដែល​ចូលចិត្ត​​លេង​កីឡា។ ប៉ុន្តែ​ បើ​រោគសញ្ញា​របស់​ក្មេង​នៅ​តែ​បន្ត ទោះ​ជា​បាន​សម្រាក​គ្រប់គ្រាន់​យ៉ាង​ណា​ក្ដី ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ទើប​ជា​ការ​ប្រសើរ​។

    ​មូលហេតុ​ និង​កត្តា​ហានិភ័យ​​​នាំ​​ឲ្យ​កុមារ​ឈឺ​ក្រលៀន​

    ជា​ធម្មតា ការ​ឈឺ​ចាប់​នៅ​តំបន់​ក្រលៀន​​មាន​ការវិវត្ត​​ដោយ​សារ​តែ​របួស​សាច់ដុំ​ក្រលៀន​នៅ​ពេល​ថ្មី​ៗ​។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ៖

    • របួស​ពី​មុន​
    • ការ​លើក​របស់​ធ្ងន់​ៗ​ និង​ការ​ដួល​ភ្លាម​ៗ​
    • ហាត់​ប្រាណ​ខ្លាំង​ក្លា​ ដោយ​មិន​បាន​កម្ដៅ​សាច់ដុំ​គ្រប់គ្រាន់​ ដែល​នាំ​ឲ្យ​រមួល​ ឬ​រហែក​សាច់ដុំ
    • ការ​ផ្លាស់ប្ដូរ​ទិសដៅ​ភ្លាម​ៗ​នៅ​ពេល​កំពុង​រត់​​ អំឡុង​ពេល​លេង​កីឡា​
    • សន្ធឹង​ជើង​វែង​​ពេក ​អំឡុង​ពេល​ធ្វើ​សកម្មភាព​ពត់​ពែន​ខ្លួន​
    • គ្រោះថ្នាក់​ ឬ​របួស​សាច់ដុំ​នៅ​តំបន់​ក្រលៀន​
    • ការ​បត់​ចូល​នៃ​ត្រគាក​ ដែល​អាច​​ធ្វើ​ឲ្យ​ខូច​សន្លាក់​ត្រគាក និង​នាំ​ឲ្យ​ឈឺ​ក្រលៀន​
    • បញ្ហា​ត្រគាក​ដូចជា​ ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ត្រគាក។

    ឈឺក្រលៀន

    រោគសញ្ញា​នៃ​ការ​ឈឺ​ក្រលៀន​

    • ឈឺចាប់​ត្រគាក​ស្រួចស្រាល់ និង​ការ​ឈឺ​ចាប់​ចលនា​នៃ​សន្លាក់​ត្រគាក​
    • ឈឺ​ជង្គង់​ ​ឈឺ​សន្លាក់​ និង​ឈឺ​ភ្លៅ​ភ្លាម​ៗ​
    • ពិបាក​ក្នុង​ការ​លើក​ជង្គង់​
    • ដើរ​​មិន​ប្រក្រតី​​ដោយ​សារ​តែ​ឈឺ​សន្លាក់​
    • ឈឺចាប់​ ហើម​ និង​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ក្រលៀន​
    • ផ្លាស់ប្ដូរ​ពណ៌​នៅ​ស្បែក​​តំបន់​ក្រលៀន​ និង​ជុំវិញ​ក្រលៀន​
    • គ្មាន​កម្លាំង​កំហែង​នៅ​ជើង។

    ​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​

    ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ យើង​ចាំបាច់​ត្រូវ​កំណត់​ពី​មូលហេតុ​ជា​មុន​សិន​។ កុមារ​ដែល​ជួប​បញ្ហា​នេះ គប្បី​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ​និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ឡើយ​។ ការ​ឈឺ​ចាប់​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​មួយ​ខែ ឬ​ពីរ​ខែ​ ប៉ុន្តែ​ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សាច់ដុំ​ និង​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល​។

    • ស្អំ​កំណាត់​ត្រជាក់​នៅ​បរិវេណ​ក្រលៀន​​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​១០​ទៅ​២០​នាទី ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ និង​កាត់បន្ថយ​ការ​ហើម។
    • ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ នៅ​បរិវេណ​ក្រលៀន​ នៅ​ពេល​ដែល​បាត់​អាការៈ​ហើម​។ ការ​ស្អំ​ត្រជាក់​ និង​ស្អំ​ក្ដៅ​អាច​កាត់បន្ថយ​ការ​ឈឺចាប់​ភ្លៅ និង​សន្លាក់​​។
    • ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ អាច​​ជួយ​ឲ្យ​កុមារ​បាន​ធូរ​ស្រាល​ពី​ការ​ឈឺ​ចាប់​ ប៉ុន្តែ​ ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​អំពី​បរិមាណ​​ត្រឹមត្រូវ​។

    វិធីសាស្ត្រ​ការពារ​ការ​ឈឺ​ក្រលៀន​កើត​លើកុមារ​

    របួស​ ឬ​ការ​ឈឺ​ក្រលៀន​​ អាច​បង្ការ​បាន​ដោយ​​ឲ្យ​កូន​កម្ដៅ​សាច់ដុំ​ និង​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​។ ប្រសិនបើ​កុមារ​មាន​ប្រវត្តិ​ឈឺ​ក្រលៀន​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ដូច​ខាង​ក្រោម​៖

    • ជៀសវាង​សន្ធឹង​សាច់ដុំ​ខ្លាំង​ជ្រុល​ បើ​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ទន់ខ្សោយ
    • លើក​ទឹក​ចិត្ត​កូន​ឲ្យ​ហាត់​ប្រាណ​ប្រភេទ​ថ្មី ឬ​បន្ត​ការ​ហាត់​កីឡា​ក្នុង​ឥរិយាបថ​យឺត​ៗ​
    • កម្ដៅ​សាច់ដុំ​ មុន​ពេល​លេង​កីឡា
    • បង្កើត​ទម្លាប់​ហាត់​ប្រាណ ដើម្បី​​ពង្រឹង​រាងកាយ ពីព្រោះ​អាច​ជួយ​បង្ការ​របួស​សាច់ដុំ​បាន​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម