ធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើនៅពេលធ្មេញស្រុក (ធ្មេញថ្មី) ចាប់ផ្តើមដុះចេញ ដោយសារធ្មេញស្រុកដុះនៅក្រោមឫសធ្មេញទឹកដោះដែលធ្វើឱ្យឫសធ្មេញទឹកដោះរលាយ ហើយសឹករហូតនៅសល់តែក្បាលធ្មេញជាប់នឹងសាច់អញ្ចាញ។ តើកុមារដូរធ្មេញនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរជួយដកធ្មេញទឹកដោះបែបណាទើបមិនឆ្លងមេរោគ?
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់បានឱ្យដឹងថា ជាទូទៅធ្មេញទឹកដោះរង្គើបាក់នៅពេលកុមារមានអាយុចាប់ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។
១. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីឱ្យធ្មេញកូនរង្គើខ្លាំងឆាប់បាក់?
បើម៉ាក់ប៉ាចង់ជួយឱ្យធ្មេញទឹកដោះកូនរង្គើខ្លាំងឆាប់បាក់ ម៉ាក់ប៉ាអាចជួយអង្រួនធ្មេញកូនតាមចលនារុញធ្មេញចេញក្រៅចូលក្នុងបាន តែត្រូវលាងសម្អាតដៃឱ្យបានស្អាតជាមុនសិនចៀសវាងចម្លងមេរោគចូលក្នុងមាត់កូន។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏អាចប្រាប់ឱ្យកូនយកអណ្តាតរុញធ្មេញលេងដើម្បីជំរុញធ្មេញទឹកដោះឱ្យឆាប់បាក់បានដែរ។
២. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរជួយដកធ្មេញឱ្យកូនតាមវិធីណា និងនៅពេលណាទើបមានសុវត្ថិភាព?
ម៉ាក់ប៉ាអាចជួយដកធ្មេញទឹកដោះឱ្យកូនក្នុងករណីធ្មេញទឹកដោះនោះរង្គើខ្លាំងដោយលាងសម្អាតដៃជាមុន រួចប្រើដៃចាប់ទាញក្បាលធ្មេញដែលជាប់នឹងសាច់អញ្ចាញ ឬប្រើវិធីទាក់ខ្សែអំបោះដោយចងខ្សែអំបោះជាមួយក្បាលធ្មេញ រួចទាញកន្រ្តាក់ឱ្យខ្លាំងដើម្បីឱ្យក្បាលធ្មេញរបេះចេញ។ ម៉ាក់ប៉ាគួរដកធ្មេញឱ្យកូននៅពេលព្រឹក ឬពេលថ្ងៃដើម្បីងាយស្រួលក្នុងការតាមដានការហូរឈាមរបស់កូន។
៣. បន្ទាប់ពីដកធ្មេញទឹកដោះ ម៉ាក់ប៉ាគួរធ្វើបែបម៉េចដើម្បីជួយទប់ឈាម និងការពារកុំឱ្យឆ្លងមេរោគ?
បន្ទាប់ពីជួយដកធ្មេញឱ្យកូនហើយ ម៉ាក់ប៉ាអាចមូរកំប្រេស ឬសម្លីដែលបានសម្លាប់មេរោគហើយឱ្យណែន ហើយឱ្យកូនខាំឱ្យនៅកន្លែងចន្លោះធ្មេញដែលបានដករួចឱ្យជាប់យ៉ាងហោចណាស់ ១៥ នាទីទើបអាចដកចេញ។ បន្ទាប់ពីដកសំឡីចេញហើយ ម៉ាក់ប៉ាត្រូវហាមកូនកុំឱ្យយកដៃទៅប៉ះចន្លោះធ្មេញដែលបានដករួច ចៀសវាងបង្កឱ្យមានការឈឺចាប់ ហូរឈាម ឬឆ្លងមេរោគជាដើម។ ជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបំបាត់ការឈឺចាប់ទៅតាមអាយុ និងគីឡូរបស់កូនបាន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ក្រោយពេលដកធ្មេញទឹកដោះហើយ ម៉ាក់ប៉ាគួរឱ្យកូនតមអាហារអ្វីឬអត់?
ក្រោយពីដកធ្មេញទឹកដោះហើយ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារបានគ្រប់មុខ គ្រាន់តែប្រាប់កូនឱ្យចៀសវាងទំពាអាហារនៅត្រង់កន្លែងដែលបានដកធ្មេញដើម្បីកាត់បន្ថយការឈឺចាប់ ការហូរឈាម និងបង្ការការឆ្លងមេរោគជាដើម។
[embed-health-tool-vaccination-tool]
៥. ពេលណាម៉ាក់ប៉ាគួរដកធ្មេញទឹកដោះឱ្យកូនដោយខ្លួនឯង ហើយពេលណាគួរនាំទៅពេទ្យធ្មេញ?
ធ្មេញទឹកដោះរង្គើអាចមានពីរករណី។ បើធ្មេញទឹកដោះរង្គើខ្លាំង មានន័យថាឫសធ្មេញទឹកដោះរលាយអស់ច្រើន ដូច្នេះម៉ាក់ប៉ាអាចដកធ្មេញទឹកដោះឱ្យកូនបាន។ ផ្ទុយមកវិញ បើក្នុងករណីម៉ាក់ប៉ាជួយអង្រួនធ្មេញទឹកដោះ ឬឱ្យកូនអង្រួនធ្មេញដោយខ្លួនឯងហើយធ្មេញទឹកដោះនោះនៅតែអត់រង្គើខ្លាំងទៀត ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីដឹងថា ធ្មេញទឹកដោះនោះអាចដកបានឬទេ?
បើធ្មេញទឹកដោះរង្គើតិច ម៉ាក់ប៉ាមិនគួរព្យាយាមជួយដកធ្មេញទឹកដោះឱ្យកូនទេ ដោយសារឫសធ្មេញទឹកដោះនៅសល់ក្នុងឆ្អឹងវែង ហើយម៉ាក់ប៉ាក៏មិនមានឧបករណ៍សម្រាប់ធ្វើការដកធ្មេញទឹកដោះឱ្យកូនដូចគ្រូពេទ្យដែរ។
អត្ថបទគួរអាន៖
- អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?
- ប៉ាម៉ាក់! នេះជាវិធីសាស្ត្រថែទាំធ្មេញកូនៗទៅតាមវ័យ
- តិចនិកសម្អាតអណ្ដាតកូន ជួយថែទាំអនាម័យមាត់ធ្មេញ
- នៅពេលអាអូនចាប់ផ្ដើមដុះធ្មេញ ប៉ាម៉ាក់គួរធ្វើម៉េចខ្លះ?
- សុខភាពមាត់ធ្មេញកុមារសំខាន់ណាស់ ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន
- ឲ្យកូនបៀមក្បាលដោះសឹងរាល់ថ្ងៃ ធំឡើងខូចធ្មេញអត់?