ជាធម្មតាទារកទើបកើតពេលយំមិនចេញទឹកភ្នែកឡើយ បើទោះជាយំខ្លាំងយ៉ាងម៉េចក៏ដោយ តែនៅពេលវ័យចាស់ខែបន្តិច កូនចាប់ផ្ដើមយំមានទឹកភ្នែកដូចមនុស្សទូទៅហើយ ដូចនេះម៉ាក់ប៉ាមិនបាច់បារម្ភពេកឡើយចំពោះបញ្ហានេះ។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានប្រាប់ឲ្យដឹង។
លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះ បានឲ្យដឹងថា កូនង៉ែតយំមិនចេញទឹកភ្នែក ព្រោះពេលកើតភ្លាមៗបំពង់បង្ហូរទឹកភ្នែកមិនទាន់លូតលាស់ពេញលេញនៅឡើយ។ បើទារកទើបកើតយំមិនចេញទឹកភ្នែក ហើយបើមានទឹកភ្នែកទាំងមិនបានយំផង ភ្នែកកូនមានបញ្ហាទៅវិញទេ។ បញ្ហានោះ គឺកូនស្ទះរន្ធទឹកភ្នែក។
កូនចូលដល់វ័យ ១ ខែកន្លះទៅ ២ ខែកន្លះ ទើបយំមានទឹកភ្នែកតែមិនមែនជាទឹកភ្នែកស្រក់តក់ៗដូចយើងមនុស្សពេញវ័យឡើយ គឺត្រឹមសើមរោមភ្នែក ឬហៀរមកកន្ទុយភ្នែកប៉ុណ្ណោះ។ ចំពោះកូនដែលដល់វ័យ ២ ខែជាង ទៅយំនៅតែគ្មានទឹកភ្នែក ហើយគ្មានបញ្ហាស្ទះរន្ធទឹកភ្នែក គឺអាចបណ្ដាលមកពីការបាត់បង់ជាតិទឹក (មកពីក្ដៅខ្លួន ក្អួត ឬរាក)។
វេជ្ជបណ្ឌិតរូបនោះក៏បានណែនាំឲ្យម៉ាក់ប៉ាត្រូវស្វែងរកគ្រូពេទ្យជំនាញ ពេលមានមន្ទិលសង្ស័យ ឬកូនមានបញ្ហាឈឺភ្នែកផ្សេងៗ ហើយចៀសវាងការបន្តក់ទឹកដោះ ឬទឹកនោម ផ្ដេសផ្ដាស ព្រោះអាចប៉ះពាល់ដល់ភ្នែកកូនធ្ងន់ធ្ងររហូតដល់ពិការ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕