មកដល់ពេលនេះហើយ ម៉ាក់ប៉ាដែលតែងតែតាមដាន “Hello គ្រូពេទ្យ” ច្បាស់ជាដឹងហើយថា ក្មេងៗក្រោយឆ្លងជំងឺកូវីដ-១៩ មិនសូវប្រឈមនឹងគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរដូចមនុស្សចាស់ទេ។ ជាមួយនឹងករណីវីរុសបំប្លែង Omicron កាន់តែកើនឡើងក្នុងប្រទេស ម៉ាក់ប៉ាត្រូវបង្កើនការប្រុងប្រយ័ត្នលើសុខភាពកូន ពិសេសនោះគឺអាអូនតូចៗមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំងបាន។
តិចនិកការពារកូនតូចមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងអូមីក្រុង
អូមីក្រុង គឺឆ្លងខ្លាំងជាងវីរុសបំប្លែងមុនៗ ប៉ុន្តែរហូតមកដល់ពេលនេះហាក់ដូចជាមិនសូវបង្កភាពធ្ងន់ធ្ងរប៉ុន្មានទេ។ ចំពោះរោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុង លើក្មេងវិញ វេជ្ជបណ្ឌិត Grace M. Aldrovandi សាស្ត្រាចារ្យ និងជាប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យកុមារ UCLA Mattel ឲ្យដឹងថា ជាទូទៅ រោគសញ្ញាកូវីដ-១៩ លើកុមារ គឺមិនសូវធ្ងន់ធ្ងរជាងមនុស្សពេញវ័យទេ ហើយពួកគេក៏អាចមានរោគសញ្ញាក្រពះពោះវៀនច្រើនជាង បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យដែលមានជំងឺកូវីដ-១៩។
ស្របគ្នានេះ វេជ្ជបណ្ឌិត Priya Soni អ្នកឯកទេសជំងឺឆ្លងកុមារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedar-Sinai បាននិយាយថា រោគសញ្ញាវីរុសបំប្លែងអូមីក្រុង មានគ្រុនក្ដៅ ក្អកស្ងួត ឈឺបំពង់ក ឈឺរាងកាយ និងបែកញើសពេលយប់។ អ្នកស្រីបាននិយាយថា រោគសញ្ញាទាំងនេះពិតជាពិបាកក្នុងការបញ្ជាក់ចំពោះក្មេងៗណាស់ តែភាគច្រើន ក្មេងៗឆ្លងវីរុសនេះមានគ្រុនក្ដៅ និងហៀរសម្បោរ។