អ្នកជំងឺទឹកនោមផ្អែម កាលណាគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ព្យាបាលបានត្រឹមត្រូវ ចៀសផុតពីផលវិបាកផ្សេងៗ អាចរស់នៅបានយូរដូចមនុស្សជាធម្មតា។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។
តើអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេចទើបអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនេះថា អ្នកជំងឺត្រូវពិនិត្យជាតិស្ករក្នុងខ្លួនជាប្រចាំ ហើយត្រូវកំណត់របបអាហារឲ្យបានត្រឹមត្រូវ តើត្រូវញ៉ាំអាហារមានជាតិផ្អែមប៉ុនណា? ញ៉ាំនៅពេលណា?
១. ពិនិត្យមើលកម្រិតជាតិស្ករក្នុងខ្លួន
បច្ចេកវិទ្យាទំនើប អ្នកជំងឺទឹកនោមផ្អែមអាចទិញឧបករណ៍មកពិនិត្យមើលកម្រិតជាតិស្ករខ្លួនឯងបាន ដោយពេទ្យតម្រូវឲ្យតេស្តមើលកម្រិតជាតិស្ករជារៀងរាល់ថ្ងៃ អាច ២-៤ដង/ថ្ងៃ។ ពេលវេលាល្អបំផុតដែលត្រូវតេស្ដគឺ ពេលយើងភ្ញាក់ពីគេង និងមុនញ៉ាំអាហារពេលព្រឹក មុនពេលញ៉ាំអាហារថ្ងៃត្រង់ មុនពេលញ៉ាំអាហារពេលល្ងាច មុនពេលចូលគេង។ កម្រិតជាតិស្ករធម្មតា គឺ ៧៥-១១៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម កាលណាឃើញកម្រិតជាតិស្ករតិចពេកក៏មិនល្អ ច្រើនពេកក៏មិនល្អ ដូច្នេះអ្នកជំងឺត្រូវកត់ត្រាកម្រិតជាតិស្ករនោះ ហើយប្រាប់ទៅគ្រូពេទ្យ។
“កាលណាកម្រិតជាតិស្ករក្នុងឈាមឡើងដល់ ៤០០- ៥០០- ១០០០ អ្នកជំងឺសន្លប់បាត់ស្មារតីភ្លាមៗ តែបើព្យាបាលឲ្យចុះមកនៅធម្មតា អ្នកជំងឺទឹកនោមផ្អែមអាចរស់ដល់អាយុ ៧០-៨០ ដើរធម្មតា ធ្វើការធម្មតា រកស៊ីចិញ្ចឹមជីវិតធម្មតា គ្រាន់តែគាត់ត្រូវការលេបថ្នាំជាប់ជាប្រចាំ’។
២. កំណត់របបអាហារ
បើតាមលោកសាស្ត្រាចារ្យ សេង សេរី របបអាហារអ្នកជំងឺទឹកនោមផ្អែមមិនសូវជាតឹងតែងខ្លាំងដូចការលើកឡើងកន្លងមកនោះទេ។ អ្នកជំងឺអាចញ៉ាំអាហារដូចមនុស្សជាដូច្នេះដែរ គ្រាន់តែត្រូវកាត់បន្ថយចំណីអាហារណាដែលផ្អែមខ្លាំងប៉ុណ្ណោះ ដូចជាបង្អែម ភេសជ្ជៈ ឬផ្លែឈើដែលមានជាតិផ្អែមខ្លាំង។
“ដូចជាបង្អែមមួយចាន វាផ្អែមខ្លាំងណាស់ តែបើយើងចង់ហូប តិចតួចបាន ពេលយើងហូបបាយហើយភ្លាម កាលណាយើងហូបបាយចូលទៅ យើងមានបន្លែ មានស្អីៗចូលទៅ យើងហូបបង្អែមចូលទៅ ស្កររត់ចូលទៅក្នុងឈាមយើងយឺត តែបើយើងអត់ហូបអីសោះ ពោះទទេ ស្រាប់តែយើងម៉ោហូបបង្អែម ស្ករឡើងភ្លាម’។ លោកវេជ្ជបណ្ឌិត សេង សេរី រៀបរាប់។
៣. ជ្រើសអាហារណាមានកម្រិតជាតិស្ករតិច ឬផលិតឡើងសម្រាប់អ្នកជំងឺទឹកនោម
យើងដឹងហើយថា អ្នកជំងឺទឹកនោមផ្អែម មិនអាចញ៉ាំរបស់ផ្អែមបានច្រើនតាមចិត្តចង់នោះទេ ហើយក៏មិនអាចអត់ជាតិស្ករបានដែរ។ អ៊ីចឹងអ្នកគួរតែជ្រើសរើសរបស់ញ៉ាំដែលមានជាតិស្ករតិច ឬផលិតណាដែលផលិតឡើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម នោះទើបអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។ ចំពោះមនុស្សចាស់ ហើយមានជំងឺទឹកនោមផ្អែមទៀតនោះ គួរតែផឹកទឹកដោះគោឲ្យបានច្រើន ដើម្បីជំនួយសុខភាព ថែមទាំងបង្ការជំងឺពុកឆ្អឹងមួយមុខទៀត តែត្រូវជ្រើសរើសប្រភេទទឹកដោះគោណាដែលមិនធ្វើឲ្យធាត់ ឬផលិតឡើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
[embed-health-tool-bmi]