ទឹកនោមផ្អែម និងលើសឈាម សុទ្ធជាជំងឺកាចសាហាវឆក់យកជីវិតមនុស្សជាច្រើនរៀងរាល់ឆ្នាំ អាចកើតលើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ជំទង់ ខណៈស្រុកយើងក៏សម្បូរអ្នកជំងឺទាំងពីរប្រភេទនេះដែរ។
គ្នាយើង និងចាស់ៗនៅផ្ទះ មានកើតទឹកនោមផ្អែមផង លើសឈាមផង គួរប្រុងប្រយ័ត្ន។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារគួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីរក្សាសុខភាពឲ្យប្រសើរ។
៣ ភាគ ៤ គ្នាយើងកើតទឹកនោមផ្អែម សុទ្ធតែមានបញ្ហាលើសឈាម។ កត្តារបបអាហារ សំខាន់បំផុតគ្រប់គ្រងសុខភាពរបស់យើងប្រចាំថ្ងៃ៖
១- ជាតិសូដ្យូម (អំបិល)
គ្នាយើងលើសឈាម ត្រូវតមប្រៃដាច់ខាត អនុញ្ញាតឲ្យញ៉ាំត្រឹមតែ ១៥០០ មិល្លីក្រាម (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ អាហារនៅតាមហាង មានជាតិអំបិល និងសារធាតុប្រៃខ្លាំង អ៊ីចឹងគួរចំណាយពេលចម្អិននៅផ្ទះប្រសើរជាង ចំណេញទាំងលុយកាក់ បានទាំងសុខភាព។
២- គ្រាប់ធញ្ញជាតិ និងជាតិម្សៅ
គ្រាប់ធញ្ញជាតិ និងអាហារជាតិម្សៅ សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមចាំបាច់ អាចធ្វើឲ្យជាតិស្ករក្នុងឈាមប្រសើរឡើង និងឆ្អែតបានយូរ។
៣- ចេក
ចេកសម្បូរប៉ូតាស្យូម អាចបន្ថយអំពើរបស់សូដ្យូម (អំបិល) ទៅលើសរសៃឈាម ដូចនេះគួរញ៉ាំចេកឲ្យបានច្រើន។
៤- ស្រា
អាល់កុល មានជាតិស្ករខ្ពស់ ចឹងហើយគួរតែចៀសវាង។
៥- បន្លែ និងផ្លែឈើ
ដោយសារបន្លែ និងផ្លែឈើពោរពេញដោយរ៉ែខនិជ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាមានឥទ្ធិពលគ្រប់គ្រងសម្ពាធឈាម និងរក្សាលំនឹងជាតិស្ករ។
៦- កាហ្វេ
បន្ថយឲ្យមកនៅត្រឹម ២០០ មិល្លីក្រាម/ថ្ងៃ ព្រោះថាជាតិកាហ្វេអ៊ីន មានទំនាក់ទំនងជាមួយការកើនសម្ពាធឈាម និងជាតិស្ករក្នុងឈាមដូចគ្នា។
៧- អាហារខ្លាញ់
មានជំងឺទាំង ២ ប្រភេទនេះ មិនគួរញ៉ាំអាហារណាសម្បូរជាតិខ្លាញ់ទេ ព្រោះអាចបង្កឲ្យមានបញ្ហាបេះដូងទៅថ្ងៃក្រោយ។ ត្រូវញ៉ាំខ្លាញ់មានប្រភពពីរុក្ខជាតិ ដូចជា ផ្លែប៊ើរ ប្រេងអូលីវ និងគ្រាប់ធញ្ញជាតិ ជំនួសវិញ។
៨- សាច់សុទ្ធ
សាច់សុទ្ធ ជាប្រភពប្រូតេអ៊ីនជួយគ្រប់គ្រងជាតិស្ករបានល្អ និងធ្វើឲ្យយើងឆ្អែតបានយូរ ប៉ុន្តែមិនត្រូវញ៉ាំច្រើនពេកទេ។
៩- កំណត់ត្រាទុក
គ្នាយើងគួរកត់ត្រាទុកអ្វីជាទម្លាប់ និងរបបអាហារចាំបាច់សម្រាប់តាមដានអាការៈ និងភាពប្រសើរឡើងនៃជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]