និយមន័យ
១- អ្វីជាជំងឺខ្វះជាតិស្ករក្នុងឈាម?
ជំងឺខ្វះជាតិស្ករក្នុងឈាម កើតឡើងពេលគ្លុយកូសក្នុងឈាមធ្លាក់ចុះជាងកម្រិតធម្មតា។ គ្លុយកូស ជាប្រភពថាមពលដ៏សំខាន់សម្រាប់សារពាង្គកាយ ទទួលបានពីចំណីអាហារ។ គ្លុយកូសសម្បូរជាងគេ មានក្នុងអាហារផ្ទុកកាបូអ៊ីដ្រាត ដូចជា បាយ ដំឡូងបារាំង នំបុ័ង ទឹកដោះគោ ផ្លែឈើ និងបង្អែម។
លំពែងមាននាទីសំខាន់ គ្រប់គ្រងជាតិស្ករក្នុងឈាម និងជាអ្នកផលិតអ័រម៉ូនអាំងស៊ុយលីន ដែលមាននាទីជួយកោសិកាប្រើប្រាស់គ្លុយកូស ជាថាមពល និងបន្ថយកម្រិតគ្លុយកូសក្នុងឈាម។
មានអ័រម៉ូនសំខាន់មួយទៀត ចូលរួមគ្រប់គ្រងគ្លុយកូសក្នុងឈាម គឺអ័រម៉ូនគ្លុយកាហ្គុង មាននាទីធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដូចគ្នា។ ហេតុនេះពេលលំពែងមិនបានផលិតអ័រម៉ូនគ្លុយកាហ្គុងគ្រប់គ្រាន់ ជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះ បណ្ដាលឲ្យកើតជំងឺខ្វះជាតិស្ករក្នុងឈាមតែម្តង។
២- កើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះកម្រនឹងកើតលើមនុស្សពេញវ័យ ឬក្មេងជំទង់ ភាគច្រើនកើតលើអ្នកជំងឺទឹកនោមផ្អែម ព្យាបាលដោយចាក់អាំងស៊ុយលីន ឬព្យាបាលដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យច្បាស់លាស់។ ករណីខ្វះជាតិស្ករក្នុងឈាម ក៏អាចបណ្ដាលមកពីផលរំខាន ដោយការព្យាបាលជំងឺមួយចំនួន ដូចជាជំងឺខ្វះអ័រម៉ូន ឬដុំមហារីកជាដើម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញា មានញ័រ វិលមុខ ឈឺក្បាល បែកញើសញឹកញ៉ាប់ ឃ្លានច្រើន បេះដូងលោតញ៉ាប់ ស្បែកស្លេកស្លាំង អាចកើតអំឡុងពេលគេង និងធ្វើឲ្យយើងយំ ឬយល់សប្ដិអាក្រក់។
ដោយសារជាតិស្ករមាននាទីផ្ដល់ថាមពលរាងកាយ ហេតុនេះពេលខ្វះជាតិស្ដរក្នុងឈាម តែងមានអារម្មណ៍អស់កម្លាំង និងមិនសូវស្រួលខ្លួន ជាងនេះពេលជាតិស្ករធ្លាក់ចុះខ្លាំងភ្លាមៗ នឹងធ្វើឲ្យយើងសន្លប់ ឬប្រកាច់។
អាចមានរោគសញ្ញាដទៃទៀតដែលមិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើមានចម្ងល់ទាក់ទងរោគសញ្ញារសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
ជំងឺខ្វះជាតិស្ករក្នុងឈាមតែងកើតភ្លាមៗ និងលឿន ហេតុនេះគួរទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ក្នុងករណី៖
– ប្រទះរោគសញ្ញាខ្វះជាតិស្ករក្នុងឈាម និងគ្មានជំងឺទឹកនោមផ្អែម
– មានជំងឺទឹកនោមផ្អែម វិលមុខ ឬសន្លប់ដោយសារខ្វះជាតិស្ករ
– ទឹកនោមផ្អែម និងខ្វះជាតិស្ករ ព្យាបាលគ្មានប្រសិទ្ធិភាព។
គួរប្រាប់សមាជិកគ្រួសារពីស្ថានភាពជំងឺទឹកនោមផ្អែមរបស់យើង និងហានិភ័យ ដើម្បីការពារក្នុងករណីយើងបាត់បង់ស្មារតី ឬប្រកាច់ពេលជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
ជំងឺខ្វះជាតិស្ករក្នុងឈាម កើតឡើងពេលអាំងស៊ុយលីន និងគ្លុយកាហ្គុង បាត់បង់តុល្យភាពភាគច្រើនបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖
– ប្រើអាំងស៊ុលីនច្រើន ឬថ្នាំព្យាបាលទឹកនោមផ្អែមផ្សេងទៀត
– ញ៉ាំមិនគ្រប់គ្រាន់ ឬក្រញ៉ាំចំណី (ចូលគេងយប់ជ្រៅ)
– ហាត់ប្រាណទាំងមិនញ៉ាំអាហារគ្រប់គ្រាន់
– ញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតមិនគ្រប់គ្រាន់
– ញ៉ាំតិច
– ផឹកស្រាច្រើនពេក។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្ដាប្រឈមធ្វើឲ្យខ្វះជាតិស្ដរក្នុងឈាមមាន៖
– កើតជំងឺទឹកនោមផ្អែម និងប្រើថ្នាំព្យាបាល
– ញៀនស្រា
– ព្យាបាលជំងឺរលាកថ្លើម ឬតម្រងនោម
– មានដុំពកនាំឲ្យការបញ្ចេញអាំងស៊ុយលីនកើនឡើង
– កើតជំងឺក្រពេញអង់ដូគ្រីន ដូចជាជំងឺ Hypopituitarism ជំងឺ Addison’s disease
ក្រៅពីកត្ដាខាងលើនេះ អាចនៅមានកត្តាផ្សេងទៀតប្រឈមកើតជំងឺនេះ គប្បីទៅពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
រោគសញ្ញាទាំងអស់ ជាតម្រុយដើម្បីប្រាប់ថា យើងខ្វះជាតិស្ករក្នុងឈាម ឬអត់ ប៉ុន្តែក្នុងករណីយើងទៅពិនិត្យនៅមន្ទីរពេទ្យ គ្រូពេទ្យនឹងធ្វើតេស្ដកម្រិតជាតិស្ករក្នុងឈាម មុនញ៉ាំអាហារ និងតេស្ដឈាមដទៃទៀត ដើម្បីឲ្យដឹងថា ពិតជាខ្វះជាតិស្ករក្នុងឈាម ឬយ៉ាងណា។
៨- ព្យាបាលដោយវិធីណា?
ដើម្បីធ្វើឲ្យតុល្យភាពរវាងអាំងស៊ុយលីន និងគ្លុយកូស ប្រក្រតីវិញ គួរផ្ដល់ជាតិស្ករដល់រាងកាយភ្លាមៗតាមរយៈ៖
– ថ្នាំគ្រាប់គ្លុយកូស
– ទឹកផ្លែឈើច្របាច់
– ស្ករគ្រាប់
បន្ទាប់ពី ១៥-២០ នាទី បើកម្រិតជាតិស្ករនៅតែមិនប្រក្រតី គួរញ៉ាំចំណីសិន ចាំពិនិត្យកម្រិតជាតិស្ករក្នុងឈាមម្ដងទៀតចន្លោះ ១៥-២០ នាទីក្រោយ។ ករណីបាត់បង់ស្មារតី ឬប្រកាច់ដោយសារខ្វះជាតិស្ករក្នុងឈាម ត្រូវចាក់អ័រម៉ូនគ្លុយកាហ្គុងភ្លាមៗ។
ផ្លាស់ប្ដូររបៀបរស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាតឲ្យបានទៀងទាត់ ណែនាំដោយគ្រូពេទ្យ ឬអ្នកជំនាញខាងចំណីអាហារ។ គួរញ៉ាំកាបូអ៊ីដ្រាត ឲ្យបានគ្រប់គ្រាន់មុនហាត់ប្រាណ និងចំណីខ្លះទៀតអំឡុងពេលហាត់ប្រាណ។
– ញ៉ាំអាហារឲ្យបានលឿន បើកម្រិតជាតិស្ករធ្លាក់ចុះខ្លាំង
– ពន្យល់ប្រាប់អ្នករស់នៅ និងធ្វើការជាមួយយើង ពីស្ថានភាពជំងឺរបស់យើង និងរបៀបចាក់គ្លុយកាហ្គុង ពេលណាយើងសន្លប់។
– ពិនិត្យមើលកម្រិតជាត់ស្ករក្នុងឈាម ទៅតាមកាលវិភាគគ្រូពេទ្យកំណត់ឲ្យអ្នក។
– ត្រូវយកចិត្តទុកដាក់ជាមួយអាការៈ ខ្វះជាតិស្ករ ឬទទួលការព្យាបាលព្រោះអាចបណ្ដាលឲ្យសន្លប់ និងខូចខាតខួរក្បាល។
– កុំទាន់អស់សង្ឃឹមបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ត្រូវការពេលដើម្បីឲ្យអាំងស៊ុយលីនយើងបន្សាំខ្លួន ដោយព្យាយាមហាត់ប្រាណទៀតទាត់។
– ពិនិត្យឲ្យបានច្រើនដង និងទៀងទាត់ តាមដានការវិវត្តនៃជំងឺ និងស្ថានភាពសុខភាព។
– គោរពតាមការណែនាំរបស់គ្រូពេទ្យ សូមកុំប្រើ ឬឈប់ប្រើប្រាស់ថ្នាំដោយខ្លួនឯង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]