មានការអះអាងជាច្រើន បញ្ជាក់ថា ការញ៉ាំជាតិស្ករច្រើន មិនល្អសម្រាប់សុខភាព និងបង្កជំងឺច្រើន ពិសេសជំងឺទឹកនោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់។ ដូច្នេះ ដើម្បីបញ្ចៀសជំងឺ និងបញ្ហាសុខភាពនានា អ្នកជំនាញណែនាំឲ្យញ៉ាំស្ករក្នុងបរិមាណតិច ហើយក៏មានមនុស្សមួយចំនួន តមការញ៉ាំជាតិស្ករផងដែរ។
ការឈប់ញ៉ាំជាតិស្ករ មានផលប៉ះពាល់មួយចំនួន ទាំងវិជ្ជមាន និងអវិជ្ជមាន។ ពេលយើងឈប់ញ៉ាំជាតិស្ករ ដំបូង យើងនឹងឃ្លាន និងគិតដល់ចំណីអាហារ ដោយសារខួរក្បាលត្រូវការជាតិស្ករ ដើម្បីដំណើរការល្អ។ ក្នុងស្ថានភាពខ្សោយថាមពល ខួរក្បាលព្យាយាមរក្សាឲ្យយើងរស់រាន ដូច្នេះយើងទទួលសញ្ញាថា ខួរក្បាលត្រូវការថាមពល ដែលបានមកពីអាហារ។
បើឈប់ញ៉ាំជាតិស្ករទាំងស្រុង ខួរក្បាលនឹងក្លាយជាសីរាង្គ ដែលរងការប៉ះពាល់ជាងគេ។ ពេលនោះ យើងនឹងមានអារម្មណ៍ឆេវឆាវ ខ្សោយថាមពល និងគ្មានការផ្ដោតអារម្មណ៍ ដោយសារខួរក្បាល ពុំទទួលបានប្រភពថាមពល។ ប៉ុន្ដែ ជាបន្ដបន្ទាប់ ខួរក្បាលអាចសម្របដោយប្រើប្រភពថាមពលផ្សេងជំនួសវិញ ដែលវាអាចចំណាយពេលច្រើនថ្ងៃ ឬសប្ដាហ៍ ដើម្បីសម្របបាន។
ទោះយ៉ាងណា ការញ៉ាំស្ករតិច អាចល្អសម្រាប់បេះដូង និងក្រពះ។ សុខភាពបេះដូង អាចល្អប្រសើរក្នុងចំណោមមនុស្សមួយចំនួន ដែលកាត់បន្ថយការញ៉ាំជាតិស្ករ។ វាក៏អាចជួយដល់ស្ថានភាពផ្សេងទៀត ដូចជាបញ្ហាជាតិខ្លាញ់ក្នុងថ្លើម។ ជាមួយគ្នានេះ វាក៏ជួយដល់ការរំលាយអាហារផងដែរ ព្រោះការញ៉ាំជាតិស្ករច្រើន បណ្ដាលឲ្យមានរោគសញ្ញាពោះវៀន។ ការកាត់បន្ថយការញ៉ាំជាតិស្ករ ក៏បានធ្វើឲ្យមនុស្សមួយចំនួនស្រកទម្ងន់ផងដែរ។
អត្ថបទពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ រាងកាយខ្វះជាតិស្ករហើយ ប្រញាប់បំពេញភ្លាម
តាមពិតទៅ ការញ៉ាំជាតិស្ករ ជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម ដែលបង្កឲ្យមានការបញ្ចេញអាំងស៊ុយលីន ដែលជាអ័រម៉ូនជំរុញការបញ្ចូនជាតិស្ករទៅផ្នែកផ្សេងទៀត នៃរាងកាយ។ ការញ៉ាំ ក៏ជួយឲ្យខួរក្បាល និងសាច់ដុំនានា ដំណើការបានល្អផងដែរ ប៉ុន្ដែវាមានរយៈពេល ប្រមាណ ៩០នាទីប៉ុណ្ណោះ ដោយសារក្រោយមក ជាតិស្ករក្នុងរាងកាយយើង បានធ្លាក់ចុះវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]