ហេតុអ្វីអ្នកជំងឺជំងឺទឹកនោមផ្អែមនោមញឹក? ដើម្បីដឹងថា កើតជំងឺទឹកនោមផ្អែម ឬអត់ យើងអាចសម្គាល់បានតាមរយៈរោគសញ្ញាមួយចំនួន ដូចជា នោមញឹកខុសធម្មតា ស្រេកទឹកខ្លាំង ឃ្លានខ្លាំង ស្រកគីឡូ ហើយដើម្បីឲ្យកាន់តែច្បាស់ត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើតេស្តមើលកម្រិតជាតិស្ករក្នុងឈាម។
ចំពោះមូលហេតុដែលអ្នកជំងឺទឹកនោមផ្អែម នោមញឹកនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម ពន្យល់ថា កាលណាជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង ធ្វើឲ្យទឹកនៅក្នុងសរសៃឈាមត្រូវចាល់បញ្ចេញមកក្រៅ តាមរយៈការនោម។
នោមដើម្បីអី? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតដែលបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះ អះអាងថា នោមដើម្បីបញ្ចេញជាតិស្ករ កាលណាជាតិស្ករយើងឡើងខ្ពស់ តម្រងនោមយើងត្រូវខំធ្វើម៉េចបញ្ចេញទឹកនោមឲ្យបានច្រើន ដើម្បីបញ្ចេញជាតិស្ករ ដើម្បីឲ្យកម្រិតជាតិស្ករក្នុងឈាមចុះ។
ទោះបីជាយើងខំនោមយ៉ាងណាក៏ដោយ ក៏មិនបានជួយបានដែរ ពេលដែលយើងនោមច្រើនមានរឿងអីកើតឡើង? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតថា ធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន ធ្វើឲ្យយើងស្រេកទឹក យើងទាររកទឹកផឹក តែយើងផឹកទឹកចូលទៅក្នុងខ្លួន ជាតិទឹក ទាំងនោះមិននៅក្នុងខ្លួនទេ វាចេញអស់មកវិញ តាមរយៈការនោម ដូច្នេះអ្នកជំងឺទឹកនោមផ្អែមនោមច្រើន ផឹកច្រើន។
“អ្នកជំងឺនោមផ្អែម នោមផឹក នោមផឹក នៅតែម៉ាកង្វល់ហ្នឹង ធ្វើឲ្យខ្វះជាតិទឹក ដូចយើងរាក យើងក្អួតអ៊ីចឹង បើកាលណាស្ករចុះមកវិញ បាត់នោម គាត់ក៏បាត់ស្រេកទឹកដែរ អាហ្នឹងជាដំណើរការនៃការវិវត្តនៃជំងឺ មានតែការព្យាបាលត្រឹមត្រូវប៉ុណ្ណោះទើបអាចជួយបាន“។ លោកវេជ្ជបណ្ឌិត សេង សេរី រៀបរាប់។
ចំពោះតួលេខអ្នកកើតទឹកនោមផ្អែមនៅលើពិភពលោកវិញ បុរសកើតជំងឺទឹកនោមផ្អែមច្រើនជាងស្ត្រីបន្តិចប៉ុណ្ណោះ ដោយឡែកនៅស្រុកខ្មែរ អត្រាកើតជំងឺទឹកនោមផ្អែមរវាងបុរស និងស្ត្រី តួលេខប្រហាក់ប្រហែលគ្នា។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]