backup og meta

ស្វែងយល់ និង​ដឹងពីតិចនិកការពារខ្លួនពីជំងឺរលាកថ្លើមគ្រប់ប្រភេទ

ស្វែងយល់ និង​ដឹងពីតិចនិកការពារខ្លួនពីជំងឺរលាកថ្លើមគ្រប់ប្រភេទ

១-ព័ត៌មានទូទៅ

១.១-តើអ្វីជាជំងឺ​រលាកថ្លើមបណ្ដាលពីវីរុស?

ជំងឺរលាកថ្លើម សំដៅទៅលើការរលាកទៅលើកោសិកាថ្លើម​ និង​ខូច​ខាត​សាច់​ថ្លើម។ ជំងឺ​​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ និង​បណ្ដាល​មកពី​​មូល​ហេតុ​ជា​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​របស់​ជំងឺរលាកថ្លើមអាច​ប្រហាក់ប្រហែល​គ្នា។

​ថ្លើម​មានមុខ​ងារ ​ដូច​ជា កម្ចាត់​ជាតិ​ពុល​ក្នុង​ឈាម ជាកន្លែង​ស្តុក​វីតាមីន និង​​ផលិត​អ័រម៉ូន។ ការរលាក​ថ្លើម​អាច​បង្កផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ទាំង​អស់​នេះ និង​ធ្វើ​ឲ្យ​លេច​ចេញ​បញ្ហា​សុខ​ភាព​ជា​ច្រើន។

មូល​ហេតុ​របស់​ជំងឺ​រលាក​ថ្លើម​មាន​ច្រើន ប៉ុន្តែ​មូលហេតុ​ដែល​មាន​ច្រើន​ជាង​គេ គឺ​បណ្ដាល​មកពី​វីរុស។ អ្នក​ជំនាញ​ជឿ​ថា ​មានវីរុស​យ៉ាង​តិច ៥​ ប្រភេទដែល​អាច​បង្កឲ្យ​រលាក​ថ្លើមបាន​។ ​ប្រភេទជំងឺរលាកថ្លើម​ដែល​កើត​ច្រើន​ជាង​គេ​គឺ រលាក​ថ្លើម​ប្រភេទ A  B និង C ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

អត្ថបទពាក់ព័ន្ធ៖

១.២- ប្រភេទជំងឺរលាកថ្លើមដោយសារវីរុស

ប្រភេទ​វីរុស​រលាក​ថ្លើម​មាន​ច្រើន​ទម្រង់ តែ​ប្រភេទ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ​ចំនួន ៣ គឺ​រលាក​ថ្លើម​ប្រភេទ A  B និង C។ រាល់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​កើត​ឡើង​ស្រួច​ស្រាវ​ក្នុង​រយៈ​ពេល ៦ខែ ឬ​តិច​ជាង​នេះ។ ប៉ុន្តែ​ រលាក​ថ្លើម​ប្រភេទ B និង C អាច​កើត​ជា​ជំងឺ​រ៉ាំ​រ៉ៃ។ រាល់​ប្រភេទ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​លក្ខណៈ​ខុស​ៗ​គ្នា ប៉ុន្តែ​រោគ​សញ្ញា​​មាន​ភាព​ស្រដៀង​គ្នា។

រលាក​ថ្លើម​ប្រភេទ A

ភាគ​ច្រើន​នៃ​ជំងឺរលាក​ថ្លើម​ប្រភេទ A គឺ​មិន​សូវ​ធ្ងន់​ធ្ងរ​ទេ ហើយ​អ្នក​ជំងឺភាគ​ច្រើន​ជា​ដាច់ ហើយ​ក្រោយ​ពី​ជា​សះ​ស្បើយ ក្នុង​​ខ្លួន​អ្នកជំងឺ​ក៏​បង្កើត​អង់​ទី​ករ​ការ​ពារ​ខ្លួន​ពី​វីរុសនោះបានទៀត​ផង។ ប៉ុន្តែ​ បើ​ជំងឺនេះ​វិវត្ដ​ទៅ​មុខ រោគ​សញ្ញា​អាច​ធ្ងន់​ធ្ងរ ឬ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បានផងដែរ។

អត្ថបទពាក់ព័ន្ធ៖

រលាកថ្លើមប្រភេទ B

ជំងឺរលាកថ្លើមប្រភេទ B អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​តាម​រយៈ៖

  • រួម​ភេទ​​មិន​បាន​ការពារ​ត្រឹម​ត្រូវ ជា​មួយ​ដៃ​គូ​ផ្ទុក​មេរោគ
  • ប្រើ​ប្រាស់​ម្ជុល​រួម​គ្នា​ជាមួយ​អ្នក​មាន​ជំងឺ ហើយ​វា​ភាគ​ច្រើន​កើត​លើ​អ្នក​ប្រើ​​គ្រឿង​ញៀន ឬ​ប្រើ​​ថ្នាំ​ស្តេរ៉ូអ៊ីត។
  • ចាក់​សាក់​ដោយ​ម្ជុល​មិន​បាន​សម្លាប់​មេរោគ
  • ប្រើ​ប្រាស់​របស់​រួម​គ្នា មាន​ដូច​ជា ​ច្រាសដុស​ធ្មេញ ឬ​ប្រដាប់​កោរ​ពុក​មាត់ ជាមួយ​អ្នក​មាន​ផ្ទុកមេរោគ
  • ទារក​ឆ្លង​ពី​ម្ដាយ​មាន​ផ្ទុក​មេរោគ

ជំងឺរលាក​ថ្លើម​ប្រភេទ B ធ្វើឲ្យថ្លើម​របស់​អ្នក​ជំងឺ​ឡើង​ហើម ដែល​​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​សាច់​ថ្លើម​ធ្ងន់​ធ្ងរ។ រលាកថ្លើមប្រភេទ B អាច​ក្លាយ​ជា​​ជំងឺ​រ៉ាំ​រៃ៉ ដែល​​នឹង​បណ្ដាល​ឲ្យ​មាន​ផល​លំបាក​ មា​នដូច​ជា មា​ន​ស្នាម​ផ្លែ ឬក្រិន​សាច់​ថ្លើម។ ជំងឺនេះក៏​បណ្ដាល​ឲ្យ​កើត​ជា​​ជំងឺ​មហារីក​មួយ​មាន​ឈ្មោះ​ថា hepatocellular carcinoma។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​វិធី​ព្យាបាល​​ជំងឺរលាក​ថ្លើម​ប្រភេទ B ឲ្យ​ជា​ដាច់​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ ចំនួន​អ្នក​កើត​មាន​ការ​ថយ​ថុះក្នុង​ប្រទេស​មាន​វ៉ាក់​សាំង ដែល​មាន​ប្រសិទ្ធ​ភាព​ការពារ​ជាមួយ​វីរុស​បាន​រហូត​ដល់ ៩៥ ភាគ​រយ។

រលាកថ្លើមប្រភេទ C

រលាក​ថ្លើម​ប្រភេទ C អាច​ធ្វើ​ឲ្យ​សាច់​ថ្លើម​ហើម និង​ខូច​ខាត។ បើ​យោង​តាម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​អ្នក​កើត​​ជំងឺ​​រលាក​ថ្លើម​ប្រភេទ C ម្នាក់​ក្នុង​ចំណោម ៤ នាក់ មាន​​ជំងឺ​ក្រិន​ថ្លើម ដែល​វា​អាច​បណ្ដាល​ឲ្យ​កើត​ជា​​ជំងឺមហារីក​ថ្លើម។

​ជំងឺរលាក​ថ្លើម​ប្រភេទ C អាច​ឆ្លង​តាម​រយៈ៖

  • ការ​វះ​កាត់​ប្ដូរ​សរីរាង្គ
  • ប្រើ​ប្រាស់​ម្ជុល ឬ​សឺរ៉ាំង​​រួម​គ្នា​ជាមួយ​អ្នក​​ជំងឺ
  • ទារក​ឆ្លង​ពី​ម្ដាយ​មាន​ផ្ទុក​មេរោគ

អត្ថបទពាក់ព័ន្ធ៖ 

២-ស្វែងយល់អំពីរោគសញ្ញាជំងឺរលាកថ្លើម

២.១-តើរោគសញ្ញារបស់​ជំងឺ​រលាកថ្លើមមានអ្វីខ្លះ?

អ្នក​​ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ទាំង​អស់ អាច​មាន​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ពេល​មាន​ចេញ​ជា​រោគ​សញ្ញាអាច​មាន​រយៈ​ពេល​ចាប់​ពី ១៥ ថ្ងៃ រហូត​ដល់ ១៨០ ​ថ្ងៃ បន្ទាប់​ពី​មាន​មេរោគ​ឆ្លង​ចូល​ក្នុង​ខ្លួន អាការៈនេះគឺ​ដូច​គ្នា​ជាមួយ​​ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ។

វគ្គ​ដំបូង​នៃ​​ជំងឺ​រលាក​ថ្លើម គឺ​ជា​វគ្គ​ស្រួច​ស្រាវ។ រោគ​សញ្ញា​របស់​ជំងឺរលាកថ្លើម​​ស្រដៀង​គ្នា​ជាមួយ​ជំងឺ​គ្រុន​ផ្ដាសាយ​ដែរ ដែល​អាច​មាន​សញ្ញា​ដូច​ជា៖

  • រាក
  • អស់​កម្លាំង
  • មិន​ចង់​ញ៉ាំ​អាហារ
  • ក្ដៅ​ខ្លួន​តិច​តួច
  • ឈឺ​តាម​សន្លាក់ ឬ​សាច់​ដុំ
  • ចង្អោរ
  • ឈឺ​ពោះ​តិច​តួច
  • ក្អួត
  • ស្រក​គីឡូ
  • ស្បែក​ឡើង​លឿង

វគ្គ​ស្រួច​ស្រាវ​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ ប៉ុន្តែ​មាន​អ្នក​​ជំងឺ​មួយ​ចំនួន​អាច​ក្លាយ​ទៅ​ខូច​ថ្លើម​ភ្លាម​ៗ​ និង​បណ្ដាល​ឲ្យ​​ស្លាប់បាន​ ​ក៏​អាច​វិវត្ដ​ទៅ​ជា​រ៉ាំ​រ៉ៃ ដែល​ភាគ​ច្រើន​​ជា​ជំងឺរលាក​ថ្លើម​ប្រភេទ B និង C។

រលាក​ថ្លើម​រ៉ាំរ៉ៃអាច​ធ្វើ​ឲ្យ​ខូច​ថ្លើម ជា​លទ្ធ​ផល​អ្នក​​ជំងឺនឹង​មាន​សញ្ញា​ស្បែក​ឡើង​លឿង ហើម​តាម​ផ្នែក​ចុង​ៗ​នៃ​អវយវៈ វង្វេង​វង្វាន់ និង​មាន​ឈាម​ក្នុង​លាមក ឬ​តាម​កំអួត។

បន្ទាប់​មក​អ្នកជំងឺ​អាច​មាន​សញ្ញា៖

  • ទឹក​នោម​ពណ៌​ខ្មៅ
  • ឡើង​កន្ទួល​ក្រហម
  • រមាស់​ស្បែក
  • លាមក​មាន​ពណ៌​ស្លេក
  • ស្បែក​ឡើង​លឿង ស​ក្នុង​​ភ្នែក និង​អណ្ដាត​

អ្នក​ជំងឺ​ជា​ច្រើន មិន​បាន​ដឹង​ថា​ខ្លួន​មាន​ជំងឺរលាក​ថ្លើម​រ៉ាំ​រ៉ៃ​ទេ រហូត​ដល់​ថ្លើម​អ្នកទាំងនោះខូច​ខាត​ទើប​ដឹង។

អត្ថបទពាក់ព័ន្ធ៖ 

៣-មកដឹងអំពីមូលហេតុជំងឺរលាកថ្លើម

៣.១-តើមូលហេតុរបស់​ជំងឺរលាកថ្លើមមានអ្វីខ្លះ?

ជំងឺរលាក​ថ្លើម​មាន​ចំនួន​ ៣ ប្រភេទ កើត​ច្រើន​ជាង​គេ ហើយ​ជំងឺទាំងនេះ​គឺ​សុទ្ធ​តែ​បណ្ដាល​មក​ពី​វីរុស​ទាំង​អស់។ ជំងឺ​រលាក​ថ្លើម​ប្រភេទ A គឺ​បណ្ដាល​មក​ពី​ញ៉ាំ​ទឹក ឬ​ចំណី​អាហារ​មា​នផ្ទុក​មេរោគ​រលាក​ថ្លើម​ប្រភេទ A។ វីរុស​នេះ​ក៏​អាច​ឆ្លង​តាម​រយៈ​ផ្លូវ​លាមក​-មាត់ ឆ្លង​តាម​ការ​​រួម​ភេទ ឬ​តាម​ការ​ចាក់​ថ្នាំ​ញៀន។

​ជំងឺ​រលាក​ថ្លើម​ប្រភេទ B បង្ក​ឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ B ដែល​វា​អាច​ឆ្លង​តាម​ការ​ប៉ះ​ពាល់​ជាមួយ​ឈាម ទឹក​កាម និង​សារធាតុ​រាវ​ក្នុង​ខ្លួន​អ្នក​ដទៃ​ផ្សេង​ទៀត ពោលគឺ​អាច​ឆ្លង​បាន​ដូច​ជំងឺកាម​រោគ​ដែរ។

​ជំងឺរលាក​ថ្លើម​ប្រភេទ C ភាគ​ច្រើន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ចម្លង​រោគ​តាម​ស្បែក ​ដែលកើត​ឡើង​នៅ​ពេល​វីរុស​អាច​ចូល​តាម​ស្បែក​បាន។ ជា​ទូទៅ ​ជំងឺនេះឆ្លង​តាម​ការ​ចាក់​ថ្នាំ​ញៀន និង​ឆ្លង​តាម​ប្រព័ន្ធ​សុខា​ភិបាល​ដែល​មិន​មាន​ការ​គ្រប់​គ្រង​បាន​ត្រឹម​ត្រូវ។ ប៉ុន្តែ​ វីរុស​រលាក​ថ្លើម​ប្រភេទ C មិន​អាច​ឆ្លង​តាម​លាមក​បាន ហើយ​បើ​ឆ្លង​តាម​ការ​រួម​ភេទ​វិញ ក៏​មាន​​កម្រិត​តិច​ជាង​វីរុស​រលាក​ថ្លើម​ប្រភេទ​ផ្សេង​ដែរ។

គ្រឿង​ស្រវឹង ថ្នាំពេទ្យ ធាត់​លើស​ទម្ងន់ និង​ការ​ប៉ះ​ពាល់​ជាមួយ​សារធាតុ​គីមី មិន​មែន​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A  B ឬ C ឡើយ ប៉ុន្តែ​​អាច​ធ្វើ​ឲ្យ​ថ្លើម​រលាក​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​រោគ​សញ្ញា​កើត​ឡើង​កាន់​តែ​ធ្ងន់​ធ្ងរ។

៤-ស្វែង​យល់​អំពី​ការ​ព្យាបាលជំងឺរលាកថ្លើម

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​ខាងក្រោមនេះ។

៤.១-តើគេធ្វើរោគវិនិច្ឆ័យ​ជំងឺរលាកថ្លើមដូចម្ដេច?

ដោយ​សារ​តែ​រោគ​សញ្ញា​ស្រដៀង​គ្នា​ជាមួយ​​ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ ដូច​នេះ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ប្រភេទ និង​កម្រិត​នៃ​​ជំងឺរលាក​ថ្លើម​បាន​តាម​ធ្វើ​តេស្ដ​នៅ​មន្ទី​រពិសោធន៍។ គ្រូពេទ្យ​នឹង​ពិនិត្យ​ដង​ខ្លួន និង​សាក​សួរ​អំពី​ប្រវត្ដិ​ជំងឺ​ដើម្បី​​រក​មើល​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​ជំងឺរលាក​ថ្លើម។

ប្រសិន​បើ​អ្នក​ជំងឺបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រៅ​ថ្មី​ៗ គ្រូពេទ្យ​អាចសង្ស័យថា​អ្នកជំងឺ​មាន​ជំងឺរលាក​ថ្លើម​ប្រភេទ A ចំណែក​ការ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការ​ពារ គ្រូពេទ្យអាច​សង្ស័យថា​អ្នកជំងឺអាច​ឆ្លង​វីរុស​រលាក​ថ្លើម​ប្រភេទ B បាន។

គ្រូពេទ្យ​​ធ្វើ​តេស្ដ​ដូច​ខាង​ក្រោម​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ៖

  • តេស្ដ​ឈាម៖ គ្រូពេទ្យ​បូម​ឈាម​ធ្វើ​តេស្ដ​ដើម្បី​ចង់​ដឹងថា អ្នក​​ជំងឺ​បាន​បង្កើត​អង់​ទី​ករ​ទៅ​ប្រយុទ្ធ​ជាមួយ​ជំងឺ និង​អាច​ពិនិត្យ​មើល​មុខ​ងារ​ថ្លើម តាម​រយៈ​ការ​វាស់​កម្រិត​ប្រូតេអ៊ីន និង​អង់​ស៊ីម​​របស់​ថ្លើម។
  • តេស្ដ​អាស៊ីត​នុយក្លេ​អ៊ិក៖ សម្រាប់​រលាក​ថ្លើម​ប្រភេទ B និង C ការ​ធ្វើ​តេស្ត​ HBV DNA ឬ HCV RNA អាច​បញ្ជាក់​អំពី​ល្បឿន​នៃ​ការ​វិវត្ដ​របស់​វីរុស​ក្នុង​ថ្លើម ហើយ​​ក៏​បង្ហាញ​អំពី​​ជំងឺមាន​សកម្មភាព​កម្រិត​ណា។
  • ច្រឹប​សាច់​ថ្លើម​ពិនិត្យ៖ ការ​ពិនិត្យ​នេះដើម្បី​វាស់​មើល​ការ​ខូច​ខាត​នៃ​ថ្លើម និង​អត្រា​ដែល​អាច​កើត​ជា​ជំងឺមហារីក។
  • បូម​ទឹក​ស្រោម​ពោះ៖ ការ​បូម​ទឹក​ស្រោម​ពោះ​យក​ទៅ​ពិនិត្យ ដើម្បី​រក​មើល​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ទឹក​ក្នុង​ស្រោម​ពោះ។
  • Elastography៖ ដើម្បី​វាស់​កម្រិត​រឹង​នៃ​ថ្លើម​ តាម​រយៈ​ការ​បាញ់​រលក​សំឡេង។
  • Surrogate markers៖ ជា​តេស្ដ​ឈាម​មួយ​ប្រភេទ ដែល​អាច​ឲ្យ​យើង​ដឹង​អំពី​ការ​វិវត្ដនៃ​ជំងឺ​ក្រិន​ថ្លើម និង​ fibrosis ។

៤.២- តើគេព្យាបាល​ជំងឺរលាកថ្លើមដូចម្ដេច?

​​ជំងឺរលាក​ថ្លើម​ប្រភេទ​មួយ​ចំនួន អាច​ជា​ទៅ​វិញ​ដោយខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ​ក៏អាច​វិវត្ដ​ទៅ​ជា​ស្នាម​ផ្លែ​លើ​សាច់​ថ្លើម ឬ​ក្លាយ​ទៅ​ជា​ក្រិន​ថ្លើម។

រលាក​ថ្លើម​ប្រភេទ A

ជំងឺរលាកថ្លើមប្រភេទ A ​មិន​មាន​វិធី​ព្យាបាល​ច្បាស់​លាស់​នៅឡើយទេ។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺកាត់​បន្ថយ​ការ​ផឹក​គ្រឿន​ស្រវឹង និង​ថ្នាំ​ញៀន នៅ​អំឡុង​ពេល​ថ្លើម​កំពុង​ជា​សះ​ស្បើយ។ អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ភាគ​ច្រើន​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

រលាក​ថ្លើម​ប្រភេទ B

អ្នក​​ជំងឺរលាក​ថ្លើម​ប្រភេទ B ត្រូវ​សម្រាក និង​បញ្ឈប់​ផឹក​គ្រឿង​ស្រវឹង។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជ​បញ្ជា​ថ្នាំ​សម្លាប់​វីរុស​ឲ្យ​អ្នក​ជំងឺលេប មាន​​ឈ្មោះ​ថា interferon ឬប្រើ​ប្រាស់​វិធី​កម្ចាត់វីរុស​ប្រភេទ​ផ្សេង​ទៀត។

រលាក​ថ្លើម​ប្រភេទ C

អ្នក​​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ត្រូវ​លេប​ថ្នាំ​ប្រឆាំង​វីរុស​តាម​វេជ្ជបញ្ជា ដោយ​លេប​ជាមួយ ឬ​គ្មាន ribavirin ជាមួយ។

មាន​ថ្នាំ​ប្រឆាំង​វីរុស និង​វិធី​ព្យាបាល​ចូល​គ្នា​ដើម្បី​សម្លាប់​វីរុស​សម្រាប់​យក​មក​ព្យាបាល​ជំងឺរលាក​ថ្លើម​ប្រភេទ C ទៅ​តាម​ប្រភេទ​តូច​ៗ​។ ការ​ព្យាបាល​គឺ​ដើម្បី​ទប់​ស្កាត់​ការ​បង្កកំណើត​របស់​វីរុស និង​ការ​ពារ​កុំ​ឲ្យ​វីរុស​បំបែក​ខ្លួន​បាន។ វិធី​ព្យាបាល​មួយ​នេះ​គឺ​មាន​អត្រា​ជា​សះ​ស្បើយ​ខ្ពស់ ប្រសិន​បើ​អ្នក​ជំងឺ​អនុវត្ដ​បាន​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖

៥- ការការពារជំងឺរលាកថ្លើម

៥.១- វិធីអ្វីខ្លះអាចជួយការពារពី​ជំងឺរលាកថ្លើមបាន?

​ជំងឺ​រលាក​ថ្លើម​អាច​មា​នគ្រោះ​ថ្នាក់ និង​ពិបាក​ក្នុង​ការ​ព្យាបាល ប៉ុន្តែគ្រូពេទ្យ​ណែ​នាំ​ឲ្យ​​មនុស្ស​គ្រប់​រូប​យក​ចិត្ដ​ទុក​ដាក់ចំពោះ​ការ​ឆ្លង​មេរោគ។

ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A

វីរុស​រលាក​ថ្លើម​ប្រភេទ A ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ចំណី​អាហារ និង​ទឹក​មាន​ផ្ទុក​វីរុស។ វិធី​មួយ​ចំនួន​ខាង​ក្រោម​អាច​ជួយ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ ជា​ពិសេស​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

  • លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក ឬ​មុន​ពេល​ញ៉ាំ​អាហារ
  • ញ៉ាំ​តែ​អាហារ​ចម្អិន​ថ្មី​ៗ
  • ផឹក​តែ​ទឹក​មាន​អនាម័យ ឬ​ទឹក​ដាំ​ពុះ ប្រសិន​បើ​យើង​មិន​ទុក​ចិត្ដ​លើ​ទឹក​ស្អាត
  • កាត់​បន្ថយ​ការ​ញ៉ាំ​បន្លែ​ឆៅ ឬ​ផ្លែ​ឈើ​ចិត​រួច ប្រសិន​បើ​យើង​ស្ថិត​នៅ​តំបន់​ដែល​មាន​អនាម័យ​មិន​ល្អ
  • ទទួល​វ៉ាក់​សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្ទុះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A។

ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B

ដើម្បី​កាត់​បន្ថយ​អត្រា​​ឆ្លង៖

  • ត្រូវ​ដឹង​ថា​ដៃ​គូយើង​មាន​ផ្ទុកជំងឺឬ​អត់
  • ត្រូវ​ប្រើ​ស្រោម​អនាម័យ​រាល់​ពេល​រួម​ភេទ
  • ប្រើ​តែ​ម្ជុល​ថ្មី មិន​​មែន​ប្រើ​ប្រាស់​រួច និង​ម្ជុល​ដែល​ស្អាត
  • មិន​ត្រូវ​ប្រើ​ច្រាសដុស​ធ្មេញ ឬ​ប្រដាប់​កោរ​ពុក​មាត់ និង​ប្រដាប់​កាត់​ស្បែក​ ឬ​ក្រចក​​រួម​គ្នា
  • ចាក់​វ៉ាក់​សាំង HBV ប្រសិន​បើ​យើងប្រឈម​ជាមួយ​​ជំងឺមួយ​នេះ។

ការពារ​ជំងឺរលាក​ថ្លើម​ប្រភេទ​ C

វិធី​មួយ​ចំនួន​ខាង​ក្រោម​អាច​ជួយ​កាត់​បន្ថយ​ការ​ចម្លង HCV បាន៖

  • មិន​ត្រូវ​ប្រើ​ច្រាស​ដុស​ធ្មេញ ប្រដាប់​កោរ​ពុក​មាត់​ និង​ប្រដាប់​កាត់​ស្បែក ​ឬ​ក្រចក​រួម​គ្នា
  • ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច។

​ជំងឺរលាក​ថ្លើម​ប្រភេទ A និង C អាច​ព្យាបាល​បាន ប៉ុន្តែ​រលាក​ថ្លើម​ប្រភេទ B គឺ​យើង​អាច​ការពារ​ដោយ​ការ​ចាក់​វ៉ាក់​សាំង​បាន។ អ្នកជំនាញវេជ្ជសាស្រ្ត​កំពុង​​សិក្សា​អំពី​វិធី​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ប៉ុន្តែ​យើង​​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Viral Hepatitis? | NIDDK https://www.niddk.nih.gov/health-information/liver-disease/viral-hepatitis/what-is-viral-hepatitis (accessed Oct 31, 2019).
What is Viral Hepatitis? | Division of Viral Hepatitis | CDC https://www.cdc.gov/hepatitis/abc/index.htm (accessed Oct 31, 2019).
Viral Hepatitis: Background, Pathophysiology, Etiology https://emedicine.medscape.com/article/775507-overview (accessed Oct 31, 2019).

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម